ញាក់សាច់! កីឡាករ Mbappe នឹងយកលុយទាំងអស់ដែលរកបានពី World Cup ទៅជួយក្មេងកំព្រា
កីឡាករ Kylian Mbappe គឺជាកីឡាករវ័យ ១៩ឆ្នាំដ៏ឆ្នើមរបស់បារាំង ដោយកាលពីយប់ម្សិលមិញរូបគេបានរកគ្រាប់បាល់បានមួយគ្រាប់ក្នុងវគ្គផ្ដាចព្រ័ត ដែលធ្វើឲ្យ បារាំងលើកពាន World Cup ជាលើកទី២។
បើយោងតាមសារព័ត៌មាន msn.com បានចុះផ្សាយថា កីឡាករ Kylian Mbappe នឹងយកលុយថ្លៃនឿយហត់ទាំងអស់ដែលទទួលបានពីប្រកួតក្នុងព្រឹត្តិការណ៍ World Cup មកបរិច្ចាគឲ្យក្មេងៗកំព្រា និងពិការ នៅក្នុងអង្គការ remiers de Cordee ក្នុងប្រទេសបារាំង។ មិនតែប៉ុណ្ណោះ កីឡាកររូបនេះ នឹងឆ្លៀតពេលក្នុងការហ្វឹកហាត់កីឡា ដល់ក្មេងៗក្នុងអង្គការនេះផងដែរ។
បើតាមប្រសាសន៍របស់លោក Sebastien Ruffin អ្នកគ្រប់គ្រងទូទៅនៃ អង្គការ remiers de Cordee បានឲ្យដឹងថា បើពេលវេលាអំណោយផល កីឡាករ Kylian Mbappe នឹងអញ្ជើញមកទស្សនា អង្គការ remiers de Cordee ដើម្បីហ្វឹកហាត់កីឡាដល់ក្មេងៗ។ លោកបានបន្តទៀតថា Mbappe ពិតជាមានទំនាក់ទំនងល្អជាមួយក្មេងៗ ហើយគេតែងតែមានពាក្យល្អៗនិយាយជំរុញទឹកចិត្តក្មេងៗកំព្រា និងពិការឲ្យមានការតស៊ូក្នុងជីវិត។
ទាក់ទងនឹងទឹកប្រាក់ សម្រាប់ បរិច្ចាគឲ្យក្មេងៗកំព្រា និងពិការ យើងមិនដឹងថាលោក បរិច្ចាគប៉ុន្មានោះទេ តែគេសនិដ្ឋានថា កីឡាករវ័យ១៩រូបនេះ នឹងបរិច្ចាគ ប្រមាណ ២២,៣០០ដុល្លារអាមរិកនៃរាល់គ្រប់ការប្រកួតក្នុង World Cup។
តាមពិតទៅ កីឡាករ Kylian Mbppe ចូលលេងឲ្យក្រុមជម្រើសជាតិបារាំងដោយចេញពីចិត្ត មិនគិតរឿងលុយថ្លៃនឿយហត់ក្នុងការប្រកួតឡើយ ដូច្នេះហើយទើបលុយដែលបានទាំងប៉ុណ្ណោះក្នុងព្រឹត្តការណ៍ World Cup គឺរូបគេយកទៅបរិច្ចាគឲ្យក្មេងកំព្រានិងពិការទាំងអស់។
គួរជម្រាបផងដែរថា កីឡាករ Kylian Mbppe គឺជាក្មេងប្រុសម្នាក់ដែលរស់នៅក្នុងតំបន់ក្រីក្រ ដែលពោពេញទៅដោយ ពួកឧក្រិដ្ឋជន និងអំពើភារវកម្មនៃតំបន់ជាយក្រុងបារីស។
ទោះបីជាគ្រួសារមានភាពក្រីក្រលំបាកយ៉ាងណាក៏ដោយ លោកមិនដែលមានចិត្តបោះបង់នូវការស្រឡាញ់មួយនេះជាដាច់ខាត ហើយតែងតែទៅធ្វើការហ្វឹកហាត់យ៉ាងទៀងទាត់។ រឿងមួយដែលធ្វើ Mbappe កាន់តែមានកម្លាំងចិត្តនោះ គឺលោកយករូប Idol របស់គាត់គឺលោក Cristiano Ronaldo បិទពេញបន្ទប់គេង ដើម្បីមើលជាកម្លាំងចិត្តនៅពេលត្រឡប់មកហ្វឹកហាត់វិញ។
បច្ចុប្បន្នេះ កីឡាកររូបនេះ ជ្រកក្នុងទ្រនំក្លឹប Paris Saint-Germain Mbappe ហើយរូបគេជាកីឡាករវ័យក្មេងបំផុតដែលអាចរកចំណូលបាន ១.៧លានដុល្លារអាមេរិកក្នុងខែ៕
ដកស្រង់ដោយ៖ លោក ប៊ុត ហេង
ប្រភព៖ business-cambodia