អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ណា​ជីប ត្រូវតុលាការចោទប្រកាន់ ហើយនឹងត្រូវជាប់គុក ២០ឆ្នាំឯណោះ

បទចោទប្រកាន់​ធំៗ​បួន​រួមមាន​រំលោភសេចក្តីទុកចិត្ត និង​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​ត្រូវបាន​គេ​ប្រើប្រាស់​ដើម្បី​ចោទប្រកាន់​ប្រមុខ​រដ្ឋាភិបាល​ម៉ាឡេស៊ី​លោក ណា​ជីប រ៉ា​ហ្សា​ក់ នៅ​ថ្ងៃ​ពុធ​ទី ៤ ខែកក្កដា​នេះ​នៅ​សាលាដំបូង​ម៉ាឡេស៊ី​។ បើសិន​ត្រូវ​កាត់ទោស លោក ណា​ជីប ដែលជា​អតីត​នាយករដ្ឋមន្ត្រី​ដំបូង​គេ​ដែល​ប្រ​ឈ​មុខការ​ចោទប្រកាន់​ពីបទ​ឧក្រិដ្ឋ​នឹងត្រូវ​ជាប់ពន្ធ​ធនាគារ​យ៉ាងតិច ២០​ឆ្នាំ​ឯណោះ​។

បន្ទាប់ពី​ត្រូវបាន​ចាប់ខ្លួន និង​ឃុំខ្លួន​ក្រុមការងារ​ពិសេស​ស៊ើបអង្កេត​សំណុំរឿង 1MBD លោក ណា​ជីប បានបង្ហាញ​ខ្លួន​នៅ​តុលាការ​ម៉ាឡេស៊ី​នៅ​ម៉ោង​ប្រហែល​ជាង ៨ នាទី​ព្រឹក​ថ្ងៃ​ពុធ​នេះ នៅ​តុលាការ​ម៉ាឡេស៊ី ដើម្បី​ស្តាប់​ការចោទប្រកាន់​ជា​ផ្លូវការ​។

ទីភ្នាក់ងារ​ព័ត៌មាន​ម៉ាឡេស៊ី Bernama ពេល​លោក ណា​ជីប អញ្ជើញ​មកដល់​តុលាការ គេ​ឃើញ​មាន​ក្រុម​អ្នកគាំទ្រ​បក្ស UMNO ជាច្រើន​នាក់​ឈរ​កាន់​បដា និង​បង្ហាញ​ការគាំទ្រ​ចំពោះ​អតីត​នាយករដ្ឋមន្ត្រី​នេះ​ផងដែរ​។

សូម​ទាញ​ការចាប់អារម្មណ៍​បន្តិច​ដែរ​ថា ក្រោយ​ការចាប់ខ្លួន​ប៉ុន្មាន​ម៉ោង​នោះ លោក ណា​ជីប បាន​បង្ហោះ​វីដេអូ​មួយ​សុំ​អភ័យទោស​ប្រជាជន​ម៉ាឡេស៊ី ប៉ុន្តែ​លោក​នៅតែ​ការពារ​ជំហរ​ខ្លួន និង​បដិសេធ​រាល់​ការចោទប្រកាន់​ដែលមាន​ទាំង​អម្បាលម៉ាន​ផង​។

«​ជាធ​មនុស្ស​ធម្មតា​ម្នាក់ ខ្ញុំ​មិនល្អ​ឥតខ្ចោះ​ឡើយ ប៉ុន្តែ​ជឿជាក់​លើ​ខ្ញុំ​ចុះ​ថា រាល់​ការចោទប្រកាន់​ដែលមាន​ប្រឆាំង​ខ្ញុំ និង​ក្រុមគ្រួសារ​នោះ​មិនមែនជា​ការពិត​ឡើយ​»​។

១) ទោស​ជាប់ពន្ធនាគារ​, វាយ​នឹង​រំពាត់ និង ពិន័យ​ជា​ប្រាក់​

ត្រឡប់មកវិញ នីតិវិធី​ចោទប្រកាន់​ប្រឆាំង​លោក ណា​ជីប នេះ​ដឹកនាំ​ដោយ​អគ្គរាជអាជ្ញា Tommy Thomas ដោយមាន​អគ្គរាជអាជ្ញា​រង​ជា​ជំនួយ ១១ រូប​ផ្សេងទៀត​។ លោក ណា​ជីប ត្រូវបាន​ស្ថាប័ន​អយ្យការ​ចោទប្រកាន់​ពីបទ​ឧក្រិដ្ឋ​ចំនួន​បី​ដែល​ពាក់ព័ន្ធ​នឹង​ការរំលោភ​សេច​ក្ត​ទុកចិត្ត (CBT) ក្នុង​និង​មួយទៀត​ទាក់ទង​ការរំលោភ​អំណាច​ប្រ​ពឹ​ត្ត​អំពើពុករលួយ​ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​នោះ​។

​តាម​ការពន្យល់​របស់​ស្ថាប័ន​អយ្យការ​ម៉ាឡេស៊ី បទ​ចោទ​ដែលមាន​ខាងលើនេះ​គឺ​ផ្នែក​លើ​ការ​ណី​បាត់​លុយ​ចំនួន​ជាង ១០ លាន​ដុល្លារ​នៃ​គម្រោង SRC International ដែល​ផ្នែក​មួយ​តូច​នៃ​មូលនិធិ​រដ្ឋ 1MDB ប៉ុណ្ណោះ​។ លុយ​ប្រហែល ១០ លាន​ដុល្លារ​នោះ​ត្រូវបាន​ផ្ទេរ​ចូល​គណនី​ផ្ទាល់ខ្លួន​របស់លោក ណា​ជីប​។

បើសិនជា​មានការ​កាត់ទោស​មែន​នោះ បទល្មើស​នីមួយៗ​អាចធ្វើ​ឲ្យ​លោក​ជាប់ពន្ធនាគារ​យ៉ាង​ហោចណាស់ ២០​ឆ្នាំ និង​ត្រូវ​ពិន័យ​ជា​ប្រាក់​ផង​។ ប៉ុន្តែ​ក្នុងករណី​លោក ណា​ជីប លោក​អាច​រួច​ផុតពី​ការ​វាយ​ដោយ​រំពាត់​ព្រោះ​លោក​មាន​វ័យ ៦៤​ឆ្នាំ​ទៅហើយនោះ​។

ការចាប់ខ្លួន និង​ចោទប្រកាន់​អតីត​មេដឹកនាំ​ម៉ាឡេស៊ី​នេះ​ធ្វើឡើង​ដោយ​ផ្អែកលើ​ការស៊ើបអង្កេត​រាល់​ចរន្ត​ហិរញ្ញវត្ថុ​ទាំងអស់​ដែល​ទាក់ទង​នឹង​មូលនិធិ 1MDB ដែល​បាត់​។ ក្រសួងយុត្តិធម៌​អាមេរិក​កន្លង​មករក​ឃើញថា លុយ​ដែល​ត្រូវគេ​លួច​ចេញពី​មូលនិធិ​រដ្ឋ​ម៉ាឡេស៊ី​នេះ​មាន​យ៉ាងហោចណាស់ ៤,៥​ពាន់​លាន​ដុល្លារ​។ លុយ​ដែល​បាត់​នោះ​ត្រូវបាន​គេ​ផ្ទេរ​និង​ប្រើប្រាស់​ក្នុង​រូបភាព​ជាការ​លាង​លុយ​។

២) ​រាល់​ការចោទប្រកាន់​ជា​រឿង​នយោបាយ​?

បន្ទាប់ពី​មានការ​ចាប់ខ្លួន អ្នកនាំពាក្យ​លោក ណា​ជីប បាន​ចេញមុខ​រិះគន់​ចំណាត់ការ​របស់​អង្គភាព​ពុករលួយ​ដែល​ចាប់ខ្លួន និង​ចោទប្រកាន់​អតីត​ប្រមុខ​រដ្ឋាភិបាល​។ អ្នកនាំពាក្យ​បាន​អះអាងថា ការចោទប្រកាន់​ដែលមាន​ទាំង​អម្បាលម៉ាន​ប្រឆាំង​លោក ណា​ជីប ទាក់ទិន​នឹង​មូលនិធិ 1MDB ជា​រឿង​នយោបាយ​សុទ្ធសាធ ហើយ​លោក ណា​ជីប ត្រៀម​តវ៉ា​រាល់​ការចោទប្រកាន់ និង​បង្ហាញ​ភាព​ស្អាតស្អំ​របស់ខ្លួន​ក្នុង​តុលាការ​នៅពេល​ខាងមុខ​ផង​។

វា​មិនមែនជា​រឿង​ថ្មី​ឡើយ​ដែល​លោក ណា​ជីប និង​អ្នកគាំទ្រ​ចាត់ទុកថា ការចោទប្រកាន់​ជា​រឿង​នយោបាយ និង​បង្កើតឡើង​ដើម្បី​ធ្វើ​ឲ្យ​លោក​ខូច​ឈ្មោះ​នោះ​។ តាំងពីដើម​មក លោក ណា​ជីប ទាត់ចោល​រាល់​ការចោទប្រកាន់ និង​អះអាងថា ខ្លួន​ស្អាតស្អំ​។ ប៉ុន្តែ​ភស្តុតាង​ដែលមាន​ទាំង​លុយរាប់​រយ​លាន និង​គ្រឿងអលង្ការ​ច្រើនសន្ធឹក​ដែល​គេ​រឹបអូស​បាន​ពី​ផ្ទះ​របស់លោក ណា​ជីប នោះ ជា​រឿង​ដែល​ធ្វើ​ឲ្យ​សាធារណរ​ជន​ម៉ាឡេស៊ី​ពិបាក​ជឿជាក់​លើ​ការបកស្រាយ​របស់​អតីត​មេដឹកនាំ​ពួកគេ​ណាស់​។

យ៉ាងណាក៏ដោយ ការចាប់ខ្លួន​លោក ណា​ជីប ម្សិលមិញ​ធ្វើ​ឲ្យ​គណៈមេធាវី​ម៉ាឡេស៊ី​ប្រតិកម្ម​ខ្លាំង​។ បើតាម​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia ប្រធាន​គណៈមេធាវី George Varughese បាន​អះអាង​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ថា ក្រុមការងារ​ពិសេស​ទទួលបន្ទុក​សំណុំរឿង 1MDB ដែល​ចាប់ខ្លួន​អតីត​នាយក​រដ្ឋ​ន្ត្រី​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អំណាច​ស្ថាប័ន​យុត្តិធម៌ ។ លោក​ពន្យល់ថា ក្រុមការងារ​នេះ​គ្មាន​អំណាច​យុត្តាធិការ​ណាមួយ​ដើម្បី​ចាប់ខ្លួន​លោក ណា​ជីប ឡើយ ព្រោះ​រាល់​ការចាប់ខ្លួន​ទាំងអស់​ត្រូវធ្វើឡើង​ដោយ​ប៉ូលិស និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ប៉ុណ្ណោះ​។ មួយទៀត ក្រុមការងារ​នេះ​ក៏​គ្មាន​តួនាទី​សម្រេចចិត្តថា តើ​លោក ណា​ជីប ត្រូវ​ចោទប្រកាន់​បែបណា ឬ ត្រូវ​ចោទប្រកាន់​នៅពេល​ណាមួយ​ឡើយ​៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ thmeythmey