តិចច្រឡំ! តាមពិតលោក គីម ជុង​អ៊ុន មិនមែនជាប្រធានធិបតីកូរ៉េខាងជើង​នោះទេ គឺមានតែមនុស្សម្នាក់គត់

លោក គីម ជុង​អ៊ុន ឡើងកាន់​អំណាច​បន្តវេន​ពី​លោក គីម ជុងអ៊ីល ជា​ឪពុក​នៅ​ចុងឆ្នាំ​២០១១ ។ មេដឹកនាំ​វ័យក្មេង​រូបនេះ​កាន់កាប់​តំណែង​កំពូលៗ​ជាច្រើន​នៅ​កូរ៉េខាងជើង​ទាំង​ក្នុង​បក្ស ស្ថាប័ន​ដឹកនាំ​រដ្ឋ និង​យោធា​ផង​។ យ៉ាងណាមិញ ដូច​ឪពុក​របស់ខ្លួន​ដែរ លោក គីម ជុង​អ៊ុន មិនមាន​ឈ្មោះ​ជា​ប្រធានាធិបតី​កូរ៉េខាងជើង​ឡើយ ដោយ​តំណែង​នេះ​ត្រូវបាន​គ្រប់គ្រង​ដោយ​បិតា​ស្ថាបនិក​កូរ៉េខាងជើង គីម អ៊ី​ល​ស៊ុ​ង តែ​ម្នាក់​គត់​។

លោក គីម ជុង​អ៊ុន ជា​មេដឹកនាំ​កំពូល​កូរ៉េខាងជើង

ក្នុងនាម​ជា​មេដឹកនាំ​កំពូល​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន តែង​ត្រូវបាន​ច្រឡំ​ថា​ជា​ប្រធានាធិបតី​របស់​រដ្ឋ​កុម្មុយនីស្ត​មួយ​នេះ ប៉ុន្តែ​ជាការ​ពិត​នោះ លោក គីម មិនមែនជា​ប្រធានាធិបតី​អ្វី​ឡើយ​។ ទោះ​មិន​កាន់តំណែង​នេះ​ក្ដី ក៏​ប្រមុខ​ដឹកនាំ​ដឹកនាំ​កូរ៉េខាងជើង​ជំនា​ន់ទី​បី​រូបនេះ​បាន​ក្ដាប់​អំណាច​ពេញ​ក្នុង​ដៃ​របស់ខ្លួន ហើយ​គ្រប់គ្រង​ស្ថាប័ន​ទាំងអស់​សំខាន់ៗ​របស់​កូរ៉េខាងជើង មិន​ថា​តំណែង​ក្នុង​បក្ស រដ្ឋ ឬ​ស្ថាប័ន​កងទ័ព​អ្វី​ឡើយ​។​

​តាមពិតទៅ តំណែង​ប្រធានាធិបតី​ត្រូវបាន​ប្រគល់​ឲ្យ​ជីតា​លោក គីម ជុង​អ៊ុន គឺ​លោក គីម អ៊ី​ល​ស៊ុ​ង​ក្នុង​ឆ្នាំ​១៩៩៨ ។ យោងតាម​សារព័ត៌មាន The New York Times លោក គីម ជុងអ៊ីល ដែល​បន្ត​ដឹកនាំ​ប្រទេស​ពី​ឪពុក​បាន​កែ​រដ្ឋធម្មនុញ្ញ បានតម្កើង​លោក គីម អ៊ី​ល​ស៊ុ​ង ជា «​ប្រធានាធិបតី​អមតៈ​» តែម្ដង ហើយ​ភារកិច្ច​នានា​របស់​ប្រធានាធិបតី​ត្រូវបាន​ផ្ទេរ​ទៅ​ឲ្យ​ប្រធានសភា​វិញ​។ លោក គីម យ៉ុង​ណា​ម ដែលជា​ប្រធានសភា​តាំងពី​ឆ្នាំ​១៩៩៨ មក​នោះ ក៏​ក្លាយជា​ប្រមុខរដ្ឋ​កូរ៉េខាងជើង​ទៅ​។​

លោក គីម ជុង​អ៊ុន ដែលត្រូវជាជីតាមានងារជា “ប្រធានាធិបតី​អមតៈ​”

​បើ​គេ​ស្ដាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េខាងជើង គេ​នឹង​ឮ ឬ​ឃើញ​ការរៀបរាប់​តួនាទី និង​ងារ​វែង​អន្លាយ​របស់លោក គីម ជុង​អ៊ុន មិន​ខាន​។ ជាទូទៅ លោក គីម ត្រូវបាន​ហៅថា​៖ «​មេដឹកនាំ​កំពូល​របស់​បក្ស រដ្ឋ និង​កងទ័ព គីម ជុង​អ៊ុន ជា​ប្រធាន​គណបក្ស​ពលករ​កូរ៉េ និង​ជា​ប្រធាន​គណៈកម្មការ​កិច្ចការរដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ​»​។ ក្នុង​តំណែង​ជា​ប្រធាន​គណៈកម្មការ​កិច្ចការរដ្ឋ លោក គីម មានអំណាច​ធំ​លើ​ការងារ​រដ្ឋ ទាំង​វិស័យ​យោធា និង​ស៊ីវិល​ផង​។​

​ក្នុង​ទំនាក់ទំនង​ជាមួយ​បរទេស លោក គីម តែង​ត្រូវបាន​ហៅ​ដោយ​តួនាទី​ជា​ប្រធាន​គណៈកម្មការ​កិច្ចការរដ្ឋ​។ ជាក់ស្ដែង ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ក៏បាន​ហៅ​លោក គីម ដោយ​តួនាទី​នេះ​ក្នុង​លិខិត​លុបចោល​ជំនួប​នៅ​សិង្ហ​បុរី និង​បន្ទាប់​ទៀត​ក្នុង​ការចរចា​នៅ​សណ្ឋាគារ Capella ដែរ​។ ឯ​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង ក្នុង​សារ​អបអរ​ជំនួប​នេះ ក៏​ទទួលស្គាល់​តួនាទី​ផ្លូវការ​លោក គីម ជា​ប្រធាន​គណៈកម្មការ​កិច្ចការរដ្ឋ​។​

​សម្រាប់​ស្ថាប័ន​កងទ័ព​វិញ លោក គីម ជុង​អ៊ុន ប្រធាន​គណៈកម្មការ​យោធា​មជ្ឈិម និង​ត្រូវបាន​ចាត់ទុកជា​មេបញ្ជាការ​ជាន់ខ្ពស់​កង​ទ័ព​ប្រជាជន​កូរ៉េ​។ ចាប់ពី​ឆ្នាំ​២០១២ មេដឹកនាំ​វ័យក្មេង​រូបនេះ​ក៏មាន​ឋានន្តរសក្តិ​ជា​សេនាប្រមុខ​នៃ​កងទ័ព​កូរ៉េខាងជើង​ផងដែរ ដែល​បង្ហាញ​ពី​ការពង្រឹង​អំណាច​របស់​ក្រ​កូ​ល គីម ក្នុង​ជួរ​កងទ័ព​។ ឯ​ផ្ទៃក្នុង​បក្ស ក្រៅពី​តំណែង​ប្រធាន លោក​ក៏​ជា​សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​ការិយាល័យ​នយោបាយ​ដែរ​៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ thmeythmey