អបអរសាទរ! កម្ពុជា នឹងមានមជ្ឈមណ្ឌលបកប្រែ​ភាសា​ពី​ភាសា​ផ្សេងៗ​ សម្រាប់ប្រជាកសិករហើយ

លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា​អះអាង​ថា កម្ពុជា​នឹង​បង្កើត​មជ្ឈមណ្ឌល​បកប្រែ​ភាសា​ពី​ភាសា​ផ្សេងៗ​មក​ជា​ភាសាខ្មែរ​សម្រាប់​ដាក់​នៅ​លើ​ផលិតផល​ជី​គីមី និង​ថ្នាំ​កសិកម្ម ដើម្បី​ឲ្យ​ប្រជាកសិករ បាន​ដឹង​បាន​យល់​ពី​របៀប​ប្រើ​ប្រាស់​ និង​ផល​ប៉ះពាល់​របស់​វា​។ នេះ​ជា​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា នៅ​ថ្ងៃទី​១២​ ខែ​មិថុនា ​ឆ្នាំ​២០១៨​។

លោកបណ្ឌិត សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា​

ថ្លែង​ក្នុង​ពិធី​បិទ​សិក្ខាសាលា​អន្តរជាតិ​ស្តីពី​ការ​ប្រើប្រាស់​ជី​គីមី និង​ថ្នាំ​កសិកម្ម ក្នុង​វិស័យ​កសិកម្ម​នៅ​ប្រទេស​តំបន់​អាស៊ាន ក្នុង​ខេត្ត​សៀមរាប នា​ថ្ងៃ​ទី១២មិថុនា​នេះ លោក សុខ ទូច បាន​ឲ្យដឹង​ថា គ្រោះថ្នាក់​នៃ​ការ​ប្រើប្រាស់​ជី​គីមី និង​ថ្នាំ​កសិកម្ម​នេះ​ដោយសារតែ​កសិករ​មិនបាន​យល់​ដឹង​ពី​របៀប​នៃ​ការ​ប្រើ​ជី​គីមី និង​ថ្នាំ​កសិកម្ម ព្រោះ​អក្សរ​នៃ​ការ​ណែនាំ​ដែល​សរសេរ​នៅ​លើ​ផលិតផល មិន​បាន​បកប្រែ​ជា​ភាសាខ្មែរ គឺ​មាន​តែ​ជា​ភាសា​បរទេស ដែល​កសិករ​មិន​​ចេះ​អាន និង​ដឹង​ពី​ផល​ប៉ះពាល់​នៃ​ផលិតផល​ទាំង​នោះ​។

ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បាន​លើកឡើង​ថា​ កសិករ​មាន​កម្រិត​យល់​ដឹង​ទាប​ ជាពិសេស​នៅ​ប្រទេស ឡាវ កម្ពុជា វៀតណាម មីយ៉ាន់ម៉ា ជាដើម​ ដោយ​បាន​ប្រើប្រាស់​ជី​គីមី និង​ថ្នាំ​កសិកម្ម​ច្រើន​ដើម្បី​សម្លាប់​សត្វ​ល្អិត និង​សម្រាប់​បង្កើន​ទិន្នផលឲ្យ​បាន​ខ្ពស់​។

ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា​បន្ដ​ថា ការ​វិវឌ្ឍ​នៃ​បរិស្ថាន ​ប្រែប្រួល​កាន់តែ​ខ្លាំង ​ធ្វើ​ឲ្យ​សត្វ​ល្អិត​បំផ្លាញ​ផល​ដំណាំ​កាន់តែ​ច្រើន ដែល​ធ្វើឲ្យ​កសិករ​ប្រើប្រាស់​ថ្នាំ​កសិកម្ម​សម្លាប់​សត្វ​ល្អិត​ទាំង​នោះ​កាន់​តែ​ខ្ពស់ ដែល​កត្តា​ទាំងនេះ​ សុទ្ធតែ​បាន​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kleykley.sabay

error: Content is protected !!