រន្ធត់ចិត្ត! ខំលើកសពម្តាយយកទៅតម្កល់ ស្រាប់តែបាក់ជណ្តើរសង្កត់ស្លាប់ទៅជាមួយគ្នា (វីដេអូ)

ជា​រឿង​គួរ​ឲ្យ​រន្ធត់​តក់ស្លុត ​និង​សង្វេគ​ពន់​ពេក​ចំពោះ​គ្រួសារ​មួយ​រស់​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ​អំឡុង​ពេល​ពិធី​បុណ្យ​សព​ម្ដាយ​ ​បែរ​​ពិធី​នោះ​បាន​​ផ្ដាច់​ជីវិត​កូន​ប្រុស​មួយ​រូប​បន្ថែម​ទៀត​ដោយ​សារ​ការ​ធ្វេស​ប្រហែស​​កាល​ពី​ពេល​ថ្មី​ៗ​នេះ។

បុរស​ជនជាតិ​ឥណ្ឌូនេស៊ី​ម្នាក់ ​បាន​បង់​ជីវិត​ដោយ​សារ​មឈូស​សព​ម្ដាយ​ធ្លាក់​ចំ​ពី​លើ​ពេញ​មួយ​ទំហឹង ​ខណៈ​ពេល​រូប​គាត់ និង​អ្នក​ជិត​ខាង​ជាច្រើន​ទៀត​បាន​ព្យាយាម​សែង​មឈូស​ដើម្បី​​រៀប​ចំពិធី​បុណ្យ​សព​ប្រោះព្រំ​នៅ​ទីក្រុង Makassar កោះ Sulawesi។ នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យដឹង​របស់​អាជ្ញាធរ​កាល​ពី​ថ្ងៃ​ទី ១៧ មិថុនា ឆ្នាំ​២០១៨​ កន្លង​ទៅ​ថ្មីៗ។

ជន​រងគ្រោះ​មាន​ឈ្មោះ Samen Kondorura អាយុ ៤០​ឆ្នាំ ​អម​ជា​មួយ​បុរស​ជាច្រើន​រូប​ទៀត ​​បាន​នាំ​គ្នា​សែង​មឈូស​​ឡើង​ជណ្ដើរ​ដាក់​កន្លែង​តម្កល់​សព (Lakkian) ​តែ​ជណ្ដើរ​ឫស្សី​បាន​ផាយ​ជើង ​រអិល​ធ្លាក់​អ្នក​សែង​មក​មុន​ទាំង​អស់​គ្នា​ រួច​មឈូស​ក៏​ធ្លាក់​ចុះ​តាម​ក្រោយ​ត្រូវ​ក្បាល​បុរស​ជា​​កូន​សព​ពេញ​ទំហឹង​។ ​ក្រៅ​កូន​រូប​នេះ នៅ​មាន​​មនុស្ស​មួយ​ចំនួន​ទៀត​​បាន​រង​របួស តែ​កម្រិត​ស្រាល។

អ្នក​ចូល​រួម​ពិធី​ដែល​នៅ​ឈរ​មើល​គេ​សែង ​បាន​ស្ទុះ​រត់​ទៅ​ជួយ​អ្នក​សែង​ទាំង​អស់​ដែរ ហើយ​​ជន​រងគ្រោះ​ត្រូវ​បាន​គេ​ដឹក​​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ ​ប៉ុន្តែ​ដោយ​សារ​របួស​ក្បាល​ធ្ងន់​ធ្ងរ​​ពេក​ដែល​បុក​នឹង​មឈូស គាត់​ក៏​បាន​ស្លាប់​បាត់​បង់​ជីវិត​តាម​ផ្លូវ។ ​តាម​ការ​រៀប​រាប់​របស់​ប៉ូលិស​ប្រាប់​អ្នក​សារព័ត៌មាន​ថា ​ឧបទ្ទវហេតុ​ខាង​លើ​កើត​ឡើង​ព្រោះ​តែ​ជណ្ដើរ​ឬស្សី​ដាក់​បញ្ឈរ​មិន​បាន​ត្រឹម​ត្រូវ ​មិន​មាន​អ្នក​ទប់ ​ឬ​មិន​មាន​កំណល់​ណា​មួយ​កល់​ឲ្យ​នឹង ពេល​មនុស្ស​ជា​ច្រើន​ឡើង​ទៅ​ដល់​ចុង​ជណ្ដើរ។

ទោះ​យ៉ាង​ណា ​ក្រុម​គ្រួសារ​សាច់​ញាតិ​​ជន​រងគ្រោះ​មិន​បាន​ដាក់​ពាក្យ​បណ្ដឹង​អ្នក​រៀប​ចំ​ពិធី ឬ​អ្នក​ធ្វើ​ជណ្ដើរ​ឡើយ។ ​ចុង​ក្រោយ​សព​លោក Samen ​ត្រូវ​បាន​គេ​ដាក់​នៅ​ទន្ទឹម​ជាមួយ​មឈូស​ម្ដាយ​ដោយ​ធ្វើ​ឲ្យ​គ្រប់​គ្នា​អាណិត​អាសូរ​ក្រៃលែង ​​ព្រោះ​តែ​បាត់​បង់​សមាជិក​គ្រួសារ​ម្ដង ២​នាក់៕

តោះមកទស្សនាវីដេអូទាំងអស់គ្នាដូចខាងក្រោមនេះ៖

 

អត្ថបទដោយ៖ លោក ប៊ុត ហេង