ក្រោយពីចេញ Real Madrid ពេលនេះ Ronaldo លក់ផ្ទះវីឡា និងសណ្ឋាគាររបស់ខ្លួនឱ្យអស់នៅអេស្ប៉ាញ

កីឡាករ Cristiano Ronaldo ត្រៀមលក់ផ្ទះដែលខ្លួនមានទាំងអស់នៅអេស្ប៉ាញ ដើម្បីចង់បំភ្លេចអ្វីៗដែលកើតមានឡើងនៅ Real Madrid ហើយចាប់ផ្តើមជីវិតថ្មីនៅអ៊ីតាលី។

បើយោងតាមសារព័ត៌មានមួយបានឲ្យដឹងថា ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះបានសម្រេចចិត្តនឹងលក់វីឡារបស់ខ្លួនទាំងប៉ុន្មាននៅអេស្ប៉ាញទាំងអស់ដោយសារតែលោកលែងចង់ទាក់ទងជាមួយអេស្ប៉ាញបន្តទៀត។

វីឡារបស់ Ronaldo នៃអេស្ប៉ាញ

ខណៈនេះដែរ កីឡាករវ័យ៣៣ឆ្នាំរូបនេះ បានយកឡានទាំង២២គ្រឿងរបស់ខ្លួនចេញពីប្រទេសអេស្ប៉ាញទាំងអស់ ដោយយកពួកគេទៅទុកនៅផ្ទះរបស់គេមួយស្ថិតនៅទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់។

បន្ថែមពីលើនេះ អតីតខ្សែប្រយុទ្ធរបស់ក្រុម Manchester United រូបនេះក៏អាចនឹងផ្អាកការសាងសង់សណ្ឋាគារមួយដែលស្ថិតកណ្តាលទីក្រុង Madrid តែម្តងដែររូបគេបានចាប់ផ្តើមបើកការដ្ឋានតាំងពីដើមឆ្នាំមកម្ល៉េះ។

សណ្ឋាគាររបស់ Ronaldo នៅក្រុង Madrid

គួរឲ្យដឹងថា Ronaldo ក៏បានលក់ផ្ទះរបស់រូបគេដែលស្ថិតនៅទីក្រុង Manchester ផងដែរ ពេលដែលរូបគេប្តូរក្លិបមកកាន់ Real Madrid ពីឆ្នាំ២០០៩ ខណៈដែលពេលនេះ រូបគេអាចនឹងលក់អ្វីៗគ្រប់យ៉ាងដោយសារតែរូបគេហត់នឿយនឹងការបង់ពន្ធព្រមទាំងសំណុំរឿងគេចពន្ធរបស់រូបគេដែលចោទប្រកាន់ដោយប៉ូលីសពន្ធដាររបស់រដ្ឋាភិបាលអេស្ប៉ាញ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload