តោះមកស្គាល់រថក្រោះ ដែលផលិតដំបូងគេបំផុតក្នុងប្រវត្តិសាស្រ្តនៅលើពិភពលោក

រថក្រោះ​ Little Wille ជា​រថក្រោះ​ទី​មួយ​ដែល​ត្រូវ​បាន​ផលិត ក្នុង​ប្រវត្តិសាស្ត្រ។

រថក្រោះ​មួយ​នេះ ត្រូវ​បាន​ផលិត​រួច​រាល់​ជា​ស្ថាពរ​នៅ​ថ្ងៃ​ទី ០៦ កញ្ញា​ ឆ្នាំ ១៩១៥ ដោយ​ចក្រភព​អង់គ្លេស។

វា​មាន​ទម្ងន់ ១៤ តោន និង​អាច​ធ្វើ​ដំណើរ​លើ​ផ្លូវ​ដែល​មាន​ស្ថានភាព​លំបាក បាន​ក្នុង​ល្បឿន​ត្រឹម​តែ ៣គីឡូ​ម៉ែត្រ ក្នុង​មួយ​ម៉ោង​ប៉ុណ្ណោះ។

អង់គ្លេស​ផលិត​រថក្រោះ​នេះ គឺ​ដើម្បី​ឆ្លើយ​តប​នឹង​ការ​ប្រយុទ្ធ​ដែល​កំពុងក្ដៅគគុកក្នុង​សង្គ្រាម​លោក​លើក​ទី​មួយ។ កាល​នោះ​អង់គ្លេស​នៅ​ក្នុង​ប្លុក​សម្ព័ន្ធមិត្ត​ (ជាមួយបារាំង និង​រុស្ស៊ី) ហើយ​ត្រូវ​ប្រយុទ្ធ​នឹង​ប្លុក​ម្ខាង​ទៀត​ដឹកនាំ​ដោយ​អាល្លឺម៉ង់ និង​អូទ្រីស​ហុងគ្រី។

គំនិត​ក្នុង​ការ​ផលិត​រថក្រោះ​ ត្រូវ​បាន​បន្លឺ​ឡើង​ជា​លើក​ដំបូង​ដោយ​ឧត្ដមសេនីយ៍​ Ernest Swinton និង រដ្ឋ​លេខា​គណៈកម្មាធិការ​កងទ័ព​អង់គ្លេស William Hankey។ អ្នក​ទាំង​ពីរ​បាន​ដាក់​សំណើ​នេះ ទៅ​លោក​រដ្ឋមន្ត្រី​កងទ័ព​ជើង​ទឹក​អង់គ្លេស Winston Churchill (អនាគត​នាយក​រដ្ឋមន្ត្រី)។ លោក Churchill យល់​ស្រប​នឹង​សំណើ​របស់​អ្នក​ទាំង​ពីរ ដោយ​លោក​មាន​ជំនឿ​មុតមាំ​ក្នុង​ការ​ចង់​បង្កើត​ ‘នាវា​ដែល​អាច​ប្រើ​ប្រាស់​លើ​គោកបាន’។ លោក​ ក៏​បាន​រៀប​ចំ​ឲ្យ​មាន​គណៈកម្មការ​ ដើម្បី​អភិវឌ្ឍ​ការ​ផលិត​រថ​ក្រោះ​តែ​ម្ដង។

តាម​ពិត​ទៅ រថក្រោះ​ដំបូង​បំផុត មាន​សភាព​យឺត​ណាស់ ឆាប់​ក្ដៅ និង​មិន​អាច​ធ្វើ​ដំណើរ​ឆ្លង​កាត់​ត្រង់សេ​បាននោះទេ។ រៀន​សូត្រ​ពី​មេរៀន​នេះ អង់គ្លេស​ក៏​ចាប់​ផ្ដើម​អភិវឌ្ឍ​រថក្រោះ​មួយ​ទៀត​គឺ Big Willieដែល​មាន​លក្ខណៈ​ប្រសើរ​ជាង Little Willie។ អង់គ្លេស​ក៏​បាន​ផលិត​ Big Willie ជា​ច្រើន ហើយ​ក៏​បាន​ប្រើ​វា​ជា​ផ្លូវ​ការ ក្នុង​សង្គ្រាម​នៅ​ឆ្នាំ ១៩១៦។

គឺ​តាំង​ពី​ពេល​នោះ​ហើយ ដែល​មនុស្ស​ចាប់​ផ្ដើម​ដឹង​ពី​សក្ដានុពល​នៃ​រថក្រោះ ហើយ​ចាប់​ផ្ដើម​អភិវឌ្ឍ​យាន​ចម្បាំង​មួយ​នេះ​រហូត​ទំនើប​ដូចដែលបានឃើញនាពេលបច្ចុប្បន្ន​៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay