អបអរសាទរ! ស្ថានីយ​រថភ្លើង​កម្ពុជា-ថៃនៅប៉ោយប៉ែត ជិតបើកដំណើរការផ្លូវការហើយ

លោក Arkhom Termpittayapaisith រដ្ឋមន្ត្រី​ក្រសួង​ដឹក​ជញ្ជូន​របស់​ប្រទេស​ថៃ បាន​និយាយ​ថា ​ផ្លូវ​ដែក​រវាង​ប្រទេស​ថៃ និង​កម្ពុជា តាម​រយៈ​ស្រុក Aranyaprathet នៃ​ខេត្ត Sa Kaeo ចូល​មក​ស្ថានីយ​រថភ្លើង​ប៉ោយប៉ែត អាច​ត្រូវ​បើក​ដំណើរការ​ក្នុង​រយៈពេល ២ ខែ​ទៀត​ប៉ុណ្ណោះ។

រដ្ឋ​មន្ត្រី​ខាង​លើ​បាន​ធ្វើ​ការ​អត្ថាធិប្បាយ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់​ពី​ប្រតិភូ​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​កម្ពុជា បាន​ទៅ​ធ្វើ​ទស្សនកិច្ច​ក្រសួង​ដឹក​ជញ្ជូន​ថៃ ដើម្បី​ពិភាក្សា​ពី​ផែនការ​រវាង​ប្រទេស​ទាំង​ពីរ។

លោក Arkhom បាន​ឲ្យ​ដឹង​ថា រថភ្លើង​មួយ​ក្នុង​ចំណោម​រថភ្លើង​ដើរ​ដោយ​ម៉ាស៊ីន​ម៉ាស៊ូត​របស់​ប្រទេស​ថៃ នឹង​ដំណើរការ​លើ​ផ្លូវ​នេះ។ លោក​បាន​បន្ថែម​ថា រថភ្លើង​ដឹក​តែ​អ្នកដំណើរ​ប៉ុណ្ណោះ ហើយ​មាន​សរុប​ចំនួន ៣ទូរ។

លោក Arkhom បាន​ថ្លែង​ទៀត​ថា «គោលដៅ​គឺ​ត្រូវ​ប្រគល់​ទូរ​រថភ្លើង​នៅ​ខែ​ក្រោយ ឬ​ខែ​កក្កដា ប៉ុន្តែ​ការ​ចរចា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់ (MoU) រវាង​ថៃ និង​កម្ពុជា​កំពុង​បន្ត។ ចំនួន​រថភ្លើង​ដែល​នឹង​ត្រូវ​រត់​លើ​ផ្លូវ​នេះ មិន​ទាន់​ត្រូវ​បាន​បញ្ជាក់​នៅ​ឡើយ​ទេ។

នៅ​ក្នុង​ពិធី​តភ្ជាប់​ផ្លូវ​រថភ្លើង​នេះ លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រី​ថៃ​នឹង​អញ្ជើញ​ជា​អធិបតីភាព។

រដ្ឋមន្ត្រី​ក្រសួង​ដឹក​ជញ្ជូន​របស់​ប្រទេស​ថៃ​រូប​នេះ​បន្ថែម​ថា «ព័ត៌មាន​លម្អិត​តូចៗ​ផ្សេង​ទៀត នៅ​តែ​ត្រូវ​ព្រមព្រៀង​គ្នា ដូចជា ដែន​សមត្ថកិច្ច​ក្នុង​ស្រុក នៅ​ពេល​ត្រូវ​ការ​ការ​ថែទាំ និង​ជួសជុល​រថភ្លើង​ជា​ដើម»។

