ធ្លាប់ជាក្មេងគេចសាលា ប្រើគ្រឿងញៀន លួចប្លន់ ក្លាយជាសេដ្ឋីមានទ្រព្យ ៣០០លានដុល្លារអាមេរិក

លោក Cameron Mitchell កាលនៅវ័យ ១៩ឆ្នាំ ជាក្មេងប្រុសម្នាក់បោះបង់ការសិក្សាថ្នាក់វិទ្យាល័យ ហើយបានរត់ចេញពីផ្ទះ ក្លាយជាក្មេងប្រើប្រាស់គ្រឿងញៀន លួចប្លន់។ យ៉ាងណាមិញ លោកបាន​កែប្រែជីវិត​ដែលធ្លាប់តែរស់នៅក្នុងភាពងងឹង​មកជីវិតភ្លឺស្វាយ ដោយបានក្លាយជាម្ចាស់អាជីវកម្មភោជនីយដ្ឋានរកចំណូលបាន ៣០០លានដុល្លារ។

លោក Cameron Mitchell ជាម្ចាស់ភោជនីដ្ឋាន Cameron Mitchell

ដំបូងឡើយមុននឹងក្លាយជា សហគ្រិនជោគជ័យ កាលពីក្មេងលោកជាក្មេងខូចខិល។ នៅថ្នាក់ទី៧លោកចាប់ផ្ដើមចេះជក់បារី ហើយនៅថ្នាក់ទី៨ ចាប់ផ្ដើមប្រឡូកជក់គ្រឿងញៀនម្ដង។ ពេលម្ដាយរបស់លោកដឹងរឿងនេះ ម្ដាយរបស់លោកក៏គំរាមលោកថា នឹងនាំលោកទៅមជ្ឈមណ្ឌលការពារកុមារ​ ដើម្បីផ្ដាច់គ្រឿងញៀន។ ពេលនោះលោកសម្រេចចិត្តរត់ចេញពីផ្ទះ ហើយរស់នៅជាមួយក្មេងដទៃ។លោកក្លាយជាក្មេងដែលចេះ លួច និងឆក់ប្លន់ជាច្រើនដងតែមិនត្រូវប៉ូលិសចាប់បានឡើយ។

ថ្ងៃមួយជាពេលត្រូវចូលរៀនថ្នាក់ទី៩ លោកហៅទូរស័ព្ទមកម្ដាយរបស់លោកដោយប្រាប់គាត់ថា លោកចង់ប្រលប់ទៅផ្ទះវិញ ដោយបានប្រាប់ម្ដាយថាលោកចង់កែប្រែជីវិតសាជាថ្មី។ ដូច្នេះលោកក៏ត្រលប់មកផ្ទះវិញចាប់ផ្ដើមការសិក្សារជាថ្មីម្ដងទៀត។ កំឡុងពេលសិក្សាថ្នាក់វិទ្យាល័យ ម្ដាយរបស់លោកមិនមានលុយផ្គត់ផ្តត់ថ្លៃអាហារថ្ងៃត្រូវ ដូច្នេះហើយលោកត្រូវ​ធ្វើការកំឡុងពេលសិក្សាថ្នាក់វិទ្យាល័យ ដោយបានធ្វើការនៅ​នៅភោជនីយដ្ឋានលក់សាច់បន្ទះ។

ពេលេរៀនចប់ថ្នាក់វិទ្យាល័យ​លោកមានចំណងចំណងចិត្តខាងធ្វើម្ហូបអាហារ ព្រោះធ្លាប់មានបទពិសោធន៍ធ្វើការនៅភោគជនីយដ្ឋាន ដូច្នេះលោកបានដាក់ពាក្យចូលរៀនសាលាធ្វើម្ហូបអាហារ Culinary Institute of America។ ២ឆ្នាំក្រោយមកលោកទទួលសញ្ញាបត្រខាងផ្នែកធ្វើម្ហូបអាហារព្រមទាំងទទួលបានការងារជាមេចុងភៅនៅភោជនីយដ្ឋានថ្មីមួយក្នុងទីក្រុង Columbus សហរដ្ឋអាមេរិក បន្ទាប់មកក៏ត្រូវបានគេតំឡើងតំណែងឲ្យធ្វើជាប្រធានមេចុងភៅ។

