Facebook ដាក់ផែនទីច្រឡំរវាងដែនដីកោះចិន ជាមួយនឹងវៀតណាម ឥឡូវនេះវៀតណាមកំពុងតែ ……………..

ចូលដល់ដើមខែនេះភ្លាម មានសារព័ត៌មានចិន និងវៀតណាមជាច្រើនបានចុះផ្សាយស្រដៀងៗគ្នាថា Facebook កំពុងមានរឿងធំជាមួយវៀតណាម ដោះស្រាយមិនទាន់ចេញ ជុំវិញបញ្ហាច្រឡំផែនទីកោះវៀតណាម និងចិន។

បញ្ហានេះកើតឡើងបន្ទាប់ពីអ្នកប្រើ Facebook ជនជាតិវៀតណាមបានប្រើប្រាស់ Facebook ដើម្បីផ្សាយពាណិជ្ជកម្ម និងចាប់បានថាផែនទីរបស់ Facebook មិនបានដាក់ថាកោះ Paracel (Hoang Sa) និងកោះ Spratly (Truong Sa) ក្នុងទឹកដីវៀតណាមទេ បែរជាឃើញលើទឹកដីចិនទៅវិញ។

កោះ Paracel (Hoang Sa)

តាមសារព័ត៌មាន VnExpress ឲ្យដឹងថា អ្វីដែលធ្វើឲ្យវៀតណាមផ្ទុះកំហឹងកាន់តែខ្លាំងនោះ គឺ live version របស់ផែនទីមានបង្ហាញឈ្មោះ Sansha នៅក្នុងសមុទ្រចិនខាងត្បូង ដែលវៀតណាមហៅថាសមុទ្រខាងកើតរបស់ខ្លួន ។ Sansha គឺជាឈ្មោះទីក្រុងចិនដែលបង្កើតឡើងដោយឯកតោភាគីដែលមានជម្លោះចែកគ្នាមិនដាច់ជាមួយកោះវៀតណាមទាំងពីរនេះ។

ជាមួយគ្នានេះ ក្រសួងទូរគមនាគមន៍វៀតណាម បានស្នើសុំឲ្យ Facebook ធ្វើការដោះស្រាយបញ្ហានេះភ្លាម ដើម្បីដាក់ផែនទីឲ្យត្រឹមត្រូវវិញ និងប្រកាសលើបណ្តាញសង្គមជាផ្លូវការនៅថ្ងៃចន្ទដើមសប្តាហ៍នេះ។

កាលពីថ្ងៃព្រហស្បតិ៍ម្សិលម៉្ងៃនេះ Facebook បានប្រកាសថា បញ្ហាជាមួយការប្រើប្រាស់ផែនទីដើម្បីផ្សាយពាណិជ្ជកម្មនេះ បណ្តាលមកពីបញ្ហាបច្ចេកទេស មិនមានពាក់ព័ន្ធនឹងគោលបំណងផ្សេងទេ ហើយបណ្តាញសង្គមយក្សនេះនឹងដោះស្រាយវាជាបន្ទាន់។

សេចក្តីប្រកាសដដែលក៏បានលើកឡើងថា Facebook បានផ្លាស់ប្តូរផែនទីដែលខុសនេះរួចហើយ ខណៈដែលកោះទាំងពីនេះបានដាក់ចូលទឹកដីវៀតណាមវិញ ។ Facebook ក៏បានបញ្ជាក់ទៀតថា ផែនទីនេះត្រូវបានផ្តល់បច្ចេកទេសដោយក្រុមហ៊ុនទី៣ ដូចជា OpenStreetMap និង HERE Maps។

កោះ Spratly (Truong Sa)

ចំណែកអ្នកនាំពាក្យរបស់អាជ្ញាធរផ្នែកផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថល ឲ្យដឹងថា វៀតណាមនៅតែទាមទារ Facebook ចេញមុខសូមទោសជាផ្លូវការ និងបកស្រាយលម្អិតពីបញ្ហានេះ មិនមែននិយាយថាខុសបច្ចេកទេសហើយចប់ទេ។

គួរបញ្ជាក់ថា Facebook គឺជាបណ្តាញសង្គមដែលពេញនិយមមួយនៅវៀតណាមក្នុងចំណោមប្រជាជន ៩៣ លាននាក់ ខណៈដែលរដ្ឋាភិបាលវៀតណាមបានចេញច្បាប់ថ្មីទាមទារឲ្យក្រុមហ៊ុនអ៊ីនធឺណេត ដូចជា Facebook ជាដើមត្រូវតែទុកទិន្នន័យនៅក្នុងស្រុក និងត្រូវដាក់ទីស្នាក់ការកណ្តាល ឬការិយាល័យតំណាងនៅទីនោះផងដែរ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia

error: Content is protected !!