ញាក់សាច់! អ្នកវិទ្យាសាស្រ្ត នឹងបង្កើតសត្វដាយណូស័ររយៈពេលពី ៥ឆ្នាំ ទៅ១០ឆ្នាំខាងមុខនេះហើយ

លោក Jack Horner ជាអ្នកវិទ្យាសាស្ត្រ

នេះជាករណីដ៏មិនគួរឲ្យជឿមួយដែលធ្លាប់តែជារឿងប្រឌិត តែពេលនេះវាកំពុងឈានទៅរកការពិតហើយ។  អ្នកវិទ្យាសាស្ត្រដែលមានជំនាញខាងផ្នែកសត្វផុតពូជដ៏ល្បីល្បាញម្នាក់ និងជាមនុស្សម្នាក់ដែលត្រូវបានគេយកជាគំរូសម្រាប់តួអង្គ Dr. Alan Grant នៅក្នុងរឿង Jurassic Park ទៀតនោះ បាននិយាយថាគាត់បាននិងកំពុងដឹកនាំការស្រាវជ្រាវទៅលើហ្សែន ដើម្បីអាចធ្វើការបង្កើតសត្វដាយណូស័រឲ្យរស់រានមានជីវិតឡើងវិញ ក្នុងរយៈពេលពី ៥ឆ្នាំ ទៅ១០ឆ្នាំខាងមុខ។

អ្នកវិទ្យាសាស្ត្ររូបនេះគឺលោក Jack Horner ដែលថែមទាំងធ្លាប់ត្រូវបានអ្នកបង្កើតរឿង Jurassic ទាំង៤រឿង មកធ្វើការពិគ្រោះយោបល់ជាមួយទៀតផង។ គួររម្លឹកថា កាលពីមុនគាត់បានធ្លាប់គិតថាគន្លឹះនៃការបង្កើតសត្វសម័យបុរេប្រវត្តិដែលបានផុតពូជទៅហើយឱ្យត្រឡប់មកវិញបាន គឺតាមរយៈការស្វែងរក DNA ដែលជាប់ក្នុងទឹកកកជាដើម ក៏ប៉ុន្តែការរកឃើញថ្មីបានបង្ហាញថា វាមិនអាចធ្វើទៅរួចនោះទេ ដោយសារ DNA គឺបានបែកបាក់បន្តិចម្ដងៗទៅតាមពេលវេលា។

ជាលទ្ធផលគេបានងាកទៅមើលវិធីថ្មីមួយផ្សេងទៀត ដើម្បីបង្កើតដាយណូស័រឡើងវិញ។ លោក Horner បានដឹកនាំអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យធំៗចំនួនពីរ នៅសហរដ្ឋអាមេរិកគឺ សាកលវិទ្យាល័យ Harvard និង Yale។ គន្លឹះដែលគេបានរកឃើញថ្មីនោះគឺមាននៅក្នុងសត្វមាន់បច្ចុប្បន្ននេះ។  លោក Horner បាននិយាយថា «វាជាការពិតណាស់ ព្រោះមាន់ក៏ជាដាយណូស័រដែរ។  ដូចនេះហើយ យើងគ្រាន់តែត្រូវការផ្លាស់ប្ដូរ DNA របស់វាបន្តិចបន្តួចប៉ុណ្ណោះដើម្បីឲ្យវាមើលទៅដូចជាដាយណូស័របាន»។

នៅក្នុងការប៉ុនប៉ងដើម្បីបង្វែរការវិវឌ្ឍថយក្រោយវិញ  ក្រុមអ្នកស្រាវជ្រាវបានទទួលផលយ៉ាងប្រសើររួចមកហើយ ក្នុងការផ្លាស់ប្ដូរសត្វមាន់ឲ្យក្លាយទៅជាដូនតាដំបូងរបស់វា។  បើសិនជាការផ្លាស់ប្ដូរហ្សែនគឺមិនគ្រប់គ្រាន់ទេនោះ អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Harvard នឹងធ្វើការសាកល្បងមួយផ្សេងទៀតដែលស្រដៀងទៅនឹងការប៉ុនប៉ងថ្មីៗនេះផងដែរ ដោយគេបានដាក់បញ្ចូលហ្សែនរបស់សត្វដំរីទឹកកក ឬ woolly mammoth ទៅឱ្យសត្វដំរីបច្ចុប្បន្ន ដើម្បីបង្កើតសត្វដំរីទឹកកកដែលបានផុតពូជទៅកាលពី ១មុឺនឆ្នាំមុន។

សត្វដំរីទឹកកក ឬ woolly mammoth

បើសិនជាលក្ខណៈខុសគ្នាធំៗ៤ រវាងសត្វមាន់ និងដាយណូស័រមានត្រឹមតែ កន្ទុយ ដៃ ប្រអប់ដៃ និងមាត់  លោក Horner និងក្រុមរបស់គាត់បានរកឃើញ និងផ្លាស់ប្ដូរហ្សែននៅក្នុងសត្វមាន់ ដែលបាននាំឲ្យចំពុះរបស់មាន់មានលក្ខណៈដូចមាត់របស់សត្វដាយណូស័ររួចមកហើយ។

លោក Horner បាននិយាយថា  «ការពិតទៅ ដៃ ហើយនិងស្លាប គឺមិនពិបាកក្នុងការធ្វើនោះទេ។  ទោះជាយ៉ាងណាក៏ដោយ កន្ទុយគឺជាគម្រោងធំជាងគេរបស់យើង។ ក៏ប៉ុន្តែលទ្ធផលដែលយើងទទួលបានកាលពីពេលថ្មីៗនេះ អាចផ្ដល់ក្ដីសង្ឃឹមឲ្យយើងថា យើងនឹងអាចសម្រេចវាបាននៅក្នុងរយៈពេលខ្លីខាងមុខនេះ»។ លោក Horner បានហៅសត្វដែលលោកបង្កើតថា «Chickensoraus» ឬ មាន់ណូស័រ ហើយលោកបាននិយាយថា វាកំពុងតែក្លាយជាការពិតហើយ៕

T-rex

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload