សារចុងក្រោយនៃជិវីតលោក Steve Jobs ធ្វើឱ្យមនុស្សជុំវិញពិភពលោកក្តុកក្តួលក្នុងចិត្តខ្លាំងពន់ពេក

ជីវិតគ្រប់រូបមិនថាមន្រ្តីរាជការ អ្នកជំនួញទេ គែសុទ្ធតែជៀសមិនផុតពីការចាស់ ជរា ឈឺ ស្លាប់មិនខាន។ សំខាន់ថាតើពេលនៅមានសុខភាពល្អ មានទ្រព្យ តើយើងបានធ្វើអ្វីខ្លះជាប្រយោជន៍​ ជាក្តីស្រមៃមុនចាកចេញពីលោកនេះ។

លោក Steve Jobs បិតាស្ថាបនិក Apple

ខ្ញុំបានឈានមកដល់ចំណុចកំពូលនៃភាពជោគជ័យក្នុងពិភពជំនួញ។ នៅក្នុងក្រសែភ្នែកអ្នកដទៃ ជីវិតរបស់ខ្ញុំជាគំរូមួយនៃភាពជោគជ័យ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រៅពីជីវិតការងារ ខ្ញុំមានសេចក្តីសុខតិចតួចប៉ុណ្ណោះនៅក្នុងជីវិត។ ហើយនៅទីបញ្ចប់ ទ្រព្យសម្បត្តិគឺគ្រាន់តែជាការពិតមួយនៃជីវិតដែលខ្ញុំបានកំណត់ទុករហូតមក។

ក្នុងខណៈពេលនេះ ខ្ញុំកំពុងទម្រេតខ្លួននៅលើគ្រែអ្នកជំងឺ ហើយរំលឹកពីជីវិតរបស់ខ្ញុំទាំងមូលឡើងវិញ។ ខ្ញុំភ្ញាក់រឮកថា រាល់ភាពទទួលស្គាល់ពីអ្នកដទៃ និងទ្រព្យសម្បត្តិទាំងអស់ ដែលខ្ញុំតែងមានមោទនភាពខ្លាំងបំផុតកន្លងមក បានសាបរលាបបន្តិចម្តងៗ ហើយ ប្រែជាខ្សោះអស់ន័យ នៅចំពោះមុខសេចក្តីមរណៈដែលកំពុងតែកើតមានឡើងខាងមុខនេះ។

នៅក្នុងស្បៃអន្ធការដ៏ខ្មៅងងឹត ភ្នែកទាំងគូរបស់ខ្ញុំសម្លឹងមើលទៅកាន់ភ្លើងពណ៌បៃតងពីជ្រុងម្ខាងនៃម៉ាសុីនទ្រាំទ្រជីវិត ហើយឮស្នូររហ៊ឹមៗ នៃរលកសំឡេងមេកានិច។ ខ្ញុំមានអារម្មណ៍ថា ដង្ហើមនៃយមរាជកាន់តែខិតមកជិតដល់ហើយ។ ឥឡូវនេះទើបខ្ញុំដឹងថា នៅពេលដែលយើងរកបានទ្រព្យសម្បត្ដិសមល្មមនឹងបន្តជីវិតរស់នៅហើយនោះ យើងគួរតែបន្តស្វះស្វែងរករបស់ផ្សេងទៀតដែលមិនទាក់ទងទៅនឹងភោគសម្បត្ដិទាំងនោះ។

ការប្រមាញ់រកទ្រព្យសម្បត្តិមិនចេះឆ្អែតឆ្អន់ គឺមានតែអូសទាញមនុស្សឲ្យធ្លាក់ខ្លួនចូលទៅក្នុងភាពអន្តរាយទ្រុឌទ្រោមនៃសុខភាពដូចជាខ្ញុំប៉ុណ្ណោះឯង។

ព្រះជាម្ចាស់បានប្រទានឲ្យយើងនូវសតិសម្បជញ្ញៈ ដើម្បីឱ្យយើងមានសេចក្ដីស្រឡាញ់នៅក្នុងបេះដូងរបស់មនុស្សរាល់គ្នា មិនមែនជាការបំភ័ន្តដែលបង្ករឡើងដោយទ្រព្យសម្បត្តិនោះទេ។ ទ្រព្យសម្បត្តិដែលខ្ញុំមានទាំងប៉ុន្មានក្នុងជីវិត ខ្ញុំមិនអាចនាំយកជាប់ខ្លួនរហូតទេ។ អ្វីដែលខ្ញុំអាចយកទៅជាមួយបានគឺមានតែអនុស្សាវរីយ៍ ឬ ការចងចាំដែលបានមកឱ្យដោយសេចក្ដីស្រឡាញ់ប៉ុណ្ណោះ។​ នោះហើយគឺជាទ្រព្យសម្បត្ដិដ៏ពិត  ប្រាកដដែលនឹងនៅជាមួយអ្នកអមដំណើរអ្នក ហើយឱ្យកម្លាំងដល់អ្នក និងជាពន្លឺបំភ្លឺអ្នកឲ្យបន្តដំណើរទៅមុខទៀត។

សេចក្ដីស្រឡាញ់អាចធ្វើដំណើរបានរាប់ពាន់យោជ។ ជីវិតគ្មានដែនកំណត់នោះទេ។ ចូរទៅកន្លែងដែលអ្នកចង់ទៅ។ ឡើងឲ្យដល់កម្ពស់ដែលអ្នកចង់ឈានទៅដល់។ អ្វីទាំងអស់គឺស្ថិតនៅក្នុងបេះដូង និងកណ្តាប់ដៃរបស់អ្នកហើយ។

តើគ្រែអ្វីដែលជាគ្រែដ៏មានតម្លៃថ្លៃបំផុតនៅក្នុងពិភពលោក? នោះគឺ “គ្រែអ្នកជំងឺ”
អ្នកអាចជួលនរណាម្នាក់ឲ្យបើករថយន្តឲ្យអ្នក ឱ្យរកប្រាក់សម្រាប់អ្នក ប៉ុន្តែអ្នកមិនអាចជួលនរណាម្នាក់ឲ្យមកឈឺជំនួសអ្នកបានទេ។

ទ្រព្យសម្បត្ដិដែលបាត់បង់ទៅហើយអាចរកមកវិញបាន។ ប៉ុន្តែមានរបស់ម្យ៉ាងក្នុងលោកយើងនេះដែលយើងគ្មានថ្ងៃរកវាមកវិញបានទេនៅពេលដែលវាបាត់បង់ – នោះគឺជា “ជីវិត”។

នៅពេលដែលមនុស្សម្នាក់ចូលទៅក្នុងបន្ទប់វះកាត់ គេនឹងភ្ញាក់ខ្លួនថានៅមានសៀវភៅមួយក្បាលដែលគេមិនទាន់បានអានចប់- នោះគឺជា “សៀវភៅនៃជិវិតដ៏មានសុខភាពល្អ” ។

មិនថាឈុតឆាកមួយណានៃជីវិតដែលយើងកំពុងតែស្ថិតនៅឥឡូវនេះទេទាំងជាមួយនឹងពេលវេលា យើងនឹងប្រឈមមុខនូវថ្ងៃមួយដែលវាំងននជីវិតរបស់យើងបិទធ្លាក់ចុះមកក្រោមជាមិនខាន។

ដូច្នេះ ចូរសាងកំណប់ស្នេហ៍សម្រាប់ក្រុមគ្រួសារអ្នក, ស្នេហាដ៏បរិសុទ្ធសម្រាប់ដៃគូរជីវិតរបស់អ្នក, និង សេចក្ដីស្រឡាញ់ចំពោះមិត្តភក្តិរបស់អ្នក។

“មើលថែខ្លួនឯងឲ្យបានល្អ… …ស្រឡាញ់មនុស្សជុំវិញខ្លួនឲ្យបានច្រើន”

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia

error: Content is protected !!