បើភ័យពេលប្រឡង ចូរប្រើវិធីសាស្រ្តទាំង ៣ នេះ

ការប្រឡងមធ្យមសិក្សាទុតិយភូមិ នឹងចូលមកដល់នៅក្នុងរយៈពេលដ៏ឆាប់ខាងមុខនេះ ហើយអ្វីដែលសិស្សភាគច្រើនមានការបារម្ភខ្លាំងជាងគេនោះគឺពួកគេមិនទាន់មានទំនុកចិត្តលើខ្លួនឯងពិតប្រាកដ ហើយពិបាកគ្រប់គ្រងលើភាពភ័យខ្លាចរបស់ខ្លួនឯង។

ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ កាសែតឡារ៉ែន ពាណិជ្ជ បានធ្វើបទសម្ភាសជាមួយលោក ចេង បូរិទ្ធ ដែលជាអតីតសិស្សពូកែទូទាំងប្រទេសផ្នែករូបវិទ្យាឆ្នាំ ២០១១ និងអតីតនិស្សិតដែលទទួលបានអាហារូបករណ៍ទៅសិក្សាផ្នែកគណិតវិទ្យានៅប្រទេសថៃ ដើម្បីចែករំលែកវិធីសាស្រ្តគ្រប់គ្រងអារម្មណ៍ខ្លួនឯងមុនពេលប្រឡង និងត្រៀមខ្លួនឱ្យបានល្អដើម្បីធានាថា នៅថ្ងៃប្រឡងចូលមកដល់បេក្ខជនទាំងអស់គ្នា អាចធ្វើបានល្អ។

១) តើធ្វើយ៉ាងដូចម្តេចកុំឱ្យមានការភ័យខ្លាចនៅពេលប្រឡង?
ជាធម្មតា ការភ័យខ្លាចកើតចេញមកពីកង្វះទំនុកចិត្តលើខ្លួនឯង ហើយការខ្វះទំនុកចិត្តនេះកើតចេញមកពី ការមិនបានត្រៀមខ្លួនឱ្យបានល្អរបស់សិស្ស។ នៅពេលដែលខ្ញុំប្រឡង ខ្ញុំមិនដែលមានអារម្មណ៍ថាភ័យទេ ព្រោះខ្ញុំតែងតែត្រៀមមុនយ៉ាងហោចណាស់ ៣ ខែសម្រាប់រំឭកមេរៀនចាស់ៗពេញមួយឆ្នាំ ការធ្វើបែបនេះវាធ្វើឱ្យខ្ញុំមានអារម្មណ៍ថាខ្ញុំបានត្រៀមរួចហើយ ហើយការប្រឡងមិនមែនជាថ្ងៃដែលត្រូវភ័យទេ តែវាជាថ្ងៃដែលសប្បាយចិត្តព្រោះវាជាឱកាសដែលខ្ញុំត្រូវបញ្ចេញសមត្ថភាព។
ម្យ៉ាងវិញទៀត ដើម្បីបំបាត់ភាពភ័យខ្លាច សិស្សទាំងអស់គ្នាគួរមានគំនិតមួយថា ការប្រឡងវាមិនអាក្រក់ដូចអ្វីដែលយើងគិតនោះទេ។ មនុស្សគ្រប់គ្នា តែងតែគិតថា ការប្រឡងគឺពិបាក ហើយលំហាត់ទៀតសោតគឺប្រហែលជាធ្ងន់ៗណាស់ហើយ តែតាមពិតទៅការប្រឡងជាក់ស្តែងគឺងាយជាងការគិតរហូត។

២) ប្រសិនបើសិស្សមិនបានត្រៀម ហើយនៅសល់មួយសប្តាហ៍ទៀតប្រឡង តើគាត់គួរធ្វើបែបណា?
ការដែលសំខាន់ ខ្ញុំនៅតែប្រកាន់ខ្ជាប់ពាក្យថាត្រូវមាន «ទំនុកចិត្តលើខ្លួនឯង»។ ពាក្យចាស់តែងតែនិយាយថា អព្ភូតហេតុអាចកើតមានគ្រប់ពេលដែលមានការជឿជាក់ ហេតុនេះនៅពេលដែលសិស្សមានទំនុកចិត្តលើខ្លួនឯង នោះគាត់នឹងអាចធ្វើបានល្អនៅពេលប្រឡង តែចំណុចសំខាន់នោះគឺ ឱ្យគាត់មានទំនុកចិត្តលើខ្លួនឯងយ៉ាងម៉េចបានប្រសិនបើគាត់នៅសល់ពេលតិចដូច្នេះ។

ចំណុចសំខាន់ដើម្បីទប់ស្កាត់អារម្មណ៍ជ្រួលច្របល់ពេលជិតប្រឡងគឺ ការកំណត់កាលវិភាគរំឭកមេរៀនឱ្យបានច្បាស់លាស់។ សូមពិចារណាមើលពីខ្លួនឯង ហើយសម្លឹងមើលលើសមត្ថភាពផ្ទាល់របស់ខ្លួនឯង ថាតើនៅខ្វះផ្នែកណាច្រើនជាងគេ កំណត់មើលវាមុន ហើយដាក់ម៉ោងឱ្យច្រើន បន្ទាប់មកបន្តចែកពេលឱ្យបានច្បាស់លាស់ដើម្បីមើលវាឱ្យបានល្អ។ ឱ្យតែមានការប្រឹងប្រែង លទ្ធផលល្អនឹងកើតមានគ្រប់ពេល សូមចាប់ផ្តើម ហើយកុំបារម្ភច្រើនពេក។

៣) សល់រយៈពេល ១ ថ្ងៃ ឬ ២ ថ្ងៃ មុនប្រឡងបាក់ឌុប ឬប្រឡងសំខាន់នានា សិស្សភាគច្រើនដេកមិនលក់ តើមានវិធីអ្វីដើម្បីដោះស្រាយបញ្ហាទាំងអស់នោះ?
ជាធម្មតាទេ ជិតប្រឡងអ្នកណាក៏ភ័យដែរ តែត្រង់ថាភ័យដល់ថ្នាក់ដេកមិនលក់គឺជ្រុលពេកហើយ។ ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ ទី១ យើងត្រូវសង្ខេបមេរៀនដោយគូរ Mind Maps (គំនូសសង្ខេបមេរៀនឱ្យខ្លី) ព្រោះនៅពេលដែលយើងបានឃើញមេរៀនត្រូវបានតភ្ជាប់គ្នា ខួរក្បាលនឹងកាន់តែឆាប់ចាំ ហើយកាន់តែទុកចិត្ត។

មួយវិញទៀត បន្ទាប់ពីបង្កើត Mind Maps ហើយ យើងនឹងមានអារម្មណ៍ថាយើងអាចគ្រប់គ្រងស្ថានការណ៍បានហើយ តែចំណុចជំរុញឱ្យកាន់តែមានភាពស្វាហាប់ទៅទៀតនោះ គឺការលេងកីឡាណាដែលមិនប៉ះពាល់ខ្លាំងដល់ថាមពល ដូចជាការហែលទឹក ការជិះកង់ ឬធ្វើសមាធិ ដើម្បីឱ្យស្ងប់អារម្មណ៍ បន្ទាប់មកយើងនឹងអាចសម្រាកដោយស្ងប់ចិត្តដើម្បីងើបពីព្រលឹមដោយភាពស្រស់ស្រាយនៅថ្ងៃប្រឡង៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ lareine