ញាក់សាច់!​ ក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជា យកឈ្នះ​ជម្រើសជាតិនារីទីម័រ​ខាង​កើត​ដោយ​​លទ្ធផល​ ១២-០

ក្រុម​​បាល់ទាត់​ជម្រើស​ជាតិ​នារី​កម្ពុជា​បាន​លត់​ក្រុម​ជម្រើស​ជាតិ​នារី​ទីម័រ​ខាង​កើត​ដោយ​​លទ្ធផល​ ១២-០ ​សម្រាប់​ការ​ប្រកួត​បើក​ឆាក​ពាន​រង្វាន់​ AFF WOMEN’S CHAMPIONSHIP 2018 នៅ​ប្រទេស​ឥណ្ឌូណេស៊ី​​យប់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០១៨។

ក្រុម​នារី​កម្ពុជា

វគ្គ​ទី​១​ ក្រុម​ជម្រើស​ជាតិ​នារី​កម្ពុជា​លេង​បាន​យ៉ាង​ល្អ​ និង​បញ្ជូន​បាល់​ចូល​តំបន់​គ្រោះ​ថ្នាក់​ជា​ច្រើន។ ការ​បង្កើត​ឱកាស​ជា​ច្រើន​លើក​នេះ​​បាន​​ផ្តល់​ឲ្យ​នារី​កម្ពុជា​​បំប៉ោង​សំណាញ់​ទី​គ្រាប់​បាល់​​រហូត​ដល់​៧​គ្រាប់​នាទី​ទី​​១១​, ១២,​ ២០, ២៦,​ ​៣០ និង​នាទី​៤៥+២។ តួ​អង្គសំខាន់​ដែល​រក​គ្រាប់​បាល់​បាន​នេះ​​ដោយ​កីឡាការិនី​ ប៉ាន ជាវី, ហួត គឹមហុង។ ចំណែក​ក្រុម​នារី​ទីម័រ​មិន​អាច​បំបែក​ពង់​មាន់​របស់​នារី​កម្ពុជា​បាន​ទេ​ដោយ​ពួក​គេ​ខ្សោយ​ទាំង​បច្ចេកទេស និង​កម្លាំង។

ក្រុម​នារី​កម្ពុជា

ចំពោះ​ការ​ប្រកួត​វគ្គ​ទី​២ ក្រុម​ជម្រើស​ជាតិ​នារី​កម្ពុជា​នៅ​តែ​បន្ត​ទម្លាយ​សំណាញ់​ទី​របស់​នារីទីម័រ​ខាង​កើត​​​បាន​​៥គ្រាប់​ទៀត។ ៥​គ្រាប់​បាល់​បាន​កើត​ឡើង​នៅ​នាទី​ទី​៥៩ ៦៣, ៦៤, ៦៦ និង ៧១ដែល​ជា​ចំណែក​ដ៏​សំខាន់​ពី​កីឡាការិនី​មក​ពី​ភ្នំពេញ​ក្រោន គឹមហុង និង​ជាវី។ ក្រុម​នារី​ទីម័រ​បាន​ព្យាយាម​ដែរ តែ​នៅ​តែ​មិន​អាច​បំបែក​ពង់មាន់​របស់​កម្ពុជា​ឡើយ។ រយៈ​ពេល​ប្រហែល​ជា​ជាង​១០​នាទី​ចុង​ក្រោយ ក្រុម​ទាំង​ពីរ​កាន់​តែ​ខ្សោយ​កម្លាំង​ទៅ​ដែល​ធ្វើ​ឲ្យ​ចប់​ការ​ប្រកួត​ក្រុម​នារី​កម្ពុជាឈ្នះ​ក្រុម​នារី​ទីម័រ ១២-០

ក្រុម​នារី​កម្ពុជា

តាម​រយៈ​លទ្ធផល​នេះ ក្រុម​ជម្រើស​ជាតិ​នារី​កម្ពុជា​មាន​៣​ពិន្ទុ​ ឈរ​លើ​កំពូល​តារាង​ពូល​ A ខណៈ​ក្រុម​ជម្រើស​ជាតិ​នារី​អូស្ត្រាលី​ក៏​មាន​៣​ពិន្ទុ​ដែរ​ ប៉ុន្តែ​ឈរ​នៅ​លេខ​រៀង​ទី​២ បន្ទាប់​ពី​នារី​អូស្ត្រាលី​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​នារី​ម៉ាឡេស៊ី។ នៅ​ថ្ងៃ​ទី​២ ខែ​កក្កដា ក្រុម​នារី​កម្ពុជា​ត្រូវ​ជួប​ក្រុម​នារីម៉ាឡេស៊ី៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay