អ្នក​ឧកញ៉ា គិត ម៉េង នឹងចំណាយ ២៦០លានដុល្លារ សាងសង់អគារ​ភ្លោះ​កម្ពស់​៦៨​ជាន់នៅភ្នំពេញ

សេដ្ឋី​ល្បី​ឈ្មោះ និង​មាន​ឥទ្ធិពល​ខ្លាំង​នៅ​កម្ពុជា អ្នក​ឧកញ៉ា គិត ម៉េង ប្រធាន​ក្រុមហ៊ុន Royal Group ដែល​បច្ចុប្បន្ន ជា​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជាផង​ដែរ​នោះ បាន​ចាប់​ដៃសហការគ្នាជាមួយ​​អ្នក​វិនិយោគ​មក​ពី​តៃវ៉ាន់ ដើម្បី​សាងសង់​អគារ​ភ្លោះ​កម្ពស់​៦៨​ជាន់ ដោយគ្រោងនឹងចំណាយទឹកប្រាក់ចំនួន ២៦០លានដុល្លារ នៅ​ចំ​កណ្តាល​រាជ​ធានី​ភ្នំពេញ។​

អ្នក​ឧកញ៉ា គិត ម៉េង ប្រធាន​ក្រុមហ៊ុន Royal Group

អគារពាណិជ្ជកម្មភ្លោះនេះ មានកម្ពស់៦៨ជាន់ ស្មើនឹង ២៣០​ម៉ែត្រ ដោយ​ត្រូវ​បានសាងសង់​ឡើង​លើ​ផ្ទៃ​ដី​ទំហំ ៤០៣៦​ម៉ែត្រ​ការ៉េ ស្ថិត​នៅ​ផ្លូវ​ដីឡូត៍លេខ៩៣ ផ្លូវលេខ១១៤ កែង​រវាង​មហាវិថី​សហព័ន្ធ​រុស្ស៊ី និង​មហាវិថី​ព្រះមុនីវង្ស។  អគារពាណិជ្ជកម្មភ្លោះនេះ គឺជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន OTK Royal One ដែលជាបុត្រសម្ព័ន្ធក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង​ និងក្រុមហ៊ុនសំណង់ចិន Huashi Group​ ដែលទើបនឹងចាប់ផ្តើមបើកការិយាល័យលក់ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅនេះ។

ទាក់ទិននឹងអគារភ្លោះនេះ ឧកញ៉ា គិត ធាង ប្រធានក្រុមហ៊ុន OTK Royal One បានបញ្ជាក់ថា អគារពាណិជ្ជកម្មដ៏ប្រណិតនេះ និងលេចចេញជារូបរាង ដោយមានផ្នែកផ្សេងៗដូចជា សណ្ឋាគារ ខុនដូ ស្នាក់នៅ និងផ្សារទំនើបជាដើម ហើយការសាងសង់​នឹងត្រូវប្រើពេលរហូតដល់៣ឆ្នាំ ដោយអាគារពាណិជ្ជកម្មថ្មីនេះ នឹងក្លាយជាអគារខ្ពស់ជាងគេនៅកម្ពុជា ជាពិសេសវានឹងចូលរួមចំណែកដល់ការលើកមុខមាត់ប្រទេសកម្ពុជាផងដែរ៕

ឧកញ៉ា គិត ធាង ប្រធានក្រុមហ៊ុន OTK Royal One

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia