រន្ធត់ចិត្ត! ក្រោយអ្នកម្នាង អ៊ុក ផល្លា សោយទិវង្គតទៅ បន្សល់ទុកកូន ២នាក់ ឱ្យនៅកំព្រាម្តាយ

ក្រុមគ្រួសាររបស់អ្នកម្នាង អ៊ុក ផល្លា

ក្នុង​ទិដ្ឋភាព​ដ៏​សោកសៅ​ថ្ងៃ​បូជា អ្នកម្នាង អ៊ុក ផល្លា នៃ​សម្ដេច​ក្រុមព្រះ នរោត្ដម រណឬទ្ធិ នៅ​វេលា​ព្រឹក​នេះ នៅ​ថ្ងៃ​ទី២០ ខែ​មិថុនា បាន​ធ្វើ​ឲ្យ​ប្រជានុរាស្ត្រ​ស្ទើរ​ទូទាំង​ប្រទេស​មាន​អាណិត​អាសូរ សោក​ស្រណោះ​ជាពន់​ពេក ចំពោះ​ព្រះបុត្រា​ទាំង​២ គឺ​បុត្រ​ច្បង​មាន​នាម ​នរោត្តម​ សុធា​ឫទ្ធិ ប្រសូត​ក្នុង​ឆ្នាំ ២០០៣ ​និង​បុត្រទី២ ​មាន​នាម នរោត្តម ​រណ​វង្ស ប្រសូត​ក្នុង​ឆ្នាំ ២០១១។

បុត្រ​ច្បង​មាន​នាម ​នរោត្តម​ សុធា​ឫទ្ធិ (ផ្នួស)

រំឮក​ជីវ​ប្រវត្តិ​របស់​អ្នក​ម្នាង អ៊ុក ផល្លា បន្តិច​ អ្នក​ម្នាង​ធ្លាប់​មាន​ចំណង​​អាពាហ៍​ពិពាហហ៍​ដំបូង​​ជាមួយ​ឯកឧត្តម វេង សេរីវុឌ្ឍ ​អតីត​រដ្ឋមន្រ្តី​ក្រសួង ទេសចរណ៍។ ​មិន​យូរ​ប៉ុន្មាន​ជីវិត​អាពាហ៍ពិពាហ៍​របស់​អ្នក​នាង អ៊ុក ផល្លា បាន​ដល់​ផ្លូវ​បំបែក។ ​ក្រោយ​ពី​បែកបាក់​ស្វាមី អតីតតួឯក​អប្សរា​នេះ ​ត្រូវ​បាន​សម្តេច​ក្រុម​ព្រះ​ នរោត្តម ​រណឬទ្ធិ សព្វព្រះទ័យ និង​បាន​សាង​ជីវិត​គ្រួសារ​ជាមួយ​គ្នា​ក្រោយ​ពី​ព្រះអង្គ​បាន​លែង​លះ​ជាមួយ​អ្នកម្នាង​ មារី រណឫទ្ធិ។

បុត្រទី២ ​មាន​នាម នរោត្តម ​រណ​វង្ស

ការ​រួម​រស់​ជា​មួយ​សម្តេច​ក្រុម​ព្រះ​ នរោត្តម រណឫទ្ធិ​ បាន​ដាក់​ព្រះនាម​អ្នកម្នាង​ថា​ នរោត្តម ផល្លារណឬទ្ធិ  និង​ប្រសូត​បាន​បុត្រ​២​អង្គ​​ជា​ចំណង​ដៃ​ គឺ​បុត្រ​ច្បង​មាន​នាម ​នរោត្តម​ សុធា​ឫទ្ធិ ប្រសូត​ក្នុង​ឆ្នាំ ២០០៣ ​និង​បុត្រទី២ ​មាន​នាម នរោត្តម ​រណ​វង្ស ប្រសូត​ក្នុង​ឆ្នាំ ២០១១​។

ជា​អកុសល​នៅ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ២០១៨ ​​អ្នក​ម្នាង អ៊ុក ផល្លា​ បាន​ទទួល​មរណភាព​​ក្នុង​ព្រះជន្ម ៣៩ឆ្នាំ​ ដោយ​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ដំណើរ​​ជាមួយ​ព្រះ​ស្វាមី ដើម្បី​យាង​ចុះ​សួរ​សុខទុក្ខ​ប្រជាជន​ដែល​ជា​សមាជិក ​សមាជិកា​ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នៅផ្លូវជាតិលេខ៤ ​ក្នុង​ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​។ សព​របស់​អ្នក​ម្នាង​ត្រូវ​បាន​បូជា​នា​ព្រឹក​នេះ​ហើយ ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១៨។

គួររម្លឹកថា កាលពី​ថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០១៥ កន្លងទៅ ​ក្រោយពី​វិល​ត្រឡប់​មកពី​ជួប​អ្នកគាំទ្រ​ខ្លួន​នៅ​ក្នុង​ខេត្ត​កំពង់ចាម ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ និង​អ្នក​ម្នាង អ៊ុក ផល្លា បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កំណាត់​ផ្លូវជាតិ​លេខ៧ ក្នុងភូមិ​ព្រៃ​ខ្វិត ឃុំ​ខ្វិត​ធំ ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម ម្តងរួចមកហើយ ដោយ​រថយន្ត​ដឹក​ដី​បាន​បើកចូល​កាត់​ក្បួន​រថយន្ត​ទ្រង់ ក្នុង​ដំណើរ​មកកាន់​រាជធានី​ភ្នំពេញ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay