របៀប​បង្កើតគេហទំព័រ (Website) ​ដោយ​ខ្លួន​ឯង​

ប៉ុន្មាន​ឆ្នាំ​មុន​ ​ការ​បង្កើត​វិបសាយ​ ​គឺ​ទាមទារ​ចំណេះដឹង​ច្រើន​ទាក់ទង​នឹង​ជំនាញ​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ ​ជា​ពិសេស​ផ្នែក​សរសេរ​កូដ។ ប៉ុន្តែ​ព្រោះ​តែ​កំណើន​ប្រើប្រាស់​ ​និង​ភាព​ជឿនលឿន​នៃ​បច្ចេកវិទ្យា​ ​ការ​បង្កើត​វិបសាយ​កាន់​តែ​ងាយ​ស្រួល​ ​និង​ពេល​ខ្លះ​មិន​តម្រូវ​ឲ្យ​មាន​ការ​សរសេរ​កូដ​ច្រើន​ថែម​ទៀត​ផង។ ដូច្នេះ​ចង់​បង្កើត​វិបសាយ​ ​ប្រិយមិត្ត​អាច​ធ្វើ​តាម​វិធីសាស្រ្ត​ខាង​ក្រោម​នេះ ៖

១) ជ្រើសរើស​ ​Platform​ ​សម្រាប់​វិបសាយ

ការ​បង្ហាញ​ខ្លួន​របស់​ ​Content Management System​ ​(CMS)​ ​ដូចជា​ ​Wordpress​ ​ជាដើម​ ​ធ្វើ​ឲ្យ​វិធី​បង្កើត​វិបសាយ​កាន់​តែ​ងាយ​ស្រួល។ CMS​ ​ជា​ ​Platform​ ​មួយ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​បង្កើត​វិបសាយ​ ​និង​គ្រប់គ្រង​លើ​មាតិកា​ដោយ​មិន​ទាមទារ​ចំណេះដឹង​ ​HTML, CSS ឬ PHP អី​នោះ​ទេ​។ បច្ចុប្បន្ន​មាន Platform បី​ដែល​ពេញ​និយម​ក្នុង​ការ​ប្រើប្រាស់​មាន​ដូច​ជា​ ​Wordpress (50.07%), Drupal (17.07%) និង Joomla (6.44%)​ ​ហើយ​ក្នុង​ចំណោម​ ​Platform​ ​បី​នេះ អ្នក​គួរ​ពិចារណា​ប្រើ​ ​Wordpress​ ​ព្រោះ​ ​៖

  • ប្រើប្រាស់​ឥត​គិត​ថ្លៃ ហើយ​មាន Template ច្រើន​សម្រាប់​ជ្រើសរើស​
  • ងាយស្រួល​ប្រើប្រាស់​
  • វិបសាយ​តូច ឬ​ធំ អាច​ប្រើប្រាស់ platform នេះ​បាន​
  • មាន​សមាគម​ធំ​ដែល​ងាយស្រួល​ដល់​ការ​រក​ដំណោះស្រាយ​ផ្សេងៗ

ចំពោះ platforms ពីរ​ផ្សេង​ទៀត​ក៏​ល្អ​ដែរ ប៉ុន្តែ​ចំពោះ​អ្នក​បង្កើត​ដំបូង​គួរ​ប្រើប្រាស់​ ​Wordpress។

២)​ ជ្រើសរើស​ ​Domain Name និង Hosting

អ្នក​ត្រូវ​ទិញ​ឈ្មោះ​ ​Domain ឬ​ឈ្មោះ​វិបសាយ​ ​ឧទាហរណ៍ abc.com, abc123.org។  បន្ទាប់​មក​ត្រូវ​ទិញ​ ​Hosting ដែល​ជា​កន្លែង​ផ្ទុក​វិបសាយ​ដើម្បី​ភ្ជាប់​ទៅ​កាន់​បណ្ដាញ​អ៊ីនធឺណិត​។​ អ្នក​អាច​ទិញ​តាម​ក្រុមហ៊ុន​ក្នុង​ស្រុក ឬ​តាម online ដូចជា GoDaddy ជាដើម។ ឈ្មោះ​វិបសាយ​ដាក់​តាម​ការ​ចង់​បាន​ ​តែ​ធ្វើ​យ៉ាង​ណា​ឲ្យ​ងាយ​ស្រួល​ចងចាំ ឬ ជា Brand។ យ៉ាង​ណា​មិញ​ចំពោះ​ឈ្មោះ​វិបសាយ វា​អាស្រ័យ​លើ​អ្នក​ឈ្មោះ​អ្វី​ក៏​បាន​ដែរ​។

៣) ដំឡើង​វិបសាយ សម្រាប់ Wordpress

បន្ទាប់​ពី​អ្នក​បាន​ទិញ​ ​Domain name និង​រៀបចំ​ ​Hosting បាន​រួចរាល់ អ្នក​អាច​ធ្វើ​ការ​ដំឡើង​វិបសាយ​របស់​អ្នក​បាន។ ជា​ធម្មតា​ក្រុមហ៊ុន HosTing ភាគ​ច្រើន​មាន​មុខងារ 1-click-installation សម្រាប់ Wordpress ដែល​ពិត​ងាយស្រួល​ក្នុង​ការ​ដំឡើង​។ 

  • ដំបូង​អ្នក​ ​Login ចូល​ ​Hosting account
  • ចូល​ទៅ​កាន់​ ​Control Panel
  • ស្វែងរក  ​Wordpress​ ​ឬ Websites
  • ជ្រើសរើស​ ​Domain name ដែល​អ្នក​ចង់​ដំឡើង​វិបសាយ​
  • ចុច​ ​Install Now បន្ទាប់​មក​អ្នក​នឹង​ទទួល​បាន​វិបសាយ​លើ Wordpress ថ្មី​មួយ​ជាមួយ​ ​Domain name នោះ​។

ចំណាំ ចំពោះ​វិធីសាស្ត្រ​ខាងលើ​អាច​ប្រែប្រួល ឬ​ខុស​គ្នា​មួយ​ចំនួន ដោយ​អាស្រ័យ​លើ​កំណែ​ទម្រង់​របស់​ប្រព័ន្ធ និង​ក្រុមហ៊ុន​ ​Hosting ប៉ុន្តែ​អ្នក​អាច​សិក្សា​ស្វែងយល់​ពី​វិបសាយ​ទាំងនោះ​បាន​។

  • ជ្រើសរើស​ ​​Template ឬ Theme សម្រាប់​វិបសាយ​

សម្រាប់​ ​Wordpress មាន Template ស្រាប់ៗ​ច្រើន​សម្រាប់​ជ្រើសរើស​ទៅ​តាម​ប្រភេទ​ដែល​អ្នក​ចង់​បាន។ អ្នក​ក៏​អាច​ទិញ Template ខាង​ក្រៅ​ដើម្បី​ផ្លាស់ប្ដូរ​បាន​ដែរ។ ម្យ៉ាង​វិញ​ទៀត​ពេល​អ្នក​ធ្វើការ​ផ្លាស់ប្ដូរ​ ​Template នីមួយៗ ទិន្នន័យ​របស់​អ្នក​មិន​បាត់បង់​នោះ​ទេ​។

របៀប​ជ្រើសរើស និង​ប្រើប្រាស់​ ​Template ​ ​របស់​ ​Wordpress

  • ចូល​ទៅ​ ​Dashboard ​ ​របស់​ ​Wordpress
  • ចូល​ទៅ​កាន់ http://yoursite.com/wp-admin ដែល​ yoursite.com​ ​ជា​ ​Domain name ដែល​អ្នក​បាន​ទិញ និង​ប្រើប្រាស់​។
  • ស្វែង​រក Theme ឥត​គិត​ថ្លៃ​
  • ស្វែង​រក​ ​Menu ឈ្មោះ Appearance -> Themes 
  • ជ្រើសរើស Templates​ ​ណា​មួយ​ដែល​អ្នក​ចូលចិត្ត​។ សម្រាប់​ ​Template​ ​ថ្មី អ្នក​អាច​ចុច​ ​Install Now។
  • អ្នក​អាច​ចុច​លើ​ ​Preview​ ​សម្រាប់​ពិនិត្យ​មើល​វិបសាយ​អ្នក​យ៉ាងម៉េច​ដែរ ជាមួយ Theme នេះ ឬ ចុច​លើ​ ​Activate​ ​ដើម្បី​ធ្វើ​ផ្លាស់ប្ដូរ​ ​Template​ ​វិបសាយ​អ្នក​តែ​ម្ដង។

របៀប​បន្ថែម​ ​Content ​ ​និង​ ​Page​ ​ថ្មី

  • គ្រប់គ្រង​លើ​ ​Page

បើ​អ្នក​ចង់​បង្កើត​ ​Page​ ​ដូចជា​ ​Service​ ​ឬ​ ​About Us នៅ​លើ Wordpress Dashboard ស្វែង​រក Pages -> Add New បន្ទាប់​មក​បញ្ចូល​អក្សរ ឬ​រូបភាព​សម្រាប់ Page អ្នក​។ បើសិនជា​អ្នក​ចង់​ភ្ជាប់​ ​Page​ ​ណា​មួយ​ទៅ​កាន់​ ​Menu​ ​អ្នក​ចូល​ ​Appearance -> Menus​ ​បន្ទាប់​មក​បញ្ចូល​Page ណា​មួយ​ទៅកាន់ Menu។

  • គ្រប់គ្រង​លើ Post

បើសិនជា​អ្នក​គ្មាន Category ទេ ចូល​ទៅ​កាន់ Posts -> Categories​ ​រួច​បញ្ចូល​ ​Category​ ​ថ្មី បើសិនជា​អ្នក​ចង់​ ​Posts​ ​ចូល​ទៅ​កាន់​ ​Posts -> Add New បន្ទាប់​មក​បញ្ចូល​អក្សរ​ ​ឬ​រូបភាព​ផ្សេងៗ​រួច​ជ្រើសរើស​ ​Categories។

  • ការ​ផ្លាស់ប្ដូរ​ ​Page Titles ​ ​និង​ ​Taglines

Page Titles បង្ហាញ​ថា​តើ​វិបសាយ​អ្នក​ចង់​និយាយ​ពី​អ្វី ហើយ​វា​សំខាន់​សម្រាប់  search engine ដូច​ជា Google ជា​ដើម​ក្នុង​ការ​ស្វែងរក​។ Taglines បង្ហាញ​ពី​អ្វី​ដែល​អ្នក​ចង់​និយាយ​នៅ​ចុង​បញ្ចប់​នៃ Title។ ដើម្បី​ផ្លាស់ប្ដូរ Title និង Tagline ចូល​ទៅ​កាន់ Setting -> General បន្ទាប់​មក​បំពេញ​អក្សរ​។

  • បិទ Comments លើ Posts និង  Pages

អ្នក​អាច​បិទ​តាម Page ដោយ​ពេល​អ្នក​សរសេរ Page នៅ​លើ​ជ្រុង​ខាងស្ដាំ ស្វែងរក Screen Options -> Discussion បន្ទាប់​ប្រអប់ Allow Comment នឹង​បង្ហាញ​នៅ​ខាងក្រោម រួច​អ្នក​អាច​ដោះ Tick ចេញ​ត្រង់ Allow Comment។ អាច​បិទ​គ្រប់ Page ដោយ​ចូល​ទៅកាន់ Setting -> Discussion រួច​ដោះ Tick ចេញ​ត្រង់ Allow people to post comments on new articles។

  • ដំឡើង​ ​Static front page

Static font page​ ​ជា​ ​Page​ ​ដែល​មិន​ប្រែប្រួល​ចំពោះ​ទិន្នន័យ​ចុង​ក្រោយ​ ​ហើយ​ដើម្បី​ដំឡើង​អ្នក​អាច​ចូល​ទៅ​កាន់​ ​Settings -> Reading បន្ទាប់​មក​ជ្រើសរើស A static page​ ​ដែល​អ្នក​បាន​បង្កើត។

  • ផ្លាស់ប្ដូរ​ ​Sidebar

Sidebar​ ​លើ​ ​Theme WordPress​ ​ពេល​ខ្លះ​នៅ​ខាងស្ដាំ និង​ខ្លះ​នៅ​ខាងឆ្វេង​។ អ្នក​ក៏​អាច​ផ្លាស់ប្ដូរ​អ្វី​ដែល​ចង់​បង្ហាញ​លើ​​ ​Sidebar នោះ​ដោយ​ចូល​ទៅ​កាន់​ ​Appearance -> Widgets បន្ទាប់​មក​អ្នក​អាច​ទាញ​ ​Features​ ​ណា​មួយ​ដាក់​ចូល​ប្រអប់​ ​Sidebar​ ​បាន​។

  • ការ​ដំឡើង​ ​Plugin លើ​ Wordpress

Plugin ជា​មុខងារ​ផ្សេងៗ​សម្រាប់​បន្ថែម​សមត្ថភាព​លើ​វិបសាយ​អ្នក​។ ដើម្បី​ដំឡើង​ចូល​ទៅ​កាន់ Plugin -> Add New រួច​ស្វែងរក​ ​Plugin​ ​ណា​មួយ​ដែល​អ្នក​ត្រូវការ​។ អ្នក​គួរ​ធ្វើ​ការ​ស្វែងរក​នូវ​បណ្ដាល​ Plugin សំខាន់ៗ​លើ Google បន្ថែម​ដែល​ចំ​នឹង​អ្វី​ដែល​អ្នក​ត្រូវការ​៕

 

_____________________________________________________

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay