លេសទាំង ៧ ដែលមនុស្សនៅតែមិនសល់លុយ

អ្នក​មាន​ឯករាជ្យ​ភាព​ផ្នែក​​ហិរញ្ញវត្ថុ ឬ អ្នក​មាន​ប្រាក់​ចាយវាយ​គ្រប់គ្រាន់​ដូច​ជា​មហាសេដ្ឋី អ្នក​ជំនួញ រួម​​ទាំង​បុគ្គល​ជោគជ័យ​ជា​ច្រើន​ទៀត​ ​​ ​ត្រូវ​បាន​គេ​មើល​ឃើញ​ជា​ទូទៅ​​ថា បាន​ផ្តើម​ចេញ​ពី​ការ​សន្សំ​ប្រាក់​ទុក និង ការ​ចេះ​លៃលក​​ប្រាក់​ទុក​​សម្រាប់​ការ​វិនិយោគ​នៅ​ថ្ងៃ​ខាងមុខ។ បើ​ពិនិត្យ​ លើ​បុគ្គល​ទាំង​នេះ ពួកគេ​​បាន​ប្រកាន់​គោលការណ៍​សន្សំ​ប្រាក់​​ទុក និង ​វិនិយោគ​​គ្មាន​ទី​បញ្ចប់ ដែល​នេះ​ហើយ​ជា​វិធី​ឆ្ពោះ​ក្លាយ​ជា​អ្នក​មាន។ ចុះ​ប្រិយមិត្ត​វិញ​ចង់​មាន​ដូច​បុគ្គល​ទាំង​នេះ​​ដែរ​ឬទេ? បើ​ពិត​ជា​ចង់​មែន​នោះ សូម​ជម្រុះ​ចោល​ការ​យក​លេស​ប្រើ​ពាក្យពេចន៍​ទាំង​៧​ខាងក្រោម​នៅ​ថ្ងៃ​នេះ​ភ្លាម​ទៅ។​​​​​​​​​

១) “ខ្ញុំ​រវល់​ណាស់!”
តើ​អ្នក​រវល់​​ធ្វើ​អ្វី? ដើម្បី​ការងារ​ស្វែងរក​ប្រាក់​ចំណូល ឬ រឿង​អ្វី​ផ្សេង? ពាក្យ​មួយ​ឃ្លា​នេះ​មិនមែន​មានតែ​អ្នក​ម្នាក់​ទេ​ដែល​និយាយ​ចេញ​មក តែ​វា​ជា​ភាសា​ដែល​មនុស្ស​ទូទៅ​ធ្លាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ផង​ដែរ។ លើកលែង​តែ​អ្នក​រវល់​នឹង​រឿង​រក​លុយកាក់​ចូល​ក្នុង​ផ្ទះ ភាសា​​​នេះ​​គឺ​សម្រាប់​តែ​មនុស្ស​ខ្ជិល​ប៉ុណ្ណោះ​ដែល​វា​គ្រាន់តែ​ជា​ការ​ដោះសា​ដោយ​គ្មាន​ហេតុផល​សម្រាប់​ខ្លួនឯង។ 


​​ឈប់​យក​លេស​​ដោយ​យក​ហេតុផល​ជាប់​រវល់​របស់​ខ្លួន​ដែល​​មិន​អាច​​​សន្សំ​ប្រាក់ ឬ រកលុយ​ទុក្ខ​សម្រាប់​ខ្លួន​បាន​​អ្នក​ឲ្យ​សោះ ព្រោះ​វា​ជា​​រឿង​អាទិភាព​ដែល​​ធ្វើ​ឲ្យ​​អនាគត​​របស់​អ្នក​រុងរឿង​បាន។ អ្នក​មិន​ចាំបាច់​រកលុយ​ឲ្យ​បាន​ដូច Bill Gates ឬ Mark​Zuckerbergនោះ​ទេ តែ​បើ​អាច​សន្សំ​ប្រាក់​ និង រក​ប្រាក់​ចំណូល​កាន់តែ​ប្រសើរ​ឡើង​នោះ​ជា​ជំហាន​មួយ​ឆ្ពោះ​ទៅ​ភាព​ជោគជ័យ​​មាន​​ទៅ​តាម​នោះ​ដែរ។ សូម​ចាំទុក គោលការណ៍​សន្សំ​ប្រាក់​មាន​ទាប​បំផុត​​ចាប់ពី​១០% នៃ​ប្រាក់ខែ​របស់​អ្នក។​​

