ភ្ញាក់ផ្អើល! កម្ពុជា ក្លាយជាប្រទេសដែលប្រើប្រាស់ថង់ផ្លាស្ទិកច្រើនជាងគេបំផុតក្នុងលោក

គ្រាន់តែក្រុងភ្នំពេញប្រើប្រាស់ថង់ផ្លាស្ទិកអស់ជាង១០លានថង់ក្នុងមួយថ្ងៃ ដែលស្មើនឹង២០០០ថង់ក្នុងម្នាក់ លើសប្រជាជនអឺរ៉ុប១០ដងឯណោះ ធ្វើឲ្យកម្ពុជាជាប់ជាប្រទេសដែលមានអ្នកប្រើប្រាស់ផ្លាស្ទិកច្រើនជាងគេបំផុតលើភពផែនដីនេះ។ នេះបើយោងតាមការចុះផ្សាយដោយគេហទំព័រ Channel News Asia។

យោងតាមការចុះផ្សាយពីគេហទំព័រផ្លូវការរបស់អង្គការធនាគារពិភពលោក បានបញ្ជាក់ផងដែរថា កម្រិតនៃការប្រើប្រាស់ផ្លាស្ទិកកំពុងមានការកើនឡើងយ៉ាងខ្លាំងនៅអាស៊ី ពិសេសបណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន ដែលរួមមានវៀតណាម កម្ពុជា ហ្វីលីពីន និងឥណ្ឌូនេស៊ីជាដើម។

តាមប្រភពព័ត៌មានដដែលបានបញ្ជាក់ទៀតថា កាកសំណល់ផ្លាស្ទិកជាង៨លានតោនត្រូវបានចោលនៅក្នុងមហាសមុទ្រជារៀងរាល់ឆ្នាំ ដែលស្មើនឹងសំណល់ផ្លាស្ទិកមួយឡានកុងតេន័រចាក់ចូលសមុទ្ររៀងរាល់មួយនាទីម្តង។

ការប្រើប្រាស់ផ្លាស្ទិកក្នុងចំនួនច្រើនក្នុងប្រទេសកម្ពុជានៅតែជារឿងដ៏គួរឲ្យបារម្ភ ជាខ្ទង់ចំណាយមួយដ៏ច្រើន និងជាបញ្ហាចំពោះមុខដែលត្រូវដោះស្រាយភ្លាមៗ ហើយកន្លងមករដ្ឋាភិបាលក៏បានព្យាយាមលើកទឹកចិត្ត លើកកំពស់ចំណេះដឹង និងជម្រុញការការពារបរិស្ថាន កាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកផងដែរ។

ក្នុងខេត្តសៀមរាបទឹកដីអង្គរ បានក្លាយជាកន្លែងដ៏មានប្រជាប្រិយភាពបំផុតក្នុងលោក និងកន្លែងដែលទាក់ទាញភ្ញៀវទេសចរច្រើនបំផុតនៅកម្ពុជាផងដែរ ដែលធ្វើឲ្យចំនួនមនុស្សកាន់តែច្រើន ការចោលសំរាម និងផ្លាស្ទិកក៏កាន់តែច្រើនដូចគ្នាដែរ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia