ក្តៅៗ! ខ្សែភាពយន្ត “Funan” ផលិតដោយកូនកាត់ខ្មែរ-បារាំង ឈ្នះពានរង្វាន់ធំបំផុតពីអន្តរជាតិ (វីដេអូ)

ខ្សែភាពយន្តគំនូរជីវចល ដែលមានចំណងជើងថា “Funan” ដែលនិយាយអំពីប្រទេសកម្ពុជា ក្នុងអំឡុងរបបខ្មែរក្រហម ទទួលបានពានរង្វាន់ធំមួយពីមហោស្រពអន្តរជាតិ Annecy International Animation Film Festival លើកទី ៤២ ក្នុងប្រទេសបារាំងថ្មីៗនេះ។

ភាពយន្តនេះរៀបរាប់ពីជីវិតរបស់ម្តាយ ផលិតករ និងសិល្បករគំនូរជីវចល មានស្នាដៃក្នុងភាពយន្តបែបគំនូរជីវចល ខ្មែរ បារាំង Denis Do ផ្ទាល់ ក្នុងអំឡុងរបបខ្មែរក្រហមនៅប្រទេសកម្ពុជា ដែលជួបទុក្ខលំបាកជារៀងរាល់ថ្ងៃ និងត្រូវទ្រាំទ្រការគៀបសង្កត់ពោរពេញដោយអំពើហិង្សា។

ខ្សែភាពយន្តមួយនេះក៏បង្ហាញពីទឹកចិត្ត និងការខិតខំរបស់ម្តាយលោក Denis Do ដែលស្វែងរកកូនប្រុសរបស់គាត់បន្ទាប់ពីបានបែកបាក់គ្នាក្នុងអំឡុងពេលជម្លៀសប្រជាជនចេញពីទីក្រុងដោយប្រើកម្លាំងបាយ ព្រមទាំងអាវុធ របស់ទាហាន ប៉ុល ពត ទៅកាន់ជំរំពលកម្មនៅឯតាមជាយខេត្ត ដែលនេះជាហេតុការណ៏នាំដល់ការរលំនៃទីក្រុងភ្នំពេញ ដោយកងទ័ព​កុម្មុយនិស្ត​ខ្មែរ​ក្រហម​ចូល​កាន់​អំណាច​នៅថ្ងៃទី ១៧ មេសា ឆ្នាំ​ ១៩៧៥។

តាម​លោក Denis Do ដែល​ជា​អ្នក​និពន្ធ និង​ដឹក​នាំរឿង​ខាង​លើ ភាពយន្ត​ដែល​ឆ្លុះ​បញ្ចាំង​ពី​របប​ខ្មែរ​មួយ​នេះ បាន​ចំណាយ​ប្រមាណ៥លាន​ដុល្លារ​អាមេរិក​ ព្រោះ​ថា​វាជាភាពយន្ត​គំនូរ​ជីវចល ដូច្នេះហើយមាន​ការ​ចំណាយ​ខ្ពស់​ជាង​ភាពយន្ត​សម្ដែង​ដោយ​មនុស្ស​ពិតៗ​ឆ្ងាយ​។

Poster រឿង “Funan”

យ៉ាង​នេះ​ក្ដី បុរស​កូន​កាត់​បារាំង-ខ្មែរ​រូប​នេះ បញ្ជាក់​ថា កម្រិត​ចំណាយ​ខាង​លើ មិន​មែន​ជា​ទុន​របស់​លោក​តែ​ម្នាក់​នោះទេ ប៉ុន្តែ​ជា​ការ​ចូល​រួម​របស់​ក្រុម​ផលិត​ទាំង​អស់។ ក្រុម​ផលិត​ដែល​ចូល​រួម​ជួយ “Funan, the New People” ឲ្យ​ចេញ​ជា​រូប​រាង​ឡើង​មាន​ចំនួន​៤​ប្រទេស​គឺ មាន​ក្រុម​ប្រទេស ប៊ែលហ្សិក លុចហ្សំបួរ បារាំង និង​កម្ពុជា និងចាប់​ដៃគូ​សហការ​ផលិតជាមួយ​ក្រុម IThink Asia៕

លោក Denis Do

ចង់ដឹងថារឿង “Funan” មានចំណុចពិសេសបែបណាខ្លះ តោះទស្សនាវីដេអូខ្លីខាងក្រោម៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay