ភ្ញាក់ផ្អើល! សណ្ឋាគារ Raffles ដែលសង់ក្នុងឆ្នាំ១៩៣០នៅកម្ពុជា ត្រូវលក់ទៅឱ្យក្រុមហ៊ុនសិង្ហបុរីបាត់ហើយ

កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ កន្លងមកនេះ ក្រុមហ៊ុនគ្រប់គ្រងសណ្ឋាគារឈានមុខគេនៅសិង្ហបុរី Lodgis Hospitality Holdings Pte. Ltd. (Lodgis) បានទិញយកសណ្ឋាគារ Raffles ទាំង២នៅកម្ពុជា ដើម្បីដាក់បញ្ចូលជាសមាជិកក្រុមសណ្ឋាគារប្រវត្តិសាស្រ្តប្រណីតៗនៅក្នុងតំបន់ឥណ្ឌូចិនរបស់ខ្លូនហើយ។ នេះបើយោងតាមការប្រកាសព័ត៌មានជាផ្លូវការរបស់ក្រុមហ៊ុនសិង្ហបុរី។

ក្រុមហ៊ុនគ្រប់គ្រងសិង្ហបុរី នឹងធ្វើការកែលម្អរថ្មីទៅលើកន្លែងមួយចំនួននៃសណ្ឋាគារ Raffles ទំាង២មានដូចជា៖ បន្ទប់ស្នាក់នៅរបស់ភ្ញៀវ អាហារដ្ឋាន និងសាលប្រជុំផ្សេងៗ សម្រាប់ប្រកបភាពងាយស្រួលផ្តល់សេវាកម្មកាន់តែល្អប្រសើរថែមទៀត សម្រាប់អតិថិជនជាតិ និងអន្តរជាតិ។

បន្ទាប់ពីទិញសណ្ឋាគារទាំង២នេះហើយ ក្រុមហ៊ុនរបស់សិង្ហបុរី នឹងក្លាយជាក្រុមហ៊ុនគ្រប់គ្រងសណ្ឋាគារប្រវត្តិសាស្រ្តមួយនៅក្នុងប្រទេសកម្ពុជា ស្របពេលដែលពួកគេក៏កំពុងក្តោបក្តាប់សណ្ឋាគារប្រវត្តិសាស្រ្តច្រើនជាងគេក្នុងតំបន់ឥណ្ឌូចិន។ ហើយបច្ចុប្បន្ន ក្រុមហ៊ុន មានសណ្ឋាគារធំៗដូចជា Sofitel Legend Metropole Hanoi និង Fusion Hotels & Resortsជាដើម។

ចំណែកការទិញសណ្ឋាគារ Raffles ទាំង២នៅកម្ពុជានេះគឺ ជាការឆ្លើយតបទៅនឹងការរីកចម្រើនចំពោះវិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជាដែលកំពុងមានសន្ទុះយ៉ាងខ្លាំង មិនថាភ្ញៀវជាតិ និងអន្តរជាតិ។ កាលពីឆ្នាំ ២០១៧ ភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥,៦ លាននាក់ មកទស្សនាកម្សាន្តនៅប្រទេសកម្ពុជា ហើយមានកំណើនប្រមាណជា ១១,៨ % បើយើងធៀបទៅនឹងឆ្នាំ២០១៦។

លោកPeter T. Meyer នាយកប្រតិបត្តិបានលើឡើងថា «លោកពិតជាសប្បាយចិត្តខ្លាំងណាស់ នៅពេលខ្លួនទទួលជោគជ័យនូវការទិញសណ្ឋាគារ ជាសំណង់ចំណាស់ប្រវត្ថសាស្ត្រនៅកម្ពុជានេះ ហើយនេះជាវត្តមានថ្មីមួយទៀត ដែលក្រុមហ៊ុនឈានជើងចូលទីផ្សារកម្ពុជា ក៏ដូចជាទីផ្សារប្រទេសក្បែរខាងកម្ពុជាផងដែរ»។

គួររំលឹងថា សណ្ឋាគារប្រវត្តិសាស្ត្រនេះ ត្រូវបានសាងសង់ឡើងនៅឆ្នាំ១៩៣០ និងបានបើកដំណើរការឡើងវិញនៅឆ្នាំ១៩៩៧ ក្រោមស្លាកសញ្ញា “Raffles”។ ចំណែក សណ្ឋាគារ Raffles Grand d’Angkor ស្ថិតនៅចំកណ្តាលនៃរមណីយដ្ឋានបារាំងចាស់នៃរមណីយដ្ឋានសៀមរាប ហើយមានចម្ងាយត្រឹមតែ ៦ គីឡូម៉ែត្រពីតំបន់បេតិកភណ្ឌពិភពលោកអង្គរវត្តដែលជាវិមានសាសនាដ៏ធំបំផុតនៅក្នុងពិភពលោក។

សូមបញ្ជាក់ថា ក្រុមហ៊ុនសិង្ហបុរីមិនបានប្រកាសនូវទំហំទឹកប្រាក់ ក្នុងការបោះទុនវិនិយោគទិញសណ្ឋាគារប្រណីត ជាសំណង់ប្រវត្ថិសាស្ត្ររបស់កម្ពុជានោះទេ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia