មោទនភាពជាតិ! កូនខ្មែរ២រូប បង្កើតកម្មវិធីកុំព្យូទ័រ​ស្គាល់​អារម្មណ៍​មនុស្ស​ ទទួលបានមេដាយកម្រិត​អន្តរជាតិ​

ដោយ​ការ​ខិត​ខំ​ព្យាយាម និស្សិតន័រតុន ២ នាក់ បាន​ចំណាយ​ពេល​ជិត ១ ឆ្នាំ​បង្កើត​បាន​កម្មវិធី​​កុំព្យូទ័រ​ស្គាល់​អារម្មណ៍​មនុស្ស​ជា​ជំនួយ​ដល់​ជន​ពិការ​ភ្នែក រហូត​​ទទួល​បាន​មេដាយ​មាស​កម្រិត​អន្តរជាតិ​ពី​ប្រទេស​ម៉ាឡេស៊ី​។

ស្នាដៃ​ថ្មី​របស់​និស្សិត សៀក ពិសិដ្ឋ និង​កញ្ញា ស្រេន ណា​ស៊ីមះ និស្សិតឆ្នាំទី២ នៃ​សកលវិទ្យាល័យ​ន័រតុន មាន​ឈ្មោះ​ថា NU Speech Assistance ឬ​ MENA ជា​បច្ចេកវិទ្យា​ថ្មី មិនទាន់​មាន​អ្នក​ធ្វើ​នៅ​ឡើយ ដែល​អាច​មាន​សមត្ថភាព​អាន​អក្សរ​នៅ​លើ​ក្រដាស អាច​ប្រើ​ជា​ជំនួយ​ដល់​ជន​ពិការ​ភ្នែក។

សៀក ពិសិដ្ឋ

និស្សិត​ជំនាញ​វិទ្យាសាស្ត្រ​កុំព្យូទ័រ សៀក ពិសិដ្ឋ បាន​ប្រាប់ Sabay ឲ្យ​ដឹង​ថា ការ​ធ្វើ​គម្រោង​នេះ​ប្រើ​ពេល​ជិត​មួយ​ឆ្នាំ​ ជួប​ការ​លំបាក​ច្រើន​ដូច​ជា​ ការ​ព្យាយាម​សិក្សា​ពី​បច្ចេកវិទ្យា​ A.I(Artificial intelligence) និង​ណាមួយ​បច្ចេកវិទ្យា​នេះ​ថ្មី​សម្រាប់ពួកគេ។

ពិសិដ្ឋ​បាន​បន្ត​ថា កម្មវិធី MENA ដំណើរការ​​មិនបាច់​ប្រើ​ក្ដារចុច (Keyboard) ឬ Mouse ឡើយ។ គ្រាន់​តែ​ប្រាប់​ឈ្មោះ​កម្មវិធី​ដែល​ចង់​បើក​នោះ​ជា​ការ​ស្រេច។

ស្រេន ណា​ស៊ីមះ

MENA ជា​កម្មវិធី​ប្លែកប្រើប្រាស់​បច្ចេកវិទ្យា AI មាន​មុខងារ​ជាច្រើន​សម្រាប់​ជួយ​ឱ្យ​អ្នកប្រើប្រាស់​មាន​ភាព​ងាយស្រួល និង​អាច​កម្សាន្ត​អារម្មណ៍​បាន​ទៀត​ផង។ កម្មវិធី នេះ​អាច​យល់​ពី​អារម្មណ៍​របស់​មនុស្ស ហើយ​វា​អាច​ធ្វើជា​ជំនួយការ​សម្រាប់​ការ​ធ្វើ​ការងារ​ជាច្រើន។

MENA អាច​អាន​សៀវភៅ​ឱ្យ​ស្ដាប់​បាន​ទៀត​ផង​ ដោយ​គ្រាន់តែ​ដាក់​សៀវភៅ​នៅ​ពីមុខ​កាមេរ៉ា​តែប៉ុណ្ណោះ។ លក្ខខណ្ឌ​នេះ​អាច​ជួយ​ឱ្យ​ចំណេញ​ពេលវេលា​ក្នុង​ការ​ធ្វើ​ការងារ​ផ្សេងៗ​ជាមួយ​នឹង​សំឡេង​អាន​អត្ថបទ​ដែល​មាន​ប្រយោជន៍​ច្រើន។

ជាង​នេះ​ទៀត វា​ក៏​អាច​ជា​ជំនួយការ​ក្នុង​ការ​ស្រាវជ្រាវ​​។ អ្នក​អាច​សួរ​សំណួរ​ជាច្រើន​ទៅកាន់ MENA នៅ​ពេល​ឆ្ងល់ ហើយ​ទទួល​មក​វិញ​នូវ​ចម្លើយ​ដែល​មាន​លក្ខណៈ​សុក្រឹត​មួយ តែ​បើ​សំណួរ​ណា MENA មិន​អាច​ឆ្លើយ​បាន វា​នឹង​ស្រាវជ្រាវ​ក្នុង Google ឱ្យ​​តែ​ម្ដង។