ចំណែក​ឯ​លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្លាប់​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា «ផ្លូវ​ដែក​កម្ពុជា បាន​តភ្ជាប់​ជាមួយ​ផ្លូវ​ដែក​របស់​ប្រទេស​ថៃ​រួចរាល់​ហើយ នៅ​រង់​ចាំ​តែ​ចុះ​កិច្ច​ព្រមព្រៀង រវាង​កម្ពុជា និង​ថៃ ដែល​មាន​ពាក្យពេចន៍​មួយ​ចំនួន​ក្នុង​កិច្ច​ព្រមព្រៀង​នោះ នៅ​មិន​ទាន់​ឯកភាព​គ្នា​នៅ​ឡើយ។ ពាក្យ​មួយ​ម៉ាត់ៗ​ក្នុង​កិច្ច​ព្រមព្រៀង​នោះ គឺ​សំខាន់​ណាស់ អាច​ប៉ះពាល់​ដល់​បូរណភាព​ទឹក​ដី។ ដូច្នេះ​ហើយ​នៅ​មាន​ពាក្យពេចន៍​មួយ​ចំនួន ភាគី​ទាំង​សង​ខាង​នៅ​មិន​ទាន់​ឯកភាព​គ្នា»។

សូម​បញ្ជាក់​ថា គោល​បំណង​នៃ​ការ​តភ្ជាប់​ផ្លូវ​រថភ្លើង​នេះ គឺ​ដើម្បី​តភ្ជាប់​រាជធានី​របស់​ប្រទេស​ទាំង​ពីរ ពោល​គឺ​រាជធានី​បាងកក និង​រាជធានី​ភ្នំពេញ។

គួររលឹកឲ្យដឹងដែរថា នៅក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ ទេស​រដ្ឋមន្ត្រី​ ស៊ុន ចាន់​ថុល បាន​បង្ហាញ​អំពី​ការ​អភិវឌ្ឍ​មធ្យោបាយ​ដឹក​ជញ្ជូន​​តាម​ផ្លូវ​ដែក សម្រាប់​ឆ្នាំ​២០១៨​ដូច​ខាង​ក្រោម​នេះ៖

១. ការ​សាងសង់​ផ្លូវ​ដែក​ពី​ស្ថានីយ ​ទៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​នឹង​ត្រូវ​បញ្ចប់ និងត្រូវ​​សម្ពោធ​ឲ្យ​ដាក់​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​មុន​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ​ហើយ។

២. បញ្ចប់​ការ​ជួសជុល​ និង​ស្ដារ​ផ្លូវ​ដែក​ទិស​ខាង​ជើង ភ្នំពេញ-បាត់ដំបង-ប៉ោយប៉ែត។

៣. ចរចា​បញ្ចប់ និង​ចុះ​ហត្ថលេខា​ព្រមព្រៀង​បច្ចេកទេស និង​នីតិវិធី​ដឹក​ជញ្ជូន​តាម​ផ្លូវ​ដែក​កម្ពុជា-ថៃ

៤. បញ្ចប់​ការ​សាងសង់​ស្ថានីយ​រថភ្លើង​អន្តរជាតិ​ប៉ោយប៉ែត

៥. រៀបចំ​ទទួល​ទូរ​រថភ្លើង និង​បើក​ការ​តភ្ជាប់​ជា​រវាង​ផ្លូវ​ដែក​កម្ពុជា-ថៃ ជា​ផ្លូវ​ការ​លើក​ដំបូង​ក្នុង​ប្រទេស​កម្ពុជា

ក្រៅ​ពី​សមិទ្ធផល​ធំៗ​ខាង​លើ​នេះ ពាក់ព័ន្ធ​នឹង​ផ្លូវ​ដែក​នេះ​ដែរ​មាន​គម្រោង​ផ្សេង​ទៀត​កំពុង​សាងសង់​យ៉ាង​សស្រាក់សស្រាំ​នា​បច្ចុប្បន្ន​នេះ​៖

១​. ការ​ស្ដារ​ផ្លូវ​ដែក​ពី​ពោធិ៍សាត់ បាត់ដំបង-ប៉ោយប៉ែត និង​ព្រំប្រទល់​កម្ពុជា​-ថៃ ប្រវែង​២១៦​គីឡូម៉ែត្រ

២. កំពុង​សិក្សា​ការ​សាងសង់​រថភ្លើង​ស្វ័យ​ប្រវត្តិ​លើ​អាកាស AGT នៅ​រាជធានី​ភ្នំពេញ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay