ហេតុផល៣ធំៗនេះ​ ទើបធ្វើឱ្យជនជាតិចិនសម្រុកមកវិនិយោគរកស៊ីច្រើនជាគំហុកនៅស្រុកខ្មែរ

នៅកម្ពុជាបច្ចុប្បន្ន មិត្តយក្សចិនបានក្លាយជាប្រទេសជួរមុខឈរលំដាប់ទី១វិនិយោគធំជាងគេនៅកម្ពុជាប្រមាណ​២៧% នៃទំហំទឹកប្រាក់វិនិយោគបរទេសសរុប ខណៈមានក្រុមហ៊ុនចិនដល់ទៅជាង១,០០០ក្រុមហ៊ុនហើយដែលបានចូលមកវិនិយោគរកស៊ីនៅស្រុកខ្មែរ។​

លោក Chen Changjiang ប្រធានសភាពាណិជ្ជកម្មចិនបានមានប្រសាសន៍ថា កំណើនវិនិយោគចិនមកកាន់កម្ពុជានឹងបន្តកើនឡើងបន្ថែមទៀត ខណៈរដ្ឋាភិបាលកម្ពុជាបានចុះសន្ធិសញ្ញាអន្តរជាតិចិន-កម្ពុជា កាត់បន្ថយការយកពន្ធលើប្រាក់ចំណូលពី១៤ភាគរយ មកនៅត្រឹមតែ១០ភាគរយប៉ុណ្ណោះ ដែលនឹងចាប់អនុវត្តន៍នៅថ្ងៃទី០១ ខែ០១ ឆ្នាំ២០១៩។​

ប្រធានសភាពាណិជ្ជកម្មចិនរូបនេះបានឲ្យដឹងទៀតថា បច្ចុប្បន្នសមាគមន៍ពាណិជ្ជកម្មចិនកម្ពុជាបានកើនដល់ជាង៦០០ហើយ ហើយក្រុមហ៊ុនដែលមកវិនិយោគរកស៊ីនៅកម្ពុជាភាគច្រើនផ្តោតលើវិស័យអគ្គិសនី សំណង់ ដឹកជញ្ជូន និងការងារបណ្តុះបណ្តាលលើវិជ្ជាជីវៈ។

លោក Chen បានបញ្ជាក់បន្ថែមថា កត្តាដែលជំរុញឲ្យអ្នករកស៊ី និងវិនិយោគិនចិនសម្រុកមកកម្ពុជា គឺដោយសារតែប្រទេសកម្ពុជាបច្ចុប្បន្ន មានការអភិវឌ្ឍន៍កើនឡើងជាលំដាប់ ខណៈសេដ្ឋកិច្ចកម្ពុជាកើនឡើងប្រមាណជាង៧ភាគរយជារៀងរាល់ឆ្នាំ ក្នុងរយៈពេលប្រមាណ២០ឆ្នាំមកនេះ។

ជាងនេះទៅទៀត កត្តាស្ថេរភាពនយោបាយ និងកត្តាដៃគូអាជីវកម្មល្អ ដែលរដ្ឋាភិបាលរបស់លោកធ្លាប់លើកឡើងថា “កម្ពុជាជាដៃគូរកស៊ីដ៏ល្អសម្រាប់ចិន” និងបានជម្រុញលើកទឹកចិត្តឲ្យប្រជាជនចិនមកសហការរកស៊ី និងវិនិយោគក្នុងប្រទេសកម្ពុជាផងដែរ។

គួរជម្រាបផងដែរថា ភ្ញៀវទេសចរ​ចិនដែលបានចូលមកកម្ពុជា កាលពីឆ្នាំ២០១៧ មានចំនួន ១,២១០,០០០នាក់ គឺបានកើនឡើងជិត ៤៦% បើធៀបនឹងឆ្នាំ ២០១៦ដូចគ្នា៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia

error: Content is protected !!