CEOវ័យក្មេងវ័យ១៦ឆ្នាំ បង្កើតក្រុមហ៊ុនដែលប្រជែង Amazon និង Ebay កំពុងល្បីល្បាញនៅអូស្រ្តាលី

ស្ថិតក្នុងវ័យ១៦ឆ្នាំ លោក Ben Pasternak ជានាយកប្រតិបត្តិក្រុមហ៊ុនលក់ទំនិញអនឡាញ Flogg ដែលទើបនឹងផ្ទុះខ្លាំង រហូតអាចកើនតម្លៃបាន២លានដុល្លារអាមេរិក ក្រោយAppរបស់ក្រុមហ៊ុនមួយ​នេះទើបនឹង​បង្កើតថ្មីៗនេះប៉ុណ្ណោះ។

លោក Ben Pasternak ជានាយកប្រតិបត្តិក្រុមហ៊ុនលក់ទំនិញអនឡាញ Flogg

សហគ្រិនវ័យក្មេងសញ្ជាតិអូស្រ្តាលីរូបនេះ បានបង្កើត Flogg ឡើង សម្រាប់លក់ទំនិញ អនឡាញតាម App មានលក្ខណៈពិសេស និងងាយស្រួលបំផុត ហើយក្រុមហ៊ុន​បច្ចេកវិទ្យាទំនងនឹងក្លាយជាគូប្រជែងដ៏ធំនៅអាមេរិករបស់វែបសាយយក្ស Amazon និង Ebay ទៀតផង។

លោក Ben Pasternak កើតនៅស៊ីឌនី នៅឆ្នាំ១៩៩៩ គាត់បានបោះបង់ការសិក្សានៅថ្នាក់ទី១០ ក្រោយបង្កើតហ្គេម Impossible Rush ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីបណ្តា អ្នកលេង ហ្គេមលើ iOS។ Impossible Rush ជាកម្មវិធីផ្តោតលើធរណីមាត្រ ដែលអនុញ្ញាតឱ្យអ្នកប្រើ​បានកម្សាន្ត និងឆ្លុះបញ្ជាំងពីអ្វីដែលគេជួបប្រទះក្នុងថ្នាក់រៀន ជាពិសេសម៉ោងវិទ្យាសាស្រ្ត។

រឿងដែលមិនគួរអោយជឿ ក្រោយបានឃើញហ្គេមនេះ វិនិយោគិន ជាច្រើនបាននាំគ្នាមករក Ben  បង្ហាញពីអារម្មណ៍​ចង់វិនិយោគ​ទៅ​លើសមត្ថភាពរបស់សិស្សថ្នាក់វិទ្យាល័យរូបនេះ។

Ben មានក្តីស្រមៃខ្លួនឯងថា គាត់ចង់បង្កើតApp កំពូលមួយក្នុងប្រព័ន្ធ iOS ក្រោយពេលកម្មវិធីដំបូង Impossible Rush ឈានដល់កំពូលតារាងអាចរកចំណូលបានជាង ១ លានដុល្លារឯណោះ។ យ៉ាងណាមិញ ឪពុកម្តាយរបស់គាត់ចង់ឱ្យគាត់បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ហើយរៀនបន្តថ្នាក់​មហាវិទ្យាល័យទៅវិញ។ លើសពីនេះ ឪពុកម្តាយរបស់គាត់បានត្រៀមគ្រប់យ៉ាងហើយ ក្នុងការផ្គត់​ផ្គង់ឲ្យ Ben អាចបង្កើត App របស់ខ្លួន ដោយមិនបាច់ឈប់រៀន។

សម្រេចសម្រួលទៅ ស្ថាបនិកវ័យក្មេងរូបនេះ នៅតែបោះបង់សាលាដដែល មកបន្តបង្កើត Flogg តាមក្តីស្រមៃរបស់ខ្លួន ដែលនេះជាកម្មវិធីទី២ហើយ ជាកម្មវិធីប្រតិបត្តិការណ៍ទិញទំនិញដ៏ងាយស្រួល​ដោយគ្រាន់តែអូសSlideស្វែងរកទំនិញ​ដែលអ្នកត្រូវការ​ប៉ុណ្ណោះ។

បច្ចុប្បន្ន Flogg Inc មានបុគ្គលិក Part time ៧នាក់មានអាយុចាប់ពី២០ឆ្នាំ ទៅដល់៣០ឆ្នាំ និងមាន COO វ័យ៣០ម្នាក់ជាបុរសដែលមានអាយុច្រើនជាងគេក្នុងក្រុមហ៊ុនដែលមានទ្រព្យសកម្មជាង២លានដុល្លារសហរដ្ឋអាមេរិកមួយនេះ។

Ben Pasternak តាំងពីអាយុ១៥ឆ្នាំមកម្លេះ ត្រូវបានគេឲ្យឈ្មោះថាជា Mark Zuckerberg របស់អូស្រ្តាលីនាពេលអនាគត៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia

error: Content is protected !!