ព្រះពុទ្ធបដិមារាប់ម៉ឺនអង្គដែលដាក់ស្ទើរពេញភ្នំ កំពុងផ្អើលភ្ញៀវចូលទស្សនាភ្លូកទឹកភ្លូកដី (វីដេអូ)

ការ​តម្រៀប​ពុទ្ធបដិមា​លើ​ជម្រាល​ភ្នំ​ គឺ​តាម​ការ​គ្រោង​ទុក​ ៨៤ ០០០ អង្គ បាន​ក្លាយ​ទៅ​ជា​ទី​ចាប់​អារម្មណ៍​ភ្ញៀវ​ទេសចរ ជាពិសេស​ពុទ្ធបរិស័ទ ទៅ​ធ្វើ​បុណ្យ​ឥត​ដាច់​ នៅ​វត្ត​ពុទ្ធ​គិរី​កម្ពុជា។ វត្ត​នេះ​ស្ថិត​នៅ​ភូមិ​ត្រពាំង​ស្ការ ឃុំ​ត្រពាំង​ក្រញូង ខេត្ត​តាកែវ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ ៣ មក​ដល់​ផ្លូវ​បំបែក អង្គតាសោម បត់​ស្ដាំ​ប្រមាណ​ជា ៤០ គីឡូ​ទៀត នឹង​ទៅ​ដល់​វត្ត​នេះ​មិន​ខាន។

សព្វថ្ងៃ​នេះ វត្ត​ពុទ្ធ​គិរី​កម្ពុជា បាន​កសាង​​ព្រះពុទ្ធ​រូប​ប្រមាណ​ជា ២ម៉ឺន​អង្គ​រួច​ហើយ ដោយ​មិន​ទាន់​រាប់​បញ្ចូល​ពុទ្ធ​បរិស័ទ​ជិត​ឆ្ងាយ​ជាវ​ព្រះពុទ្ធ​រូប​អង្គ​តូច-ធំ ជាហូរហែ​ទៀត នៅឡើយ។

អ្នក​នាង កាកា រស់​នៅ​ភ្នំពេញ ដែល​បាន​ទៅ​ទស្សនា​ និង​ធ្វើ​បុណ្យ​នៅ​វត្ត​គិរី​កម្ពុជា​នេះ បាន​ប្រាប់ Sabay ថា ដើម​ឡើយ​ឃើញ​មាន​ការ​បង្ហោះ​រូបភាព​ និង វីដេអូ​ជាច្រើន​លើ​បណ្ដាញ​សង្គម​ហ្វេសបុក ម៉្លោះ​ហើយ​ក៏​បាន​ទៅ​ទស្សនា​ផ្ទាល់​ ឃើញ​ថា ពិត​ជា​មាន​ព្រះពុទ្ធរូប​ច្រើន​អង្គ​តម្រៀប​នៅ​លើ​ជម្រាល​ភ្នំ ដែល​មើល​ទៅ​ស្រស់​ស្អាត និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ។

«ខ្ញុំ​មាន​សទ្ធា​ជ្រះ​ថ្លា ដោយ​បាន​ជាវ​ព្រះពុទ្ធរូប​អង្គ​តូច​តម្លៃ ២០ដុល្លារ ដើម្បី​ភ្ជាប់​និស្ស័យ​នៅ​ទី​នេះ​ផង ក្នុង​វិស័យ​ព្រះ​ពុទ្ធសាសនា​ផង»។អ្នក​នាង​កាកា បន្ថែម។

ក្នុង​ន័យ​កសាង​ព្រះពុទ្ធ​បដិមា​ចំនួន ៨៤ ០០០ អង្គ​នេះ គឺ​ប្រតិស្ថាន​ឡើង​ដើម្បី​ឧទ្ទិស​ចំពោះ​ព្រះធម៌​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​ម្ចាស់​បាន​ទ្រង់​ត្រាស់​សម្ដែង​ទុក​ក្នុង​គម្ពីរ​ព្រះ​ត្រៃបិដក​ចំនួន ៨៤ ០០០ ព្រះ​ធម្មក្ខន្ធ​ ដែល​មាន​បិដក​សរុប ១១០ ក្បាល បែងចែក​ជា​បី​ផ្សេង​គ្នា មាន​ព្រះ​វិន័យ ព្រះ​សូត្រ និង​ព្រះ​អភិធម្ម សម្រាប់​បូជា​តំណាង​ឲ្យ​ព្រះពុទ្ធ​រូប​មួយ​ព្រះអង្គ​សម្រាប់​តំណាង​ឲ្យ​មួយ​ព្រះ​ធម្មក្ខន្ធ​​ផងដែរ៕

តោះមកទស្សនាវីដេអូទាំងអស់គ្នា៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay