ភ្ញាក់ផ្អើល! អង្គការ​យូណេស្កូ សុំ​ពន្យា​ពេល​ប្រកាស​លទ្ធផល​នៃ​ការចុះបញ្ជី​គុន​ល្បុក្កតោ​ខ្មែរ

អង្គការ​យូណេស្កូ បាន​សុំ​ពន្យា​ពេល​ប្រកាស​លទ្ធផល​នៃ​ការចុះបញ្ជី​គុន​ល្បុក្កតោ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​រហូតដល់​ឆ្នាំ​២០២០​។ បើតាម​គម្រោង​លទ្ធផល​នេះ ត្រូវ​ប្រកាស​នា​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៩​។ ការសុំ​ពន្យា​ពេលនេះ គឺ​ដើម្បី​ទុក​អត្ថិភាព​ដល់​ប្រទេស​ដែល​ទើប​ស្នើសុំ​ដាក់​សម្បត្តិ​វប្បធម៌​របស់ខ្លួន​ជា​លើកដំបូង​។ តែ​យ៉ាងណា អ្នកជំនាញ​របស់​អង្គការ UNESCO បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កញ្ចប់​ឯកសារ​របស់​កម្ពុជា ក្រោយ​មិនទាន់​ឃើញ​មាន​ចំណុច​ខ្វះខាត​។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​និយាយថា មានការ​ប្រែប្រួល​ពេលវេលា​មួយចំនួន​ក្នុងការ​ប្រកាស​លទ្ធផល​នៃ​ការចុះបញ្ជី​គុន​ល្បុក្កតោ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ដោយ​អង្គការ UNESCO សុំ​ពន្យា​ពេល​រហូតដល់​ឆ្នាំ​២០២០​។ ការពន្យា​ពេលនេះ គឺ​ដើម្បី​យក​ពេល​ទៅ​ត្រួតពិនិត្យ​កញ្ចប់​ឯកសារ​របស់​ប្រទេស​ដទៃ ព្រោះ​មាន​ប្រទេស ជាច្រើន​បានស្នើ​ដាក់​សម្បត្តិ​របស់ខ្លួន​ជា​លើកដំបូង​ឆ្នាំនេះ​។

«UNESCO បាន​ផ្តល់ដំណឹង​ជាក់លាក់​មក​យើង​ថា ដោយសារ​ឆ្នាំនេះ​មាន​ប្រទេស​ជាច្រើន​បានស្នើ​ដាក់​សម្បត្តិ​របស់គេ​ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ UNESCO​។ ដូច្នេះ គេ​ចង់​ផ្តល់​អត្ថិភាព​ដល់​ប្រទេស​ណា ដែលមាន​ការចុះបញ្ជី​តិច​បំផុត​នៅ​ឆ្នាំនេះ ហេតុនេះហើយ​បានជា UNESCO សុំ​ពន្យា​ពេល​យើង​។ បញ្ជី​របស់​គុន​ល្បុក្កតោ​យើង​ត្រូវបាន​គេ​យកទៅ​ពិ​និត្យនៅ​ឆ្នាំ​២០១៩ ហើយ​សម្រេច​នៅ​ឆ្នាំ​២០២០»​។ ជាការ​អះអាង​របស់លោក វ៉ា​ត់ ចំរើន​។


​តាម​គម្រោង​ការប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ការចុះបញ្ជី​នេះ គ្រោង​ធ្វើឡើង​នា​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៩​។ ប៉ុន្តែ​ដោយសារ​មានការ​ពន្យា​ពេល ការប្រកាស​អាច​នឹងធ្វើ​ក្នុងអំឡុង​ខែវិច្ឆិកា ឆ្នាំ​២០២០​។ តាមពិត​ក្នុងអំឡុង​ខែមិថុនា​នេះ ជា​ពេលដែល UNESCO ត្រូវ​ត្រួតពិនិត្យ​កញ្ចប់​ឯកសារ​គុន​ល្បុក្កតោ​ដំណាក់កាល​ទី​២ ក្រោយ​បើ​កញ្ចប់​ឯកសារ​លើកដំបូង​កាលពី​អំឡុង​ខែមីនា ឆ្នាំ​២០១៨​។

អនុប្រធាន​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​រូបនេះ ហាក់​មាន​ជំនឿ​ខ្ពស់​សម្រាប់​ភាពជោគជ័យ​ក្នុងការ​ចុះបញ្ជី​នេះ បន្ទាប់ពី​ខាង UNESCO ប្រាប់ថា កញ្ចប់​ឯកសារ​គុន​ល្បុក្កតោ​របស់​កម្ពុ​ជាមាន​លក្ខ​ណៈ​សម្បត្តិ​គ្រប់គ្រាន់​។ លោក​បន្ថែមថា​៖«​គេ​បាន​ប្រាប់​យើង​ថា ឯកសារ​គុន​ល្បុក្កតោ ជា​ឯកសារ​ដែល​គួរ​យកចិត្តទុកដាក់​បំ​ផុត​។ ចំណុច​នេះ​ធ្វើ​ឲ្យ​យើង​មានសង្ឃឹម​ច្រើន​សម្រាប់​ភាពជោគជ័យ ហើយ​មកទល់ពេលនេះ UNESCO ថា គេ​ក៏​មិនទាន់​រកឃើញ​ចំណុច​ខ្វះខាត​ក្នុង​ឯកសារ​របស់​យើង​ផងដែរ​»​។​


​ការសរសើរ​របស់ UNESCO ជា​ចំណុច​វិជ្ជមាន​មួយ​។ ហើយ​ការពន្យា​ពេល​ប្រកាស​លទ្ធផល​នេះ ធ្វើ​ឲ្យ​កម្ពុ​ជាមាន​ពេលវេលា​គ្រប់គ្រាន់​ក្នុងការ​រៀបចំ​ឯកសារ​អុកចត្រង្គ ដែលជា​កីឡា​អត្តសញ្ញាណ​ជាតិ​សម្រាប់​ត្រៀម​ចុះបញ្ជី​បេតិកភណ្ឌ​ពិភពលោក បន្ទាប់ពី​កីឡា​គុន​ល្បុក្កតោ​៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ thmeythmey