៧ វិធី ដើម្បីបំបាត់ការគេង​មិន​លក់​

មាន​មនុស្ស​ជាច្រើន បាន​ត្អូញត្អែរ​អំពី​ការ​គេង​មិន​​​លក់ ​ហើយ​បើ​តាម​ការ​ស្រាវជ្រាវ​​បង្ហាញ​ថា​ ​​​បញ្ហា​នេះ​បាន​ធ្វើ​​ឱ្យ​ប៉ះពាល់​​​ដល់​សុខភាព។ បើកាលណា គេង​មិន​សូវ​លក់ ឬ គេង​មិន​ស្កប់​នោះ​​ អ្នក​ប្រាកដ​ជា​គ្មាន​កម្លាំង​គ្រប់គ្រាន់ ក្នុង​ការ​ធ្វើការងារ​ផ្សេងៗ​នោះ​ឡើយ ជាពិសេស​វា​ធ្វើ​ឲ្យ​មាន​អារម្មណ៍​មួម៉ៅ​ ឆាប់​តប់ប្រមល់​ក្នុងចិត្ត​ គិត​​អី​ក៏​មិន​ចេញ​ និង​ងងុយ​គេង​​ទៀត​​ផង។​ ដើម្បី​ដោះស្រាយ​បញ្ហា​គេង​មិន​លក់​នេះ អ្នក​គួរ​សាកល្បង​អនុវត្ត តាមវិធី​ខាងក្រោម​នេះ៖

១) ទម្លាប់​ចូល​គេង​ឲ្យ​ទៀង​ពេល

មាន​មនុស្ស​ជាច្រើន មិនបាន​កំណត់​ពេលវេលា​ចូល​គេង​ឲ្យ​បាន​ច្បាស់លាស់ ជាហេតុ​ធ្វើ​ឲ្យ​ពួកគេ​ប្រឈម​នឹង​បញ្ហា​គេង​មិន​លក់។ ដូច្នេះ​​បើ​ទោះបីជា​រវល់​យ៉ាងណាក៏ដោយ អ្នក​គួរតែ​ទម្លាប់​ចូលគេង​ឲ្យ​បាន​ទៀងទាត់​ ព្រោះ​ធ្វើ​បែប​នេះ ជា​វិធី​​​មួយ​​ ធ្វើ​ឲ្យ​អ្នក​អាច​គេង​លក់​​បាន​ស្រួល និង​ស្កប់ស្កល់​។ 

២) បរិភោគ​អាហារ និង ទឹក​ឲ្យ​គ្រប់គ្រាន់​មុន​ចូលគេង

អ្នក​ខ្លះ​មិនអាច​គេង​លក់​ស្រួល​នោះ​ទេ ព្រោះ​ដោយសារ​តែ​ការ​រំខាន​មួយ​ចំនួន ជាពិសេស​បណ្តាល​មកពី​ការ​ឃ្លាន ឬ ស្រេកទឹក ក្នុង​ពេល​កំពុង​គេង។ ដូច្នេះ​ដើម្បី​គេង​លក់​ស្រួល​ និង ដើម្បី​បញ្ចៀស​បញ្ហា​ខាង​លើ អ្នក​ត្រូវ​ប្រាកដ​ថា មុន​ពេល​ចូលគេង​ បាន​បរិភោគ​អាហារ និងទឹក​គ្រប់​គ្រាន់​សិន។ ការពិត​ទៅ​ អ្នក​ប្រហែល​ជា​គិតថា វា​ជា​រឿង​ធម្មតាៗ​​នាំ​ឱ្យ​អ្នក​​មិន​សូវ​គិតគូរ​ច្រើន តែ​ចំណុច​តូចៗ​ទាំង​នេះ បាន​ផ្តល់​ផល​អវិជ្ជមាន​ដល់​ភាព​សុខ​ស្រួល​នៃ​ដំណេក។

៣) ជៀស​វាង​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេ​អ៊ីន​ (Caffeine)

មុន​ពេល​ចូល​គេង អ្នក​មិន​គួរ​ផឹក​ភេសជ្ជៈ​ណា​ដែល​មាន​ជាតិ​កាហ្វេ​អ៊ីន​នោះ​ឡើយ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​អ្នក​គេង​មិន​លក់។ ករណី​នេះ​បាន​កើត​ឡើង​ជាច្រើន​មក​ហើយ ដូច្នេះ​អ្នក​គួរ​ជៀសវាង​ភេសជ្ជៈ​ប្រភេទ​នេះ។ 

៤) កាត់​បន្ថយ​ការ​គេង​ពេលថ្ងៃ

បើ​អ្នក​គេង​ច្រើន​នៅ​ពេល​ថ្ងៃ វា​ប្រាកដ​ណាស់​ថា អ្នក​ពិត​ជា​មិនអាច​គេង​លក់​ស្រួល​នៅ​ពេល​យប់​នោះ​ទេ។ ថ្វីបើ​អ្នក​បាន​គេង​គ្រប់គ្រាន់​នៅ​ពេល​ថ្ងៃ​ក្តី តែ​វា​ក៏​ប៉ះពាល់​ដល់​អារម្មណ៍​របស់​អ្នក​ផង​ដែរ ព្រោះ នៅពេល​ដែល​អ្នក​គេង​មិន​លក់ អ្នក​ប្រាកដ​ជា​មាន​អារម្មណ៍​តប់ប្រមល់​ម្នាក់ឯង ខណៈ​សមាជិក​គ្រួសារ​ផ្សេងទៀត កំពុង​គេង​លក់។ ​ការ​គេង​ថ្ងៃ​ក៏​មិន​អាក្រក់​ដែរ​ តែ​អ្នក​គួរ​គេង​​​ប្រហែល​ ១៥​នាទី​បាន​ហើយ។

៥) រៀប​ចំ​បន្ទប់​គេង​ឲ្យ​មាន​របៀប និង អនាម័យ

បន្ទប់គេង ពិតជា​មាន​សារៈសំខាន់​សម្រាប់​ដំណេក​ ព្រោះ​បើ​បន្ទាប់​គេង​របស់​អ្នក គ្មាន​របៀប​រៀបរយ និង គ្មាន​អនាម័យ​ត្រឹមត្រូវ​នោះ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​ប្រឈម​បញ្ហា​គេង​មិន​លក់។ ដូច្នេះ មិន​គួរ​ខ្ជិល​រៀប​ចំ​នោះ​ទេ ពោល​គឺ​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​រៀប​ចំ​ឲ្យ​មាន​ល្អ ដើម្បី​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ចង់​គេង។

៦) កាត់បន្ថយ​​ភាព​តប់ប្រមល់ 

វា​ជា​រឿង​ធម្មតា​ទេ នៅ​ពេល​ដែល​អ្នក​បាន​ធ្វើការងារ​ជា​ច្រើន​នៅ​ពេល​ថ្ងៃ វា​ក៏​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​តានតឹង និង តប់ប្រមល់​ខ្លាំង ដែល​ប្រការ​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​មិន​អាច​គេង​លក់​ដោយ​ងាយ​នោះ​ឡើយ​នៅ​ពេល​យប់​។ ដើម្បី​អាច​​អាច​ចូល​គេង​ដោយ​ងាយ​បាន​នោះ អ្នក​គួរ​ព្យាយាម​ឈប់​​គិត​រឿងរ៉ាវ​ដែល​ស្មុគស្មាញ​ទាំងឡាយ​ដែល​អ្នក​បាន​ធ្វើ​នៅ​ពេល​ថ្ងៃ តាមរយៈ​ការ​បង្កើត​បរិយាកាស​សប្បាយៗ ដូចជា មើល​ទូរទស្សន៍ ឬ​ស្តាប់​ចម្រៀង​ជាដើម។

៧) ប្រឹក្សា​ជា​មួយ​គ្រូពេទ្យ​ជំនាញ

ប្រសិន​បើ​អ្នក ជួប​បញ្ហា​គេង​មិន​លក់​ជា​ប្រចាំ​សឹង​រាល់​យប់ វា​ជា​សញ្ញា​អវិជ្ជមាន​មួយ។ ដូច្នេះ អ្នក​មិន​គួរ​រារែក​ចិត្ត​ក្នុង​ការ​ទៅ​ពិគ្រោះ​ជា​មួយ​នឹង​អ្នកជំនាញ​នោះ​ទេ ព្រោះ​អ្នកជំនាញ​នឹង​ផ្តល់​ដំណោះស្រាយ​ដ៏​សមស្រប​សម្រាប់​បញ្ហា​នេះ៕

 

_____________________________________________________

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ thebnews