អបអរសាទរ! ចៅស្រីសម្តេច ហ៊ុន សែន ប្រឡងជាប់លេខ១ ផ្នែកគណិតវិទ្យាកម្រិតពិភពលោកទៀតហើយ

ជាថ្មីម្តងទៀតចៅស្រី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កុមារី ហ៊ុន ពេជ្រមុន្នីលីណា បន្តដណ្តើមបានចំណាត់ថ្នាក់លេខ១ ពីការប្រកួតប្រជែងគណិតវិទ្យាកម្រិតពិភពលោក ជាមួយលំដាប់ពិន្ទុ១,១៦៦។

កុមារី ហ៊ុន ពេជ្រមុន្នីលីណា កូនស្រីទី២របស់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី។ កាលពីខែមករា ឆ្នាំ២០១៨ កុមារីរបស់កម្ពុជារូបនេះ ធ្លាប់ដណ្តើមបានចំណាត់ថ្នាក់លេខ១ ពីការប្រកួតប្រជែងគណិតវិទ្យាកម្រិតអាស៊ី ជាមួយពិន្ទុ ២,៣៥០ ពិន្ទុ ហើយនៅខែមីនា ឆ្នាំ២០១៨ ក៏បានដណ្តើមបានចំណាត់ថ្នាក់លេខ៤ ពីការប្រកួតគណិតវិទ្យាលំដាប់ពិភពលោក ក្នុងលំដាប់ពិន្ទុ ១,១៦៦ពិន្ទុ។

តែសម្រាប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៨នេះ កុមារី ហ៊ុន ពេជ្រមុន្នីលីណា បានចូលរួមប្រកួតម្តងទៀត ហើយក៏ដណ្តើមបានចំណាត់ថ្នាក់លេខ១ ជាមួយលំដាប់ពិន្ទុ១,១៦៦។

ជាមួយការដណ្តើមបានចំណាត់ថ្នាក់លេខ១ របស់កុមារិនី ហ៊ុន ពេជ្រមុន្នីលីណា បានធ្វើឲ្យរូបសញ្ញាទង់ជាតិរបស់កម្ពុជា ត្រូវបានបង្ហាញលំដាប់កំពូលលើគេហទំព័រ «worldmathsday» ដែលជាគេហទំព័រមួយ មានការប្រកួតប្រជែងគណិតវិទ្យារបស់កុមារា កុមារី មកពីប្រទេសជាច្រើននៅលើពិភពលោក។

តាមរយៈបញ្ញាញៀនដ៏វៃឆ្លាតរបស់កុមារី ហ៊ុន ពេជ្រមុន្នីលីណា ដណ្តើមយកចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតប្រជែងគណិតវិទ្យានេះ ជាការនាំមកនូវមោទនភាពសម្រាប់កុមារកម្ពុជា និងជាតិកម្ពុជាផងដែរ។

លទ្ធផលនេះ ក៏បានលើកតម្លៃផងដែរ ពីការអប់រំនៅកម្ពុជានាពេលបច្ចុប្បន្ន កំពុងឈានទៅរកភាពល្អប្រសើរ ហើយបានបង្ហាញថា ភាពវៃឆ្លាតរបស់កុមារកម្ពុជា មិនចាញ់កុមារនៅលើពិភពលោកនោះឡើយ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ freshnewsasia