តោះមកស្គាល់ប្រវត្តិតស៊ូកំពូលតារាចម្រៀងថៃដ៏ល្បី Yinglee ដែលមកជួបអ្នកគាំទ្រនៅកម្ពុជាថ្ងៃស្អែក

Yinglee គឺ​ជា​តារា​ចម្រៀងដែល​ប្រិយមិត្ត​ជា​ច្រើន​​នៅ​ប្រទេស​ថៃ​ និង​កម្ពុជា​ស្គាល់​តាម​រយៈ​បទ “Your Heart for My Number” ដ៏​ល្បី​ប្រចាំ​ឆ្នាំ​២០១៣ និង​មាន​ទទួល​បាន​ការ​ចូល​មើល​ជិត​២០លាន​ដង លើ​បណ្ដាញ​សង្គម​ YouTube។ Sabay បាន​ឮ​ដំណឹង​ថា​សំណព្វ​ចិត្ត​យុវវ័យ​រូប​នេះ នឹង​ត្រៀម​មក​កម្ពុជា​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ ​ដូច្នេះ​តោះ​ទៅ​ដឹង​រឿង​រ៉ាវ​សំខាន់ៗរបស់​នាង​ទាំង​អស់​គ្នា៖

១/ ប្រវត្តិ​ទូ​ទៅ

ស្រី​ស្អាត​រូប​នេះ​មាន​​ឈ្មោះ​ពិត​ថា Yinglee Srijumphon និង​​ត្រូវ​បាន​គេ​ស្គាល់​ក្នុង​វិស័យ​សិល្បៈ​ថា​ជា​តារា​ចម្រៀង និង​រាំ Yinglee Sijumpol ជា​​អតីត​កូន​កសិករ​​កើត​​ក្នុង​ថ្ងៃ ២៧ មិនា ១៩៨៥ នៅ​​ខេត្ត Buri Ram ប្រទេស​ថៃ។

២/ មូលហេតុ​នាំ​ឲ្យ​ចេះ​ច្រៀង

Yinglee និយាយ​ថា​បំណង​ចង់​ក្លាយ​ជា​តារា​ចម្រៀង​នេះ​គឺ​កើត​មក​ពី​ឪពុក​របស់​នាង។ ត្បិត​លោក​ច្រៀង​មិន​ពីរោះ​ តែ​គាត់​តែង​តែ​បើក​ចម្រៀង​ឮៗ​រាល់​ថ្ងៃ​រហូត​ដល់​នាង​ចាំ​ប៉ារ៉ូល និង​ហាត់​ច្រៀង​តាម​តែ​ម្ដង។

៣/ មិន​មែន​ជា​សិស្ស​ពូកែ តែ​ចម្រៀង​បាន​ជួយ​នាង

Yinglee ជា​មនុស្ស​មាន​ការ​ចង​ចាំ​ល្អ តែ​នាង​ចាំ​សម្រាប់​តែ​ប៉ារ៉ូល​ចម្រៀង​ប៉ុណ្ណោះ។ ពេល​នាង​បាន​ពិន្ទុ​មិន​ល្អ គ្រូ​របស់​នាង​តែង​តែ​ហៅ​នាង​ឡើង​ច្រៀង ដើម្បី​​បន្ថែម​ពិន្ទុ​ឲ្យ។ នៅ​វ័យ​១៤​ឆ្នាំ នាង​បាន​ចូល​រៀន​ថ្នាក់​ចម្រៀង ជា​មួយ​គ្រូ​ដែល​បើក​ក្រុម​តន្រ្តី​ប្រចាំ​សាលា។

រឿង​ដែល​ធ្វើ​ឲ្យ Yinglee សប្បាយ​ចិត្ត​បំផុត​គឺ​ឃើញ​អ្នក​គាំទ្រ​ពេញ​ចិត្ត​ការ​សម្ដែង និង​ច្រៀង​​របស់​នាង ព្រោះ​វា​បាន​ផ្ដល់​ទំនុក​ចិត្ត​កាន់​តែ​ខ្ពស់​មក​កាន់​រូប​នាង ឲ្យ​រឹត​តែ​ប្រឹង​ប្រែង​លើ​វិស័យ​នេះ។

៤/ ទុក្ខ​ជាន់​លើ​ទុក្ខ

នៅ​អាយុ​២០​ឆ្នាំ នាង​បាន​សហការ​ជា​មួយ​កវី​ម្នាក់​ដើម្បី​ផលិត​ចម្រៀង​​​បែប​​​ប្រជាប្រិយ​ដំបូង​បំផុត​​​ក្នុង​ជីវិត តែ​បទ​នោះ​ត្រូវ​​បាន​ក្រសួង​វប្បធម៌​ប្រចាំ​ប្រទេស​ថៃ​បិទ ក្រោម​មូល​ហេតុ​ថា​ ទំនុក​ច្រៀង​​អសិលធម៌ និង​ប្រាសចាក​គុណ​តម្លៃ​នៃ​ទំនៀមទម្លាប់​​​ជាតិ។ នាង​បាន​ឲ្យ​ដឹង​ថា គ្រា​នោះ​នាង​ពិត​ខូច​ចិត្ត​ណាស់ ត្បិត​មាន​អាល់ប៊ុម​ចេញ​ហើយ បែ​រ​ជា​គ្មាន​ឱកាស​បាន​ល្បី​ទៅ​វិញ។ ឧបសគ្គ​នេះ​មិន​បាន​បញ្ឈប់​នាង​ឡើយ ដោយ​នាង​តែ​ប្រាប់​ខ្លួន​ឯង​ថា ប្រហែល​វា​មិន​ទាន់​ជា​ពេល​វេលា​ស័ក្ដិសម។ រហូត​​ដល់​វ័យ​២៥​ឆ្នាំ Ying Lee បាន​ចាយ​លុយ​ទាំង​អស់​បើក​ហាង​សាឡន​មួយ តែ​សំណាង​អាក្រក់​អាជីវកម្ម​នោះ ដំណើរ​ការ​មិន​ល្អ ​ហើយ​​មិត្តភ័ក្ដិ ​ទាំង​អស់​បាន​បែរ​ខ្នង​ដាក់​នាង។

