ព្រោះតែសម្រស់ និងខ្លាំងភាសាអង់គ្លេស នារីរបាំខ្មែរម្នាក់ បានទៅសម្តែងច្រើនប្រទេសណាស់

នាដការី​ដ៏​ស្រស់​ស្អាត ​សេរី វណ្ណកុសន បាន​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ​ ដើម្បី​សិក្សា​សិល្បៈ​បុរាណ​ និង​​ចេញ​ទៅ​សម្ដែង​នៅ​ក្រៅ​ប្រទេស​ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌​ជាតិ​​។

ស្រី​ស្រស់​រូប​នេះ​បាន​ប្រាប់​ពី​មូល​ហេតុ​ដែល​នាង​ចូល​ហាត់​សិល្បៈ​បុរាណ​ថា​ ព្រោះ​តែ​ក្តី​ស្រលាញ់របស់​នាង​តាំង​ពី​ក្មេងមក​ ចំណែក​ឯក្រុម​គ្រួសារមិន​អ្នក​ហាម​ឃាត់​អ្វី​ឡើយ។ នារី​រួសរាយ​ម្នាក់​នេះ បន្ត​ថា​ «ខ្ញុំ​​បាន​ចូល​រៀន​សិល្បៈ​បុរាណ​នេះ​អស់​រយៈ​ពេល​៩ឆ្នាំ​ ហើយបន្ត​មក​រៀន​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ វិចិត្រ​សិល្បៈ​ ជំនាញ​អ្នក​ដឹក​នាំ​សម្ដែង​របាំ​បុរាណ​ ហើយខ្ញុំបាន​បញ្ចប់​ការ​សិក្សា​ដោយ​ជោគ​ជ័យ​ក្នុង​ឆ្នាំ​២០១៦​»។

នាដការី​ដ៏​ស្រស់​ស្អាត ​សេរី វណ្ណកុសន

យុវតី​ដ៏​មាន​សមត្ថ​ភាព​នេះ​ ក៏​ទើប​បញ្ចប់​បរិញ្ញាបត្រ​អក្សរសាស្ត្រ​អង់គ្លេស នៅ​វិទ្យាស្ថាន​ភាសា​​បរទេស​ (IFL) កាល​ពី​ឆ្នាំ​២០១៧។ ការ​រៀន​ភាសា​នេះ​នាង​ថា ​គឺ​ដើម្បី​កុំ​ឲ្យ​គេ​គិត​ថា​អ្នក​របាំ​ចេះ​តែ​រាំ​មួយ​មុខ ហើយ​វាជា​ឱ​កាស​ដែល​នាង​មាន​លទ្ធ​ភាព​បង្ហាញ​ពី​សិល្បៈ​បុរាណ​ខ្មែរ​​ ដល់​បាន​បរទេស​បាន​ស្គាល់​ទៀត​ផង​។

«កន្លង​មក​ខ្ញុំ​បាន​ចូល​រួម​បង្ហាញ​វប្បធម៌​ជាតិ​ដល់​ប្រទេសជា​ច្រើន​ដែរ ដូច​ជា កូរ៉េ​ ចិន ជប៉ុន សិង្ហបុរី​ ឥណ្ឌា អារ៉ាប់រួម​ ថៃ និង វៀតណាម​ ជា​ដើម ហើយ​ខ្ញុំ​ទៅ​ភាគ​ច្រើន​ គឺ​ជា​ការ​អញ្ជើញ​ឲ្យ​ទៅ​ទស្សនកិច្ច​នៅ​ក្រៅ​ប្រទេស​ជាផ្លូវ​ការ ឬ​ទៅ​ធ្វើ​បទ​បង្ហាញ​​ផ្លាស់​ប្ដូរបទ​ពិសោធន៍​សិល្បៈ​រវាង​ប្រទេស​ផ្សេងៗ​ជា​ដើម​។» វណ្ណកុសន រៀបរាប់។

ជា​ការ​ពិត​ណាស់​ ជា​ញឹក​ញាប់នៅ​ក្នុង​ពិធី​សម្ដែង​សិល្បៈ​ធំ​របស់​ជាតិ ក៏​មាន​វត្តមាន​​នាដការី​រូប​ស្អាត​នេះ​ចូល​រួម​​សម្ដែង​ ដោយបង្ហាញ​នូវ​កាយ​វិការ​ទន់ភ្លន់​គួរ​ឲ្យ​ចាប់​ចិត្ត​ផង​ដែរ។ ទោះជា​មាន​ចំណេះ​ដឹង​ផ្នែក​ភាសា​អង់គ្លេស ដែល​អាច​ប្រើ​ការ​បាន​ និង​មាន​លទ្ធ​ភាព​ទទួល​ការ​ងារ​ថ្មី​ក៏​ដោយ​ ក៏​នាង​មិន​មាន​បំណង​បោះបង់​អាជីព​ជា​នារី​របាំ​នេះ​ចោល​ឡើយ ផ្ទុយ​ទៅ​វិញ​នាង​មាន​​សប្បាយចិត្ត​ពេល​បាន​ប្រើ​ប្រាស់​ភាសា​ដែល​ខ្លួន​ចេះ​នេះ​ រៀបរាប់​ពី​សិល្បៈ​បុរាណ​ខ្មែរ​ឲ្យ​គេ​បាន​ដឹង​។

សេរី វណ្ណ​កុសន ជា​ស្រី​កូនទោលក្នុង​គ្រួសារ​មួយ​ដែល​មាន​ឪពុក​ជា​មន្រ្តី​រាជការ​ និងម្តាយ​ជា​ស្រ្តី​មេផ្ទះ។ នាងមានវ័យ២៣ ឆ្នាំ ​​កំពុង​បម្រើ​​ការងារ​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ និង​ជា​គ្រូបង្រៀន​​ភាសា​អង់គ្លេ គោល​ដៅ​អនាគត​នាង​ចង់​ក្លាយជា​គ្រូបង្រៀន​មួយ​រូប​​ផ្នែក​សិល្បៈ​បុរាណ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay

error: Content is protected !!