ពិតជាមិនធម្មតានោះទេ! នាយកប្រតិបត្តិដ៏ល្បីល្បាញទាំង៥រូបនេះ ដេក១ថ្ងៃតែ៤ម៉ោងប៉ុណ្ណោះ

ពេលវេលាមានតម្លៃណាស់សម្រាប់បុគ្គលជោគជ័យទាំងឡាយ ពួកគាត់ជាមនុស្សដែលគោរពពេលវេលាយ៉ាងខ្លាំង ហើយប្រតិបត្តិការងារយ៉ាងមានប្រសិទ្ធិភាពបំផុតដើម្បីសម្រេចភាពជោគជ័យ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមណែនាំនាយកប្រតិបត្តិទាំង៥រូប ដែលចំណាយពេលវេលាយ៉ាងច្រើនដើម្បីភាពជោគជ័យរបស់ក្រុមហ៊ុន៖

១)​​​ Jack Dorsey៖ ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Twitter

នៅក្នុងបទសម្ភាសន៍តាមកញ្ចក់ទូរទស្សន៍មួយ លោក Jack Dorsey បានប្រាប់ថា លោកតែងតែចូលគេងនៅម៉ោង១:០០ យប់ ហើយក្រោកពីគេងនៅម៉ោង ៥:០០ព្រឹក ជាទំលាប់គាត់ចំណាយពេល ១០ម៉ោងសម្រាប់ធ្វើការងារទំនាក់ទំនងខាងក្រៅ ហើយ១០ម៉ោងក្នុងក្រុមហ៊ុនTwitter។ លោកបន្ថែមទៀតថា មនុស្សម្នាក់ៗមានពេលតែ២៤ម៉ោងប៉ុណ្ណោះ ក្នុងមួយថ្ងៃ ដូច្នេះពេលវេលាមានតម្លៃណាស់ មិនត្រូវខ្ជះខ្ជាយឡើយ។

២) Howard Schultz៖ ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Starbucks

លោក Howard Schultz គឺជាស្ថាបនិក និងជានាយកប្រតិបតិ្តក្រុមហ៊ុន កាហ្វេ Franchise ដ៏ល្បី Starbucks លោកតែងតែក្រោកពីដំណេកនៅម៉ោង៤:៣០ ជាមួយនិងការបរិភោគកាហ្វេមួយកែវជារៀងរាល់ព្រឹកមិនដែលខានឡើយ។ ស្ថាបនិក Starbucks រូបនេះ តែងតែមកដល់ ការិយាល័យ រៀងរាល់ម៉ោង ៦:០០ ព្រឹក ដើម្បីចាប់ផ្តើម ការងាររបស់លោក និងពិនិត្យរបាយការណ៍ឲ្យរួចរាល់មុនពេល បុគ្គលិកទាំងអស់ដល់ម៉ោងចូលធ្វើការ។ ទំលាប់នៃគំរូរបស់ ស្ថាបនិក Starbucks ធ្វើឲ្យបុគ្គលិកគ្រប់រូបគោរពពេលវេលា និង ធ្វើឲ្យការងារកាន់តែមានប្រសិទ្ធិភាព។

៣) Tim Cook ៖ នាយកប្រតិបត្តិក្រុមហ៊ុនយក្ស Apple

ទោះបីជាស្ថិតក្នុងវ័យ៥៤ឆ្នាំហើយក៏ដោយ លោក Tim Cook ដែលជានាយកប្រតិបត្តិក្រុមហ៊ុនដ៏ល្បីបំផុតរបស់ពិភពលោកគឺក្រុមហ៊ុនApple លោកតែងតែជាមនុស្សដំបូងគេបង្អស់ ដែលចូលធ្វើការមុនគេ ហើយក៏ជាមនុស្សដែលចេញពីការិយាល័យក្រុមហ៊ុនApple ក្រោយគេបង្អស់ដែរ។ បុគ្គលិកដែលធ្វើការជាមួយគាត់ បានប្រាប់ថាពេលខ្លះពួកគេទទួលEmailពីលោក Tim Cook នៅម៉ោង៤:៣០នាទីព្រឹកក៏មានដែរ។

៤) Marissa Mayer៖ នាយកប្រតិបត្តិក្រុមហ៊ុន Yahoo

លោកស្រី Marissa Mayer ត្រូវបានគេផ្តល់រហ័សនាមថា មនុស្សយន្ត Yahoo ពីព្រោះលោកស្រីជាមនុស្សម្នាក់ដែលប្រឹងប្រែងធ្វើការយ៉ាងខ្លាំងដើម្បីក្រុមហ៊ុន Yahoo។ ជាទូទៅ លោកស្រី ចំណាយពេល ១៣០ម៉ោងក្នុងមួយសប្តាហ៍ បើគិតក្នុងមួយថ្ងៃលោកស្រី ចំណាយពេលរហូតដល់១៩ម៉ោង ដើម្បីអភិវឌ្ឃន៍ក្រុមហ៊ុន Yahoo។ លោកស្រីប្រាប់ថា គាត់គេងតែ ៤ទៅ៥ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ ប៉ុន្តែលោកស្រីតែងតែយកពេលសម្រាកលំហែកាយរយៈពេលវែង រៀងរាល់៤ខែម្តង។

៥) Indra Nooyi៖ នាយកប្រតិបត្តិក្រុមហ៊ុន PepsiCo

នៅឆ្នាំ ២០០៦ លោកស្រី Indra Nooyi បានក្លាយជានាយកប្រតិបត្តិស្រ្តីដំបូងបង្អស់របស់ក្រុមហ៊ុន Pepsi ដែលជាក្រុមហ៊ុនភេជ្ជៈដ៏ធំបំផុតលំដាប់ទី២នៅលើពិភពលោក បន្ទាប់ពីក្រុមហ៊ុន Coca Cola ធ្លាប់បានផ្តល់បទសំភាសន៍តាមទូរទស្សន៍ CNNថា លោកស្រីគេងតែងតែ៤ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ ហើយលោកស្រីក្រោកនៅម៉ោង ៤:០០ ឬ ម៉ោង ៥:០០ ជារៀងរាល់ព្រឹក និងទៅដល់ ការិយាល័យមុនម៉ោង ៧:០០ ព្រឹក។ លោកស្រី Indra Nooyi ជាអ្នក មឹងម៉ាត់និងយកចិត្តទុកដាក់យ៉ាងចំពោះការងារ មិនតែប៉ុណ្ណោះ លោកស្រី ក៏ជាមនុស្ស ពូកែទំនាក់ទំនងផងដែរ ដែលក្នុងអណត្តិដឹងនាំរបស់លោកស្រី ការលក់របស់ក្រុមហ៊ុន PepsiCo មានការកើនឡើងជាបន្តបន្ទាប់៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia

error: Content is protected !!