ពេល​នោះ​ហើយ​ដែល​តារា​វ័យ​៣៣​ឆ្នាំ​ខាង​លើ មាន​អារម្មណ៍​ឯកា​បំផុត។ នាង​បាន​យំ​ហើយ យំទៀត​ដោយ​មិន​ខ្មាស​អ្នក​ណា​ទាំង​អស់ ព្រោះ​ទង្វើ​នេះ​អាច​ធ្វើ​ឲ្យ​រូប​នាង​កាត់​បន្ថយ​ទុក្ខ​កង្វល់​ទាំង​ឡាយ​បាន។ នៅ​ពេល​ដែល​​​យំ​លែង​ចេញ នាង​បាន​លួង​ខ្លួន​ឯង​ជា​មួយ​អាហារ​ឆ្ងាញ់ៗ និង​បន្ត​ដំណើរ​ថ្ងៃ​ថ្មី​ទៅ​មុខ​ទៀត។ ​

៥/ ពន្លឺ​ក្នុង​អាជីព

ក្រោយ​មក​ខាង​ផលិត​កម្ម​ Grammy Gold បាន​ប្រកាស​ជ្រើសរើស​អ្នក​ចម្រៀង​ប្រជាប្រិយ​។ នាង​សម្រេច​ចិត្ត​ចូល​ប្រលង​នៅ​ទី​នោះ ហើយ​ក៏​ជាប់​ឈ្មោះ​ជា​អ្នក​ចម្រៀង​​ផ្នែក​ប្រជាប្រិយ​ពេញ​សិទ្ធ​ ថែម​ទាំង​មាន​ចេញ​ចម្រៀង និង​ MV ជា​ហូរហែ​ទៀត​ផង។

៦/ ១​បទ​ផ្លាស់​ប្ដូរ​ជីវិត

“Kor Jai Ter Leak Ber Toe” ឬ “Your Heart is My Number” បាន​ផ្លាស់​ប្ដូរ​ជីវិត​នាង​ទាំង​ស្រុង។ វា​បាន​ឡើង​ដល់​តារា​កំពូល​នៃ​កម្មវិធី​​វិទ្យុ 90FM’s top 20 chart និង​ការ​គាំទ្រ​ខ្លាំង​បន្ទាប់​ពី​ចេញ​វីដេអូ​លើ​ YouTube ហើយ​ត្រូវ​បាន​គេ​យក​ទៅ Cover ពាស​ពេញ​បណ្ដាញ​សង្គម​ទៀត។

“២០១៣​គឺ​ជា​ឆ្នាំ​មាស​របស់​ខ្ញុំ ខ្ញុំ​បាន​ផ្លាស់​​ប្ដូរ​ពី​ការ​ដើរ​លើ​ដី​ដាំ​ដំណាំ មក​ជាន់​លើ​កម្រាល​ព្រំ​ពណ៌​ក្រហម។ ខ្ញុំ​គិត​ថា​ខ្លួន​មក​ដល់​ចំណុច​ខ្ពស់​បំផុត​ក្នុង​អាជីព​ហើយ តែ​ក៏​​រំលឹក​ប្រាប់​ខ្លួន​ឯង​ដែរ​ថា អ្វី​ទាំង​នេះ​អាច​ផ្លាស់​ប្តូរ​គ្រប់​ពេល” នាង​ថ្លែង “ខ្ញុំ​ខំ​ប្រឹង​ច្រៀង​​ដូច​រាល់​ថ្ងៃ​នេះ​ មិន​មែន​ដោយ​សារ​ខ្ញុំ​ចង់​ក្លាយ​ជា​អ្នក​មាន​នោះ​ទេ តែ​ព្រោះ​ខ្ញុំ​ចូល​ចិត្ត​ច្រៀង និង​ចង់​ឲ្យ​អ្នក​ជុំ​វិញ​ខ្លួន​សប្បាយ​ចិត្ត” ។

ឆ្លង​កាត់​​បទ​ពិសោធន៍​បរាជ័យ​ជោកជាំ Yinglee បន្ថែម​ថា បើ​ពេល​នេះ​​ជីវិត​នាង​ស្រាប់​តែ​ផ្លាស់​ប្ដូរ​​ទៅ​​រស់​នៅ​ជនបទ​ជា​មួយ​ឪពុក​ម្ដាយ​វិញ​ក៏​មិន​​ថ្វី​ដែរ ត្បិត​នាង​​បាន​ត្រៀម​ខ្លួន​រួច​ជានិច្ច​៕

បទចម្រៀងដ៏ពេញនិយមរបស់កញ្ញា៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay