តាមពិតអ្នកមុជទឹក ដែលពុះពារយ៉ាងលំបាកទៅជួបក្មេងៗដំបូងគេ មិនមែនជាយោធា ឬអ្នកជំនាញហែលទឹកទេ

អ្នកមុជទឹកអង់គ្លេសពីរនាក់ ដែលបានរកឃើញក្មេងទាំង១២នាក់ និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេម្នាក់កាលពីយប់ថ្ងៃ ចន្ទ នៅក្នុងរូងភ្នំថាំលួង ស្ថិតនៅភាគខាងជើងប្រទេសថៃ មិនមែនជាយោធា ឬក៏អ្នកជំនាញមុជទឹកនោះទេ។ ប៉ុន្តែគ្រាន់តែជា អ្នកស្ម័គ្រចិត្តមកពីអង់គ្លេសតែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃអង្គារ ទី០៣ ខែកក្កដា ឆ្នាំ២០១៨។

ក្មេងៗទាំង១២នាក់ និងគ្រូបង្វឹកបាល់ទាត់​ពួក​គេម្នាក់ ត្រូវបានអ្នក​មុជទឹកមកពីចក្រភព អង់គ្លេសពីរនាក់ខាងលើ រកឃើញថានៅមានជីវិត នៅឡើយកាលពីថ្ងៃចន្ទ នៅម៉ោងប្រមាណ ១០៖២៥នាទីយប់ ដោយស្ថិត​នៅចំងាយ​ប្រហែល០៤គីឡូ ម៉ែត្រ​ពីមាត់រូងភ្នំ។ អ្នកទាំងពីរនាក់នេះ ត្រូវបានសារព័ត៌មានកំណត់អត្តសញ្ញាណថាមានឈ្មោះ John Volanthen អាយុ៤៧ឆ្នាំ និងម្នាក់ទៀតឈ្មោះ Rick Stanton មានអាយុ៥៦ឆ្នាំ។

បន្ថែមពីលើនេះ អ្នកមុជទឹកទំាងពីរនាក់នេះ ក៏ជាមនុស្សដំបូងគេផងដែរ បានឆ្លើយឆ្លងគ្នាជាមួយអ្នកទំាង១៣នាក់ ដែលបានជាប់នៅ ក្នុងរ៉ូងភ្នំ​ថាំលួង ស្ថិតនៅក្នុងស្រុកម៉ែសៃ នៃខេត្តឈៀងរ៉ាយ ភាគខាងជើង​​ប្រទេសថៃ ចាប់តាំងពីថ្ងៃទី២៣ ខែមិថុនាមក។ «តើអ្នក មានគ្នាប៉ុន្មាននាក់? ១៣នាក់។ ល្អណាស់! អ្នកទាំងអស់គ្នានៅទីនេះ១០ថ្ងៃជាងហើយ ពួកអ្នកពិតជាពូកែណាស់។ អរគុណច្រើន ប៉ុន្តែតើពេលណា ទើបពួកយើងអាចចេញទៅក្រៅបាន? មិនមែនថ្ងៃនេះទេ តែអ្នកត្រូវមុជទឹក»។ នេះគឺជាការឆ្លងឆ្លើយរវាងក្មេង មួយចំនួនក្នុងចំណោមមនុស្សទាំង១៣នាក់ និងអ្នកមុជទឹកអង់គ្លេសទាំងពីរនាក់។​

គួរបញ្ជាក់ថា ក្រុមអ្នកជួយសង្រ្គោះថៃ កំពុងពិចារណាពីវិធីយកក្មេងទាំង១២នាក់ និងគ្រូបង្វឹករបស់ពួកគេចេញពីរូងភ្នំ។ ប៉ុន្តែទន្ទឹម គ្នា ក្រុមអ្នកជំនាញបានព្រមានថាការយកអ្នកទាំងនេះចេញមកក្រៅ អាចនឹងត្រូវចំណាយពេលជាច្រើនសប្ដាហ៍ក៏ថាបាន ខណៈចំណី អាហារសម្រាប់រយៈពេល០៤ខែ ត្រូវបញ្ជូនទៅឱ្យពួកគេហើយ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ freshnewsasia