​​មរកត​​​​វប្បធម៌​​​ខ្មែរ​​​​ទាំង ៨ បានចុះក្នុងបញ្ជី​​​​បេតិកភណ្ឌ​ពិភពលោក ​

ជា​ស្នាដៃ​ឯក​តែ​មួយ​គត់​គ្មាន​ពីរ ឬ​វិសេស​វិសាល​ចំពោះ​ប្រពៃណី​វប្បធម៌ ​អរិយធម៌ និង​បំពេញ​គ្រប់​លក្ខខណ្ឌ​ជា​ច្រើន​ទៀត ទើប​អាច​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ UNESCO។ 

អ្នក​សិក្សាស្រាវជ្រាវ​វប្បធម៌​បាន​បញ្ជាក់​ថា បេតិកភណ្ឌ​ពិភពលោក គឺ​ជា​អ្វីៗ​ដែល​ជា​វត្ថុ​រូបិយ​និង​អរូបិយ​របស់​មនុស្ស​ជាតិ ទាំង​វប្បធម៌​និង​ធម្មជាតិ។ ចំពោះ​សម្បត្តិ​វប្បធម៌​រូបិយ គឺ​ជា​សំណង់​ផ្សេងៗ ដូច​ជា​ប្រាសាទ​បុរាណ ឬ​វត្ត​អារាម ។ល។ រី​ឯ​សម្បត្តិ​វប្បធម៌​អរូបិយ​វិញ រួម​មាន​សិល្បៈ របាំ ផង​ទាំង​ឡាយ ដូចជា​របាំ​បុរាណ របាំ​អប្សរា ជាដើម។

សម្រាប់​សម្បត្តិ​វប្បធម៌​ជា​បេតិកភណ្ឌ​ជាតិ គេ​បាន​ចាត់​ទុក​ថា គឺ​ជា​របស់​មួយ​មាន​តម្លៃ​ខ្លាំង​ណាស់ មិន​អាច​កាត់​ថ្លៃ​បាន ពីព្រោះ​វត្ថុ​ទាំង​អស់​នោះ​គឺ​ជា​តំណាង​ឲ្យ​អត្តសញ្ញាណ ឬ​ជា​ដួង​ព្រលឹង​របស់​ជាតិ​សាសន៍​នីមួយៗ។ ចំណែក​ឯ​សម្បត្តិ​វប្បធម៌​បេតិកភណ្ឌ​ពិភពលោក​វិញ ក៏​គេ​ចាត់​ទុក​ថា ជា​វត្ថុ​មួយ​ដ៏​ខ្ពង់ខ្ពស់ និង​មាន​តម្លៃ​បំផុត​មិន​អាច​កាត់​ថ្លៃ​បាន​ដែរ ពីព្រោះ​វត្ថុ​នេះ​គឺ​ជា​កេរមរតក​របស់​មនុស្ស​ជាតិ​ជំនាន់​មុនៗ ដែល​បាន​កសាង​ទុក​មក​ជា​យូរ​អង្វែង។

ចំពោះ​កម្ពុជា សរុប​មក​ទល់​បច្ចុប្បន្ន​មាន​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ទាំង​អស់ ៨ ដែលមានដូចខាងក្រោមនេះ៖

១) “​តំបន់​អង្គរ“​ បានចុះបញ្ជីនៅថ្ងៃទី ១៤ ខែធ្នូ​ ឆ្នាំ១៩៩២

២) “របាំ​ព្រះ​រាជ​ទ្រព្យ​” ចុះបញ្ជីនៅថ្ងៃ​ទី ៧​ ខែវិច្ឆិកា​ ឆ្នាំ២០០៣

៣) “ល្ខោន​​ស្រមោល​ស្បែក​ធំ” ចុះបញ្ជីនៅថ្ងៃ​ទី ២៥ ខែវិច្ឆិកា ឆ្នាំ២០០៥  

៤) “ប្រាសាទ​ព្រះវិហារ” ចុះបញ្ជីនៅថ្ងៃទី​ ៧ ខែ​កក្កដា​ ឆ្នាំ២០០៨ ​​

៥) “បណ្ឌសារឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង” ចុះបញ្ជីនៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០០៩

៦) “ល្បែងទាញព្រ័ត្រ” ចុះបញ្ជីនៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០១៥

៧) “ចាប៉ីដងវែង” ចុះបញ្ជីនៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៦

៨) “ប្រាសាទសំបូរព្រៃគុក” បានចុះបញ្ជីនៅថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០១៧

 

ដកស្រង់ដោយ៖ លោក​ ប៊ុត ហេង

ប្រភព៖ news.sabay, rfa, unesco