២) “ខ្ញុំ​មិន​មាន​លុយ​គ្រប់គ្រាន់​នោះ​ទេ!”
លោក​អ្នក​មាន​បំណង​ចង់​ធ្វើ​អាជីវកម្ម​ ឬ ចង់​ធ្វើ​អ្វីៗ ផ្សេងៗ​ដែល​នាំ​មក​នូវ​ទ្រព្យ​លាភ​កាន់តែ​ច្រើន​ឡើង​តែង​និយាយ​ពាក្យ​មួយ​ឃ្លា​នេះ។ ប៉ុន្តែ បើ​ពិនិត្យ​លើ​ការ​ចំណាយ​លើ​​សម្ភារៈ​ប្រើប្រាស់ ទូរស័ព្ទ​ដៃ រថយន្ត ​​ការ​ហូបចុក កម្មវិធី​​សប្បាយៗ​វិញ​ ប្រិយមិត្ត​មួយ​ចំនួន​​​ប្រហែល​​មិន​ខ្វះ​ឡើយ។ ដូច្នេះ​តើ​លោក​អ្នក​អាច​បែងចែក​ឲ្យ​ដាច់​រវាង​ភាព​គ្មាន​លុយ​គ្រប់គ្រាន់ និង ទ្រព្យសម្បតិ្ត​ទាំង​នេះ​បាន​ដែរ​ឬទេ?

លោក​អ្នក​ត្រូវ​សិក្សា​ឲ្យ​បាន​ច្បាស់​ថា តើ​លោក​អ្នក​បាន​ចំណាយ​លើ​អ្វី​ខ្លះ? ការ​ចំណាយ​ទាំង​នោះ​វា​ចាំបាច់​ដែរ​ឬទេ? តើ​ការ​ចំណាយ​នោះ​មាន​ទំហំ​ធំ​ជាង​ចំណូល​ដែរ​ឬទេ? ​លោក​អ្នក​នឹក​ភ្ញាក់ផ្អើល​នៅ ពេល​ដែល​រក​ឃើញ​ចម្លើយ​ទាំង​នេះ​បាន។ បើ​ចម្លើយ​សុទ្ធតែ​អវិជ្ជមាន នេះ​មានន័យ​ថា​លោក​អ្នក​ត្រូវ​រៀបចំ​បញ្ជី​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំខែ​ឡើង​វិញ​ឲ្យ​បាន​ជា​​ឆាប់​ជា​ទីបំផុត ហើយ​ត្រូវ​​​​កាត់បន្ថយ​ការ​ចំណាយ​ឲ្យ​បាន​កម្រិត​ខ្ពស់ តែ​បង្កើន​ប្រាក់​​សន្សំ​​ឲ្យ​បាន​ច្រើន​ជាង​មុន។ បើ​អ្នក​សន្សំ​១​ខែ​បាន ១០០​ដុល្លារ លុះ​ ៥​ ឆ្នាំ​ក្រោយ​មក​លោក​អ្នក​នឹង​មាន​លុយ​ ៦ ០០០​​ដុល្លារ​នៅ​ក្នុង​ដៃ។​​​

៣) “ខ្ញុំ​នៅ​ក្មេង​ពេក! ខ្ញុំ​នៅ​មាន​ពេល​ជា​ច្រើន​ទៀត​ដែល​អាច​រក​លុយ​បាន​!”

ស្តាប់​ទៅ​ការងារ​​ក្នុង​វ័យ​ក្មេង​ហាក់​ដូចជា​ធ្ងន់ធ្ងរ​ណាស់​សម្រាប់​ប្រិយមិត្ត ជា​ពិសេស​យុវជន​ដែល​មិន​សូវ​ប្រញាប់ប្រញាល់​​រឿង​ស្វែង​រកលុយ​​ចូល​ហោប៉ៅ​របស់​ខ្លួន។ តើ​លោក​អ្នក​​មាន​ដឹង​ទេ​ថា នេះ​ជា​រឿង​សោកស្តាយ​បំផុត​​មួយ​របស់​​មនុស្ស​ភាគច្រើន​​ពេល​ឈាន​ជើង​ដល់​វ័យ​​​ជ្រេ​បន្តិច​នោះ?

 

ឥឡូវ​នេះ​ដល់​ពេល​ដែល​លោក​អ្នក​សាកល្បង​បន្តិច​មើល៍​ថា បើ​លោក​អ្នក​ចង់​មាន​គ្រួសារ ឬ ពង្រីក​អាជីព​ការងារ​ តើ​លោក​អ្នក​ត្រូវ​ការ​ប្រាក់​ដែរ​ឬទេ? នេះ​ជា​​ភារកិច្ច​មួយ​ដែល​លោក​អ្នក​ជៀស​មិន​រួច​​ពី​​ត្រូវ​រក​ប្រាក់​ទុក​ជា​មុន​នោះ​ឡើយ ពោល​គឺ​ធ្វើ​បាន​កាន់តែ​ឆាប់​កាន់តែ​ល្អ។ ​លោក​អ្នក​ត្រូវ​ចាំ​ថា បើ​រក​ប្រាក់​បាន​កាន់តែ​ច្រើន​ហើយ​ សន្សំ​បាន​កាន់តែ​ច្រើន​នោះ សុវត្ថិភាព​ហិរញ្ញវត្ថុ​របស់​លោក​អ្នក​នឹង​កាន់​តែ​ល្អ​ឡើង។

៤) “ខ្ញុំ​ចាស់​ហើយ! វា​យឺត​ពេល​ទៅ​ហើយ​សម្រាប់​ខ្ញុំ!”​
វា​មិនមែន​ជា​រឿង​មួយ​យឺតយ៉ាវ​នោះ​ទេ ដើម្បី​ធ្វើ​ឲ្យ​ថ្ងៃ​ស្អែក​​កាន់តែ​ល្អ​ឡើង​តាម​រយៈ​ការ​សន្សំ​ប្រាក់​​ក្នុង​ថ្ងៃ​នេះ។ នៅ​ពេល​ដែល​លោក​អ្នក​ជិត​ចូល​​និវត្ត សូម​ចាប់​ផ្តើម​គិត​​ឡើង​វិញ​ ដើម្បី​ធ្វើ​​យ៉ាងណា​អាច​សន្សំ​ប្រាក់​បាន​កាន់តែ​ច្រើន​ឡើង។ សម្រាប់​អ្នក​មាន​វ័យ​​កាន់តែ​ចាស់ មាន​វិធីសាស្ត្រ​៣ នៅ​ទី​នេះ​​​ដើម្បី​ជួយ​លោក​អ្នក​បាន​។ ទី១ ចំណាយ​ពេល​ធ្វើការ​ឲ្យ​បាន​ច្រើន​ជាង​មុន​បន្តិច​ ទី២ កាត់​បន្ថយ​ការ​ចំណាយ​ឲ្យ​​បាន​ច្រើន​ដើម្បី​សន្សំ​ទុក​ចំណាយ​ពេល​វ័យ​កាន់តែ​ចាស់ និង ទី៣ រៀបចំ​គោលដៅ​មួយ​ចំនួន​​បន្ថែម​ទៀត ដោយ​ហេតុ​ថា​អ្នក​ដែល​រៀបចំ​គោលដៅ​បាន​ច្បាស់លាស់​ ​ជោគជ័យ​ជាង​​អ្នក​​ដែល​គ្មាន​គោលដៅ។ 

៥) “គ្រួសារ​របស់​ខ្ញុំ​បាន​សន្សំ​ប្រាក់​ហើយ តើ​ខ្ញុំ​សន្សំ​ធ្វើ​អ្វី​ទៀត?”
រឿង​សន្សំ​ប្រាក់កាស​ តើ​វា​ជា​កាតព្វកិច្ច​រួម ឬ ជា​តួនាទី​របស់​ភាគី​ណា​ម្នាក់​នៅ​ក្នុង​គ្រួសារ? ការពិត​មិន​ថា ប្តី​ឬ ប្រពន្ធ អ្នក​មាន​គួរ​ ឬ អ្នក​គ្មាន​គូ​​នោះ​ទេ សុទ្ធតែ​អាច​​សន្សំ​ប្រាក់​បាន​សម្រាប់​ខ្លួន​​ឯង​ក៏​ដូច​ជា​សម្រាប់​គ្រួសារ​ផង​ដែរ។ វា​មិន​មែន​ជា​​បន្ទុក​របស់​អ្នកណា​ម្នាក់​នោះ​ទេ តែ​ឲ្យ​តែ​មាន​ទំនូល​ខុសត្រូវ​​​រួមគ្នា​ក្នុង​រឿង​នេះ​វា​ប្រាកដ​ណាស់​ថា ការ​ចំណាយ​របស់​លោក​អ្នក​ពិត​ជា​ត្រូវ​បាន​​កាត់បន្ថយ​​បាន។ អ្នក​អាច​រៀន​បទពិសោធន៍​ពី​អ្នក​មាន​ព្រោះ​ថា ការ​សន្សំ​ប្រាក់​គឺ​ជា​ជំនាញ​មួយ​ដែល​មិន​អាច​ខ្វះ​បាន​ក្នុង​ជីវិត​របស់​មនុស្ស​ម្នាក់ៗ ​ដើម្បី​ឈាន​ឆ្ពោះ​ទៅ​រក​​ភាព​ឯករាជ្យ​ហិរញ្ញវត្ថុ។

៦) “អត្រា​​ប្រាក់​បញ្ញើ​​ទាប​ពេក ខ្ជិល​សន្សំ​ណាស់!”
លោក​អ្នក​មាន​ប្រាក់​ច្រើន ចង់​សន្សំ​ប្រាក់​ទុក​នៅ​ធនាគារ ប៉ុន្តែ​បញ្ហា​ត្រង់​ថា អត្រា​ការប្រាក់​ទាប​ពេក​​ ពិបាក​​នឹង​ទទួល​យក​បាន ដែល​នេះ​អាច​ធ្វើ​ឲ្យ​លោក​អ្នក​រារែក​ទុក​ប្រាក់​ដោយ​ខ្លួន​ឯង។ វា​ជា​រឿង​ពិត តែ​នេះ​មិនមែន​ជា​វិធីសាស្ត្រ​ដ៏​ល្អ​នោះ​ឡើយ ត្បិតអី​​ប្រាក់​ដែល​ល្អ​គឺ​ជា​ប្រាក់​ដែល​ចេះ​ដើរ​​អាច​បង្កើត​ប្រាក់​ចំណូល​​បន្ថែម។ សូម​ចាំ​ថា ការ​សន្សំ​ប្រាក់​​នៅ​ធនាគារ​គឺ​ជា​ទម្លាប់​ដ៏​ល្អ​មួយ​​ហើយ តែ​បើ​​នេះ​មិន​ជា​ជម្រើស​​របស់​លោកអ្នក អ្នក​​​​អាច​​បោះ​លុយ​​វិនិយោគ​លើ​អ្វី​ផ្សេង​​វិញ​ក៏​បាន។ នេះ​ហើយ​ជា​វិធីសាស្ត្រ​​អន្ទង​ប្រាក់​ដ៏​ពេញ​និយម​របស់​​មហាសេដ្ឋី ជា​ពិសេស​​ក្រុម​អ្នក​មាន​ប្រាក់​​តែម្តង។

៧) “ខ្ញុំ​នឹង​ធ្វើ​នៅ​ថ្ងៃ​ស្អែក!”
​ពាក្យ​មួយ​ឃ្លា​នេះ មាន​តែ​មនុស្ស​ខ្ជិល​​ទេ​​ដែល​យល់​ស្រប​បាន ព្រោះ​ថា​ការ​យកលេស​ជា​រឿង​​ដែល​បុគ្គល​ប្រភេទ​នេះ​ចូលចិត្ត​បំផុត។ បើ​​លោក​អ្នក​ឧស្សា​យក​​និយាយ​ពាក្យពេចន៍​ទាំងនេះ​​មែន​នោះ មានន័យ​ថា លោក​អ្នក​ជា​មនុស្ស​ខ្ជិល​​ទៅ​ហើយ តើ​រឿង​អី​ដែល​អាច​ក្លាយ​ជា​អ្នក​មាន​បាន​នោះ​។ ការ​សន្សំ​ប្រាក់​ត្រូវ​តែ​ប្រញាប់ប្រញាល់​ជា​ទី​បំផុត​ មិន​រង់ចាំ​ថា ​ថ្ងៃ​ស្អែក ខែក្រោយ ឆ្នាំ​ក្រោយ ឬ ច្រើន​ឆ្នាំ​ទៀត​នោះ​ឡើយ ត្បិតអី​ពន្យារពេល​សន្សំ​ប្រាក់​កាន់តែ​យូរ​កាន់តែ​ប៉ះពាល់​ដល់​អនាគត​របស់​លោក​អ្នក។ បើ​លោក​អ្នក​អាច​កែប្រែ​ទម្លាប់​​អាក្រក់​ទាំងអស់​នេះ​បាន​មែន នៅ​ថ្ងៃ​ខាងមុខ​លោក​អ្នក​នឹង​អរគុណ​ខ្លួនឯង​ជា​ជា​មិនខាន៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ thebnews

error: Content is protected !!