ភោជនីដ្ឋាន Cameron Mitchell របស់លោក លោក Cameron Mitchell

នៅត្រឹមវ័យ២៣ឆ្នាំ លោកគិតថា លោកមានបទពិសោធន៍ក្រាសក្រែលអំពីការងារនៅ ក្នុងភោជនីយដ្ឋានព្រមទាំងមានបទពិសោធន៍ការងារដឹកនាំក្រុមការងារក្នុងភោជនីយដ្ឋានផងនោះ លោគិតថាវាជាពេលវេលាដែលលោកត្រូវចាប់ផ្ដើមដោយខ្លួនឯងហើយ។ ដូច្នេះលោកសម្រេចចិត្តឈប់ធ្វើការឲ្យគេ ហើយមកអង្គុយរៀនសៀវភៅ ​Business នៅផ្ទះ។

បន្ទាប់ពី អានសៀវភៅជាច្រើនទាក់ទងនឹងការធ្វើ អាជីវកម្មជាពិសេសអាជីវកម្មភោជនីយដ្ឋាន លោកត្រូវការទុន ប្រមាណ ៤០ម៉ឺនដុល្លារក្នុងការបើកភោជនីយដ្ឋានមួយ។ លោកគ្មានលុយគ្រប់គ្រាន់ក្នុងបើកនោះទេ ដូច្នេះលោកបញ្ចុះបញ្ចូល និងប្រមូលបណ្ដាញអ្នកធ្វើការនៅភោជនីយដ្ឋានដែលលោកធ្លាប់ដឹកនាំឲ្យមកចូលទុនក្នុងការបើកភោជនីយដ្ឋានថ្មី។

នៅឆ្នាំ ១៩៩៣ លោកក៏បានបើកភោជនីយដ្ឋានមួយនៅទីក្រុង Worthington ក្នុងរដ្ឋ Ohio សហរដ្ឋអាមេរិក ដោយដាក់ឈ្មោះថា” Cameron’s American Bistro”។ នៅឆ្នាំបន្ទាប់លោកក៏បានបើកភោជនីយដ្ឋានទី២ ព្រមទាំងបើកបន្តកន្ទុយគ្នាជាបន្តបន្ទាប់ រហូតលោកបង្កើតបានជាក្រុមហ៊ុនភោគជនីយដ្ឋានមួយឈ្មោះថា “Cameron Mitchell Restaurants”។

លោក Cameron Mitchell​ បានបង្ហើបថា ការដែលលោកទទួលជោគជ័យក្នុងអាជីវកម្មគឺដោយសារលោកចាប់អាជីវកម្មមួយដែលលោកមានបទពិសោធន៍ច្បាស់លាស់​ និងជាចំណងចំណូលចិត្តរបស់ខ្លួន។ លោកបានបន្តទៀតថា ទោះជាលោកឃើញថាអាជីវកម្មជោគជ័យក៏ដោយក៏លោកមិនបន្ធូដៃឡើយពោលគឺព្យាយាមរកអ្វីដើម្បីច្នៃប្រឌិតឲ្យមានភាពទាក់ទាញអតិថិជន ហើយពង្រីកខ្លួនបន្ថែមទៀត។ លោកក៏បានសង្កើតធ្ងន់ថា ”បុគ្គលិកគឺជាធនធានដ៏សំខាន់របស់ក្រុ​មហ៊ុន ដូច្នេះបើម្ចាស់ក្រុមហ៊ុនមើលថែពួកគេបានល្អនោះ ពួកគេនឹងជួយមើលថែក្រុមហ៊ុនរបស់អ្នកបានល្អដូចគ្នា”។

បច្ចុប្បន្ន លោក Cameron Mitchell​ មានវ័យ ៥៤ឆ្នាំ ហើយកាន់កាប់ភោជនីយដ្ឋានចំនួន ៥៥ នៅទូទាំងសហរដ្ឋអាមេរិក។​ ក្រុមហ៊ុនភោជនីយដ្ឋានរបស់លោក មានបុគ្គលិកចំនួន ៤ពាន់នាក់ ព្រមទាំងរកចំណូលបាន ៣០០លានដុល្លារក្នុងមួយឆ្នាំ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia