ពិតជាមិនធម្មតា! នេះជាប្រាក់ចំណូលប្រចាំថ្ងៃ របស់កំពូលមហាសេដ្ឋីពាន់លានដុល្លារទាំង៤រូបនេះ

ក្នុង​វ័យ ៣៤ ឆ្នាំ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Facebook លោក Mark Zuckerberg បាន​ប្រឈម​មុខ​នឹង​បញ្ហា​ជា​ច្រើន​ដូច​ជា​ការ​បែកធ្លាយ​ទិន្នន័យ​​អ្នក​ប្រើប្រាស់​និង​កំណើន​នៃ​ព័ត៌មាន​ក្លែងក្លាយ។ ប៉ុន្តែ​ក្រឡេក​ទៅ​ទំហំ​ចំណូល​របស់​បុរស​សញ្ជាតិ​អាមេរិក​រូប​នេះ ហាក់​ពុំ​ទាន់​ឃើញ​មាន​ការ​ធ្លាក់​ចុះ​នៅ​ឡើយ។

លោក Mark Zuckerberg ជាស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Facebook

ផ្អែក​តាម Forbes ទ្រព្យសម្បត្តិ​របស់​លោក Mark មាន​ប្រហែល ៧៤ ពាន់​លាន​ដុល្លារ ពោល​គឺ​មាន​ន័យ​ថា​ក្នុង​មួយ​ថ្ងៃ​លោក​អាច​ទទួល​ចំណូល​ប្រហែល ៥.៩៧ លាន​ដុល្លារ។ ចំណូល​នេះ​ជាប់​ចំណាត់​ថ្នាក់​ទី ២ បើ​ធៀប​នឹង​ CEO ក្រុមហ៊ុន Amazon លោក Jeff Bezos ដែល​ជា​មធ្យម​ទទួល​ចំណូល​ប្រហែល ៦.៨ លាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ ខណៈឥឡូវលោកមានទ្រព្យ ១៣៥.៥ ពាន់លានដុល្លារ។

លោក Jeff Bezos ជាស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន Amazon

មិន​ខុស​ពី​គន្លង​ជោគជ័យ​របស់​ស្ថាបនិក​ក្រុមហ៊ុន Microsoft លោក Bill Gates ដែល​ជាប់​ឈ្មោះ​ជា​បុរស​វ័យ​ក្មេង​មាន​ទ្រព្យសម្បត្តិ​ច្រើន​ជាង​គេ​បំផុត​ក្នុង​ឆ្នាំ ១៩៨៧ ទាំង​ស្ថិត​ក្នុង​អាយុ ៣១ ឆ្នាំ ប៉ុន្តែ​មក​ទល់​បច្ចុប្បន្ន​ក្នុង​អាយុ ៦២ ឆ្នាំ លោក Gates មានទ្រព្យ ៩២.៩ ពាន់លានដុល្លារ ដែលមានន័យថាលោកអាច​រក​បាន​ប្រហែល ៤ លាន​ដុល្លារ​ប៉ុណ្ណោះ​ប្រចាំ​ថ្ងៃ ធៀប​នឹង Warren Buffett អាយុ ៨៧ ឆ្នាំ រក​បាន ២.៧ លាន​ដុល្លារ ខណៈលោកមានទ្រព្យ ៨២.៦ ពាន់លានដុល្លារ។

Bill Gates ជាស្ថាបនិកក្រុមហ៊ុន Microsoft

ទំហំ​ចំណូល​នេះ​សោត​ Zuckerberg ទទួល​បាន​ពី​ការ​លក់​ភាគហ៊ុន​ Facebook ប្រមាណ ៣.៣៨ ពាន់​លាន​ដុល្លារ​កាល​ពី ៦ ខែ​មុន ប៉ុន្តែ​លោក​ក៏​ធ្លាប់​ប្រកាស​កាល​ពី​ខែ​កញ្ញា​ក្នុង​គម្រោង​លក់​ភាគហ៊ុន​ ៧៥ លាន​ហ៊ុន​បន្ថែម​ទៀត (ប្រហែល ១២.៨ ពាន់​លាន​ដុល្លារ) ក្នុង​រយៈ​ពេល ១៨ ខែ​បន្ទាប់៕

លោក Warren Buffett ជាប្រធានក្រុមហ៊ុន Berkshire Hathaway 

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ CNBC