អគ្គស្នងការនគរបាលជាតិ ធ្វើសន្និសីទ អំពីករណីគ្រោះថ្នាក់ចរាចរណ៍សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ (វីដេអូ)

​នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍​ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ទទួលការងារចរាចរណ៍ ធ្វើសន្និសីទសារព័ត៌មាន នៅអគ្គស្នងការដ្ឋាននគរបាលជាតិ អំពីករណីគ្រោះថ្នាក់ចរាចរណ៍ របស់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្ស ហ៊្វុន ស៊ិន ប៉ិច។

ការធ្វើសន្និសីទសារព័ត៌មាននេះ ដើម្បីឲ្យអស់មន្ទិលសង្ស័យ និងបន្ទាប់ពី​ការស្នើរបស់លោក យូ ហុកគ្រី អនុប្រធានគណបក្ស ហ៊្វុន ស៊ិន ប៉ិច ដើម្បីឲ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជាក្រសួងមហាផ្ទៃ ធ្វើការ​ស៊ើបអង្កេតករណីគ្រោះថ្នាក់ចរាចរណ៍នេះឡើងវិញ។

សូមបញ្ជាក់ថា សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ព្រះប្រធានគណបក្ស ហ៊្វុន ស៊ិន ប៉ិច ​បានជួបគ្រោះថ្នាក់ចរាចរណ៍ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ នៅភូមិអូរតាសេក ឃុំអូរចំណារ ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ចំណុចគីឡូម៉ែត្រលេខ២០០-២០១​ បណ្ដាលឲ្យព្រះអង្គរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ដ ​នៅឯប្រទេសថៃ។

ដោយឡែក ​អ្នកម្នាង អ៊ុក ផល្លា បានទទួលមរណភាព ក្រោយពេលបញ្ជូនដល់មន្ទីពេទ្យ នៅខេត្តព្រះសីហនុ ដោយសារតែស្ថានភាពរបួសធ្ងន់ធ្ងរពេក៕

តោះមកទស្សនាវីដេអូទាំងអស់គ្នា៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ freshnewsasia