អបអរសាទរ! ស្ពានអាកាស-ផ្លូវក្រោមដីចោមចៅ តម្លៃ ២២លានដុល្លារ នឹងចាប់ផ្តើមបើកការសាងសង់ថ្ងៃនេះហើយ

ព្រឹកនេះ ស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅដែលជាស្ពានអាកា​ស​ថ្មីមួយទៀតនៅក្នុងរាជធានីភ្នំពេញ នឹងចាប់ផ្តើមបើកការដ្ឋានសាងសង់ហើយ។ សម្តេចនាយករដ្ឋម​ន្រ្តីហ៊ុន សែន បានចូលរួមបើកការដ្ឋានសាងសង់ស្ពានអាកាសនិងផ្លូវក្រោមដីថ្មីនេះ។

សាលារាជធានីភ្នំពេញ បានអះអាងថា ការសម្រេចបើកការដ្ឋាននៅថ្ងៃនេះ គឺបន្ទាប់ពីអាជ្ញាធរសា​លារាជធានីភ្នំពេញនិងមន្រ្តីជំនាញពាក់ព័ន្ធផ្សេងទៀតបានសិក្សាលក្ខណៈបច្ចកទេសរួចរាល់ទាំងគម្រោងប្លង់សាងសង់ បចេ្ចកទេស និងថវិកា ដោយគ្រាន់តែរង់ចាំពេលវេលាមកដល់ ដើម្បីរៀបចំពិធីបើកការដ្ឋានសាងសង់ប៉ុណ្ណោះ។ សូម​បញ្ជាក់​ថា ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​រង្វង់​មូល​ចោមចៅ ក្នុងគម្រោង​តម្លៃ​ប្រមាណ​ ២២​លាន​ដុល្លារ​នេះ នឹង​ប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន ៣០​ខែ។

យ៉ាងណាក៏ដោយ សាលារាជធានីភ្នំពេញបានបញ្ជាក់ថា ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅនេះ គឺមានសារសំខាន់ណាស់ក្នុងការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ដែលតែងតែកើតមាននៅតំបន់នេះនាពេលកន្លងមក ក៏ដូចជានាពេលបច្ចុប្បន្ន។ នេះក៏ព្រោះថា ផ្លូវនេះជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ការដឹកជញ្ជូនឆ្ពោះទៅផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ ដែលជាផ្លូវទៅកាន់ខេត្តមានកំពង់ផែសមុទ្រទឹកជ្រៅនៅកម្ពុជា ក្នុងការផ្លាស់ប្តូរទំនិញចេញចូលក្នុង និងក្រៅប្រទេស។

ស្ពានថ្មីនេះ នឹងក្លាយជាស្ពានអាកាសទី៦ហើយនៅក្នុងរាជធានីភ្នំពេញ បន្ទាប់ពីស្ពានអាកាសតិចណូ ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសពេទ្យលោកសង្ឃ ស្ពានអាកាសស្ទឹងមានជ័យ និងស្ពានអាកាសផ្សារដីហុយ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia