រន្ធត់ចិត្តក្រៃលែង ពេលដឹងពីសម្តីរបស់ក្រុមគ្រួសារក្មេងបាត់ខ្លួន ដែលកំពុងរងចាំពួកគេត្រឡប់មកផ្ទះវិញ

ដំណើរ​ការ​ស្វែង​រក​ក្មេង​ៗ​ ១៣នាក់​រួម​ជាមួយ​គ្រូ​បង្វឹក​ម្នាក់​ដែល​បាន​បាត់​ខ្លួន​ក្នុង​រូង​ភ្នំ​ក្នុង​ខេត្ត​ឈៀងរ៉ៃ​អស់​រយៈ​ពេល ៨ថ្ងៃ​មក​នេះ នៅ​តែ​មិន​ទាន់​ទទួល​បាន​លទ្ធផល​ជា​ដុំ​កំភួន​នៅ​ឡើយ ខណៈ​ដែល​ឪពុក និង​ក្រុម​គ្រួសារ​របស់​ពួក​គេ​កំពុង​រង់​ចាំ​ដំណឹង​យ៉ាង​អន្ទះសា​បំផុត។

បុរស​វ័យ ៥៥​ឆ្នាំ​ម្នាក់​ឈ្មោះ លោក Thinnakorn Boonpiem ដែល​ឪពុក​របស់​ក្មេង​ប្រុស ១២​ឆ្នាំ​ម្នាក់​បាត់​ខ្លួន​ក្នុង​រូង​ភ្នំ​នោះ បាន​ទន្ទឹង​ចាំ​កូន​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​មក​ហើយ ប៉ុន្តែ​នៅ​តែ​មិន​ទទួល​ដំណឹង​ទាល់​តែ​សោះ។ ថ្លែង​ដោយ​ទឹក​មុខ​ស្រងូត​ស្រងាត់ បុរស​វ័យ ៥៥​ឆ្នាំ​រូប​នេះ​និយាយ​ថា “ខ្ញុំ​ពិត​ជា​បារម្ភ​ខ្លាំង​ណាស់។”

លោក​បន្ត​ថា កូន​ប្រុស​របស់​ខ្លួន​ជា​ក្មេង​ល្អ​ម្នាក់​ដែល​ចូល​ចិត្ត​រៀន​សូត្រ និង​លេង​បាល់​ណាស់។ គេ​បាន​ចូល​រួ​ម​ជាមួយ​ក្រុម​បាល់​ទាត់​ជ្រូកព្រៃ​អស់​រយៈ​ពេល ១​ឆ្នាំ​មក​ហើយ ហើយ​កាល​ពី​ថ្ងៃ​សៅរ៍​គេ​ក៏​ទៅ​ហ្វឹក​ហាត់​ដូច​សព្វដង​អ៊ីចឹង។ ប៉ុន្តែ​គេ​មិន​បាន​ប្រាប់​ថា នឹង​ទៅ​លេង​ក្នុង​រូង​ភ្នំ​នោះ​ទេ ជា​ហេតុ​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​បារម្ភ​ខ្លាំង​នៅ​ពេល​មិន​ឃើញ​គេ​ត្រលប់​មក​វិញ។

ឪពុក​ក្មេង​ប្រុស​នេះ​បន្ថែម​ថា “ខ្ញុំ​ទទួល​ដំណឹង​ថា​កូន​របស់​ខ្ញុំ​ជាប់​ក្នុង​រូង​ភ្នំ​នៅ​ម៉ោង​ប្រហែល ៩​យប់ ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក ខ្ញុំ​នៅ​តែ​រង់​ចាំ​កូន​នៅ​មុខ​រូង​ភ្នំ​រហូត​មក​ដល់​ថ្ងៃ​នេះ។”

ទោះ​យ៉ាង​ណា​ក៏​ដោយ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ឲ្យ​ដឹង​ថា នាយករដ្ឋមន្ត្រី​ថៃ លោក ប្រាយុទ្ធ​ ចាន់អូចា បានធ្វើ​ដំណើរ​ទៅ​ទី​នោះ ដើម្បី​ផ្ដល់​ជា​កម្លាំង​ចិត្ត​ដល់​ក្រុម​គ្រួសារ​ក្មេង​ៗ​ដែល​បាត់​ខ្លួន និង​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ទាំង​អស់៕

 

ដកស្រង់ដោយ៖ លោក ​ប៊ុត ហេង

ប្រភព៖ news.sabay

error: Content is protected !!