៣ចំណុច ដែលធ្វើឱ្យស្តេច ភូមិបុល ក្លាយជាព្រះមហាក្សត្រដែលប្រជាជនថៃគោរពស្រឡាញ់បំផុត

អតីតស្តេចដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញជាងគេលើលោករបស់ថៃ ភូមិបុល អាដុលយ៉ាដេត (Bhumibol Adulyadej) ត្រូវបានគេស្គាល់ថាជាស្តេចដ៏វ័យឆ្លាតមួយអង្គក្នុងការដឹកនាំប្រទេសថៃឲ្យឃ្លាតឆ្ងាយពីសង្គ្រាមសម័យសង្គ្រាមលោកលើកទី២ ខណៈបណ្តាប្រទេសជុំវិញខ្លួននៅអាស៊ីសុទ្ធតែផ្ទុះភ្លើងសង្គ្រាមនៅក្នុងប្រទេសទាំងអស់។

បន្ថែមពីនេះ ស្តេចអង្គនេះបានបង្គ្រាប់ជម្លោះនយោបាយផ្ទៃក្នុងនៅក្នុងប្រទេសឲ្យមានស្ថេរភាពនៅក្រោមការដឹកនាំរបស់ព្រះអង្គ និងបានប្រែក្លាយប្រទេសថៃឲ្យក្លាយពីប្រទេសកសិកម្ម មកជាឧស្សាហកម្មសម័យទំនើប ទាញចំណូលចូលជាតិជួយលើកស្ទួយជីវភាពប្រជាជន។

កត្តាធំសំខាន់៣ដែលរាប់ទុកថាជាឫសគល់នាំឲ្យស្តេចអង្គនេះជាប់ជាស្តេចដែលគ្រោងរាជ្យសម្បត្តិបានយូរជាងគេបំផុតក្នុងលោក និងជាស្តេចដែលគេគោរពស្រឡាញ់ខ្លាំងបំផុត ពិសេសពីសំណាក់ប្រជាជនរបស់ព្រះអង្គ។

១) ភាពវ័យឆ្លាត

ព្រះមហាក្សត្រ ភូមិបុល អាដុលយ៉ាដេត ជាមនុស្សវ័យឆ្លាតរៀនសូត្របានខ្ពស់ ចេះដោះស្រាយបញ្ហាដោយសន្តិវិធី ជាក់ស្តែងក្នុងសម័យសង្គ្រាមលោកលើទី២ ខណៈភ្លើងសង្គ្រាមបានឆាប់ឆេះមកដល់អាស៊ី ទ្រង់នៅតែអាចរកដំណោះស្រាយ ប្រើប្រាស់ប្រទេសរបស់ខ្លួនជាទីតាំងចរចាររវាងជប៉ុន និងអង់គ្លេស ដើម្បីបញ្ជៀសបញ្ហាសង្គ្រាម និងការដាក់ប្រទេសថៃជាអាណានិគមរបស់ប្រទេសមហាអំណាចណាមួយ។​

រឿងមួយទៀតដែលគួរឲ្យសរសើរ ស្តេចអង្គនេះក៏ជាវិស្វករបច្ចេកវិទ្យា និងវិទ្យាសាស្ត្រមួយរូបផងដែរ ដែលបានប្រែក្លាយប្រទេសថៃឲ្យមានភាពទំនើប ដើរទាន់សម័យកាលបច្ចេកវិទ្យា និងបានបង្កើតគម្រោងសិក្សាបង្កើតភ្លៀងសិប្បនិម្មិតជួយដល់វិស័យកសិកម្មថៃដោយជោគជ័យថែមទៀតផង។​

២) ចិត្តសណ្តោសមេត្តា

ស្ត្រីដែលជាជនជាតិថៃមួយរូបធ្លាប់មានប្រសាសន៍ក្នុងថ្ងៃបូជាស្តេចអង្គនេះថា ប្រជាជនថៃទាំងអស់បានចាត់ទុកព្រះមហាក្សត្រអង្គនេះជា បិតា (ឪពុក) ដែលតែងតែតាមថែរក្សា និងផ្តល់ក្តីមេត្តាដល់ប្រជាជនរបស់ខ្លួន។

ស្តេចដែលជាប់ជាស្តេចមានជាងគេបំផុតក្នុងលោក មានទ្រព្យប្រមាណជាង៣០ពាន់លានដុល្លារអាមេរិក រូបនេះ តែងតែចំណាយលុយរបស់ទ្រព្យលើគម្រោងផ្សេងៗដែលមានប្រយោជន៍ខ្ពស់ដល់ប្រជាជនរបស់ព្រះអង្គ និងតែងតែចំណាយទ្រព្យផ្ទាល់ខ្លួនលើគ្រប់ការងារដែលចាំបាច់ផ្សេងៗ ដែលសុទ្ធតែពាក់ព័ន្ធនឹងការជួយប្រជាជនទាំងអស់។​

៣) លះបង់គ្រប់យ៉ាងដើម្បីប្រទេសថៃ

ព្រះមហាក្សត្រថៃដែលបានគ្រោងរាជ្យអស់រយៈពេល៧០ឆ្នាំរូបនេះ បានចំណាយពេលវេលាស្ទើរតែមួយជីវិតដើម្បីតែប្រទេសថៃ និងប្រជាជនថៃប៉ុណ្ណោះ។ ដោយសារតែទ្រង់តែងតែគិតត្រិះរិះពិចារណា និងដោះស្រាយបញ្ហាច្រើន ធ្វើឲ្យទ្រង់មានទម្លាប់មិនសូវញញឹមដូចស្តេចដទៃទៀតឡើយ ហើយចំណុចនេះក៏ធ្វើឲ្យទ្រង់ល្បីឈ្មោះជាស្តេចដែលកម្រញញឹមបំផុតក្នុងលោកផងដែរ។

ការលះបង់របស់ព្រះអង្គ ត្រូវបានប្រជាជនថៃទូទាំងប្រទេសទទួលស្គាល់ ហើយសម្មិតិផលជាក់ស្តែង រួមទាំងស្នាមព្រះហស្តកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗក៏នៅមានជាភស្តុតាងដូចគ្នាដែរ។

គួរជម្រាបផងដែរថា ព្រះមហាក្សត្រថៃ ភូមិបុល អាដុលយ៉ាដេត បានឡើងសោយរាជ្យសម្បត្តិនៅព្រះជន្មាយុ ៩១ព្រះវស្សា និងបានសោយទីវង្គតនៅឆ្នាំ២០១៦ ក្រោយព្រះមហាក្សត្រខ្មែរ ព្រះបាទនរោត្តសីហនុ ៤ឆ្នាំ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖​business-cambodia