គ្រប់គ្នាកំពុងឆ្ងល់! តើមូលហេតុអ្វីបានជា គីម ជុងអ៊ុន យក​បង្គន់​ចល័តផ្ទាល់ខ្លួន​ទៅប្រើប្រាស់ដល់សិង្ហបុរី?

ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០១៨ គឺ​ជា​ថ្ងៃ​ដែល​លោក គីម ជុងអ៊ុន មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង រៀបចំ​កិច្ច​ជំនួប​កំពូល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​នឹង​លោក ដូណាល់ ត្រាំ ដែល​ជា​ប្រធានាធិបតី​អាមេរិក។ នៅ​ក្នុង​ជំនួប​កំពូល​ដែល​ធ្វើ​ឡើង​នៅ​សិង្ហបុរី​នេះ មាន​រឿង​មួយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​មាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង គឺ​លោក គីម ជុងអ៊ុន បាន​យក​បង្គន់​ចល័ត​ផ្ទាល់​ខ្លួន​ទៅ​ប្រើប្រាស់​ដល់​ប្រទេស​សិង្ហបុរី។

ហេតុផល​ដែល​ញ៉ាំង​ឲ្យ​មេ​ដឹក​នាំ​ផ្ដាច់​ការ​រូប​នេះ យក​បង្គន់​ទៅ​ប្រើ​តាម​ខ្លួន​នៅ​បរទេស ក៏​ព្រោះ​តែ​បញ្ហា​សុវត្ថិភាព​ជា​ពិសេស​របស់​លោក។ លោក Lee Yun-keol អតីត​មន្ត្រី​មួយ​រូប​របស់​កូរ៉េ​ខាង​ជើង ដែល​បច្ចុប្បន្ន​បាន​ទៅ​បម្រើ​ការ​នៅ​កូរ៉េ​ខាង​ត្បូង បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក គីម មិន​ដែល​ប្រើប្រាស់​បង្គន់​សាធារណៈ​នោះ​ឡើយ ពោល​គឺ​លោក​តែង​យក​បង្គន់​ទៅ​តាម​ខ្លួន​ជានិច្ចកាល។ “កាក​សំណល់​របស់​មេ​ដឹក​នាំ (កូរ៉េ​ខាង​ជើង) មាន​ផ្ទុក​នូវ​ព័ត៌មាន​អំពី​សុខភាព​របស់​លោក ដូច្នេះ​ហើយ​វា​មិន​អាច​ទុក​ចោល​ផ្ដេសផ្ដាស​​បាន​ទេ” នេះ​ជា​ការ​លើក​ឡើង​របស់​លោក Lee ទៅ​កាន់​សារព័ត៌មាន Washington Post កាល​ពី​ខែ​មេសា​កន្លង​ទៅ។

(រូបតំណាងបង្គន់របស់លោក គីម ជុងអ៊ុន)

សូម​រំលឹក​ថា វា​មិន​មែន​ជា​លើក​ដំបូង​នោះ​ឡើយ ដែល​មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​យក​បង្គន់​ទៅ​ប្រើប្រាស់​តាម​ខ្លួន​នៅ​ក្រៅ​ប្រទេស។ កាល​ពី​ចុង​ខែ​មេសា ឆ្នាំ​២០១៨ នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​រវាង​កូរ៉េ​ខាង​ជើង និង​កូរ៉េ​ខាង​ត្បូង លោក គីម ជុងអ៊ុន ក៏​ធ្លាប់​យក​បង្គន់​ទៅ​ប្រើប្រាស់​តាម​ខ្លួន​ផង​ដែរ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kleykley.sabay