ភ្ញាក់ផ្អើល! នៅសៀមរាប នឹងមានកន្លែងកាស៊ីណូមួយលើកដំបូងគេហើយ
ក្រុមហ៊ុនកាស៊ីណូហុងកុង Macau Legend Development បានបង្ហាញចេនាចង់សាងសងមជ្ឈមណ្ឌលកម្សាន្តដែលរួមមានកាស៊ីណូ និងសេវាមិនមែនល្បែងនៅក្នុងទីក្រុងទេសចរណ៍ប្រវត្តិសាស្ត្រដ៏ល្បីល្បាញរបស់កម្ពុជា។ បច្ចុប្បន្ន ក្រុមហ៊ុនដែលបានចុះបញ្ជីក្នុងផ្សារហ៊ុនហុងកុងនេះ កំពុងដំណើរការនីតិវិធីទិញដីសម្រាប់គម្រោងខាងលើ ហើយនីតិវិធីនៃការទិញដីនេះក៏ជិតបញ្ចប់ហើយដែរ។
លោក Chow Kam Fai ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Macau Legend Development បានលើកឡើងនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនងា នៅក្នុងអំឡុងឆ្នាំនេះ ក្រុមហ៊ុនរំពឹងថានឹងបញ្ចប់កិច្ចព្រមព្រៀងទិញដីសម្រាប់ទីតាំងកាស៊ីណូ និងសេវាមិនមែនល្បែងនៅក្នុងខេត្តសៀមរាប។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រព័ត៌មានGGR Asia ដែលជាគេហទំព័រព័ត៌មានអំពីឧស្សាហកម្មកាស៊ីណូ។
គួរបញ្ជាក់ថា ខេត្តសៀមរាប គឺជាទិសដៅទេសចរណ៍វប្បធម៌ដ៏ពេញនិយមដោយមានប្រាសាទអង្គរវត្ត ដែលបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO។ កាលពីពេលថ្មីៗនេះ ប្រាសាទអង្គរវត្តរបស់កម្ពុជាត្រូវបានគេហទំព័រទេសចរណ៍ដ៏ល្បីល្បាញឈ្មោះថា TripAdvisor បានចាត់ចំណាត់ថ្នាក់ជាទិសដៅទេសចរណ៍ដ៏ទាក់ទាញជាងគេបំផុត លើពិភពលោកសម្រាប់ឆ្នាំ ២០១៨ នេះ។
និយាយពីភ្ញៀវទេសចរវិញ គឺគ្រាន់តែនៅក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០១៨នេះ ភ្ញៀវទេសចរបទេសចំនួន១,២០៦,១៨៨នាក់ បានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរក្នុងខេត្តសៀមរាប។ ចំនួននេះ គឺកើនឡើង១៣.៤២% បើប្រៀបធៀបនឹងឆ្នាំ២០១៧កន្លងទៅ៕
ដកស្រង់ដោយ៖ លោក ប៊ុត ហេង
ប្រភព៖ business-cambodia