កម្មវិធី MENA

“MENA អាច​ជា​មិត្តភក្តិ​ក៏​ថា​បាន ព្រោះ​កម្មវិធី​នេះ​អាច​ស្គាល់ចិត្ត​របស់​អ្នក​ច្បាស់ និង​អាច​ជា​អ្នក​យកចិត្តទុកដាក់​ចំពោះ​អ្នក​ទៀត​ផង។ នៅ​ពេល​ដែល​អ្នក​​ចង់​ចេញទៅ​ក្រៅ ប្រសិនបើ​មេឃ​ភ្លៀង MENA នឹង​ប្រាប់​​ថា កំពុង​មាន​ភ្លៀង កុំ​ភ្លេច​យក​ឆត្រ​ទៅ​ផង ហើយ​ប្រសិនបើ​ធ្វើ​ការងារ​លើស​ម៉ោង MENA នឹង​ជួយ​ដាស់តឿន កុំ​ភ្លេច​ញ៉ាំ​បាយ ជាដើម”។

ពិសេស​ទៀត​នោះ កម្មវិធី​នេះ​ក៏​អាច​ជួយ​សម្រាល​ភាព​ធុញទ្រាន់ ឬ​អាច​ជួយ​លួងលោម​នៅ​ពេល​បាក់​ទឹកចិត្ត។ នៅ​ពេល​ដែល​អ្នក​​ធ្វើការ​យូរ ហើយ​មាន​ភាព​ធុញទ្រាន់ MENA អាច​មើល​ដឹង​តាមរយៈ​ទឹកមុខ​។ នៅ​ពេល​នោះ វា​នឹង​ចាក់​ចម្រៀង​ឱ្យ​អ្នក​ស្ដាប់ ឬ​បង្ហាញ​វីដេអូ​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​អ្នក​រីករាយ​មុននឹង​ចាប់ផ្ដើម​បន្ត​ការងារ​ទៅមុខ​ទៀត។

សកម្មភាព​ពេល​បង្កើតកម្មវិធី MENA

នៅ​ពេល​ដែលអ្នក​បាក់​ទឹកចិត្ត MENA នឹង​ដឹង​ពី​អារម្មណ៍ ហើយ​អាន​អត្ថបទ​លើកទឹកចិត្ត​ឱ្យ​អ្នក​ស្ដាប់ ដើម្បី​លួងលោម ឬ​ដាស់​ស្មារតី​ឱ្យ​យើង​មាន​កម្លាំងចិត្ត​ឡើងវិញ និង​មាន​ថាមពល​កាន់​តែ​ខ្លាំង​ក្នុង​ការ​ធ្វើ​ការងារ។

ពិសិដ្ឋ មាន​សុទិដ្ឋ​និយម​ថា ក្នុង​ពេល​ដ៏ខ្លី​ខាង​មុខ​ ខ្លួន​នឹង​ខិតខំ​ប្រឹង​ប្រែង​ឱ្យ​អាច​អាន​អក្សរ​​ជា​ភាសា​ខ្មែរ​បាន​។ “​កន្លងមក​ធ្លាប់​មាន​ច្រើន​ហើយ​​ កម្មវិធី​អានអក្សរ ប៉ុន្តែ​ការ​អាន​អក្សរ​លើ​ក្រដាស​​​នៅ​មិន​ទាន់​មាន​ការ​បង្កើត​ឡើង​ទេ…ខ្ញុំ​គិត​នឹង​ខិតខំ​សម្រេច​ឱ្យ​បាន​នូវ​ការ​អាន​អក្សរ​ខ្មែរ ដោយ​ត្រូវ​ចំណាយ​ពេល​ប្រមាណ​២​​ឆ្នាំ​ទៀត”។

ស្នាដៃនេះ​បាន​ដាក់​បញ្ចូល ក្នុង​ការ​ប្រកួត​ប្រជែង​ជា​អន្តរជាតិ​ក្នុង​កម្មវិធី «គំនិត​ច្នៃ​ប្រឌិត និង​ការ​បង្កើត​ថ្មី នៃ​ផ្នែក​វិទ្យាសាស្ត្រ​វ័យ​ក្មេង​អន្តរជាតិ​ប្រចាំ​ឆ្នាំ ២០១៨ (International Engineering Invention & Innovation Exhibition 2018 ដែល​ហៅកាត់​ថា i-ENVEX2018)» នៅម៉ាឡេស៊ី​។ ហើយ​គម្រោង “NU Speech Assistance” ឬ MENA នេះ​ដែរ​ ទទួល​បាន​មេដាយ​មាស ( Gold Medal) ចំនួន១ ពី​ប្រទេស​ម៉ាឡេស៊ី មេដាយ​មាស (Gold Medal) ចំនួន១ ពី​ក្រុម​ប្រឹក្សា​ស្រាវជ្រាវ​ជាតិ​របស់​ប្រទេស​ថៃ និង​លិខិត​សរសើរ​ល្អ​ជាង​គេ​បំផុត​ចំនួន១ ពី​ក្រុម​ប្រឹក្សា​ស្រាវជ្រាវ​ជាតិ​របស់​ប្រទេស​ថៃ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay