អបអរសាទរ!​ អេស៊ីលីដា​ ចាយលុយជិត ៤០លានដុល្លារឯណោះ ដើម្បីបង្កើតសាលាស្តង់ដាអន្តរជាតិ

ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាធនាគារពាណិជ្ជធំបំផុតនៅកម្ពុជា ចំណាយលុយជិត៤០លានដុល្លារអាមេរិក ក្នុងការសាងសង់អគារលំដាប់ស្តង់ដាអន្តរជាតិ សម្រាប់វិទ្យាស្ថានពាណិជ្ជសាស្រ្ត អេស៊ីលីដា ដើម្បីបណ្ដុះធនធានមនុស្ស លើជំនាញ ហិរញ្ញវត្ថុ និងធនាគារ។

បើតាមប្រសាសន៍របស់លោក បណ្ឌិត ផុន ណារិន នាយក​ វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា បានឲ្យដឹងថា បច្ចុប្បន្ននេះ ការសាងសង់ អគារថ្មី នៃ វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា សម្រេចបានប្រមាណជា ៧៦ភាគរយហើយ ដែលគ្រោងនឹងបើកសម្ពោធ ដាក់ដំណើរជាផ្លូវការ នៅខែធ្នូ ២០១៨ នេះ។

លោកបណ្ឌិតបានបន្តទៀតថា ការវិនិយោគរប​ស់ ធនាគារ អេស៊ីលីដាគឺវិនិយោគលើទស្សនវិស័យ រយៈពេលវែង ពោលគឺ អេស៊ីលីដា ចង់ផ្ទេរនូវចំណេះដឹង បទពិសោធន៍ដែលខ្លួន ធ្វើបានជោគជ័យយកមក ផ្ដល់ឲ្យក្មេងជំនាន់ក្រោយ។ លោកបណ្ឌិតក៏បានបញ្ជាក់ផងដែរថា ទឹកប្រាក់ជិត ៤០លានដុល្លារនេះ បើយកដាក់ធនាគារចាំយកការប្រាក់ បានប្រាក់ចំណេញលឿន យ៉ាងហោចណាស់ក៏បាន ២លានដុល្លារដែរក្នុងមួយឆ្នាំ តែធនាគារ អេស៊ីលីដាចង់ធ្វើការវិនិយោគផ្ទេរចំណេះដឹងផ្នែកធនាគារ និងហិរញ្ញវត្ថុ ដើម្បីកម្ពុជាមានធនធានផ្នែកហិរញ្ញវត្ថុនិងធនាគារប្រកបដោយវិជ្ជាជីវៈ។

អគារថ្មី របស់ វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា កំពុងត្រូវបានសាងសង់លើផ្ទៃដី ៧៥៧៥០ម៉ែត្រការ៉េ អាចទទួលនិស្សិតចូលរៀនបានពី ៦០០០ ទៅ ៧០០០នាក់(សរុប៣វេន)។​ នៅក្នុងអគារសិក្សាថ្មីនេះ ក៏មានអគាអន្តេវាសិកដ្ឋានសម្រាប់សិស្ស-និស្សិតស្នាក់នៅ មានសួនច្បារ ទីលានបាល់ទាត់ បាល់ទះ និងបាល់បោះ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។

គួរជម្រាបផងដែរថា បច្ចុប្បន្ន វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា កំពុងផ្ដល់នូវសេវាអប់រំ ដល់និស្សិត ជាង ៥០០នាក់ ក្នុងកម្រិត ថ្នាក់បរិញ្ញាបត្ររង និង ថ្នាក់បរិញ្ញាបត្រ លើជំនាញ ហិរញ្ញវត្ថុ និងធនាគារ ប្រកបដោយវិជ្ជាជីវៈ និងគុណភាពគួរឲ្យជឿទុកចិត្ត៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia

error: Content is protected !!