លិខិតឆ្លងដែនថៃ តម្លៃត្រឹមតែ ៣០ដុល្លារទេ តែអាចទៅលេង ៧០ប្រទេសដោយពុំចាំបាច់ធ្វើវីសា

លិខិតឆ្លងដែន (Passport) ដែលមានតម្លៃប្រមាណ៣០ដុល្លារអាមេរិករបស់ថៃ អាចឲ្យពលរដ្ឋថៃដើរបាន៧០ប្រទេសដោយមិនបានស្នើសុំធ្វើទិដ្ឋការ (VISA)។

លិខិតឆ្លងដែនរបស់ថៃ គិតថ្លៃសេវាធ្វើត្រឹមតែ១,០០០បាតប៉ុណ្ណោះ ឫស្មើនឹង៣០ដុល្លារអាមេរិក ដែលមានសុពលភាពរយៈពេល៥ឆ្នាំ និងចំណាយពេលធ្វើមិនដល់១ខែឡើយ។

បើទោះបីជា លិខិតឆ្លងដែនរបស់ថៃហាក់មានតម្លៃថ្លៃជាងវៀតណាម (៩ដុល្លារ) បន្តិចក៏ពិតមែន ប៉ុន្តែវាមានឥទ្ធិពលជាងលិខិតឆ្លងដែនរបស់វៀតណាម ត្រង់លិខិតឆ្លងដែនវៀតណាមអាចដើរលេងប្រទេសជាង៤០ សុទ្ធតែប្រទេសដែលស្ទើរតែមិនស្គាល់ និងជាប្រទេសតូចៗដែលកំពុងអភិវឌ្ឍន៍។​

ប៉ុន្តែសម្រាប់លិខិតឆ្លងដែនថៃវិញ អាចដើរទៅកាន់ប្រទេសចំនួន៧០ ដែលសុទ្ធតែជាប្រទេសគួរឲ្យទៅលេងកម្សាន្ត ក្នុងនោះរួមមានប្រទេសអាហ្សង់ទីន ប្រេស៊ីល រុស្សី ប៉េរូ កូរ៉េខាងត្បូង ជប៉ុន ហុងកុង ម៉ុងហ្គោលី និងអាហ្វ្រិចខាងត្បូងជាដើម។ គួរជម្រាបផងដែរថា បច្ចុប្បន្នថៃមានប្រជាជនសរុបប្រមាណជាង៦៩លាននាក់ និងមានប្រាក់ចំណូលប្រចាំឆ្នាំគិតជាមធ្យមប្រមាណជិត៧,០០០ដុល្លារអាមេរិកក្នុងមួយនាក់៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia