ក្មេងៗ១១នាក់ និងគ្រូបង្វឹកបានបួសជាសង្ឃ ខណៈម្នាក់ទៀតមិនបួសទេ ដោយសារតែ ……………

កុមារ​១១​នាក់​ ក្នុង​ចំណោម​កុមារ​ទាំង​១២​នាក់ និង​គ្រូបង្វឹក​បាល់ទាត់​ពួក​គេ ដែល​ត្រូវ​បាន​សង្គ្រោះ​ចេញពី​រូងភ្នំ​ថាំ​ហ្លួង​ភាគខាងជើង​ប្រទេស​ថៃ បាន​លុតជង្គង់​ថ្វាយបង្គំ​ព្រះសង្ឃ​ជា​ឧបជ្ឈាយ៍​ជា​ច្រើន​​​អង្គ ក្នុង​ពិធី​មួយ​មុនពេល​ពួក​គេ​សាង​ផ្នួស​នៅ​វត្ត​មួយ​ ក្នុង​ខេត្ត​ឈៀង​រ៉ៃ​ ។ ជាង​១​ស​ប្ដា​ហ៍ ក្រោយ​ពេល​ស​ង្គ្រោះ​គេ​ចេញពី​រូងភ្នំ​ ដែល​ពួក​គេ​ជាប់​នៅ​ក្នុង​នោះ​ ព្រោះ​ទឹក​ជន់លិច កុមារ​១១​នាក់​ក្នុង​ចំណោម​កុមារ​១២​នាក់នឹង​បួស​រយៈពេល​៩​ថ្ងៃ មុន​ពេល​វិល​ត្រឡប់​ទៅរក​ជីវភាព​ធម្មតា​វិញ ដែល​នោះ​ជា​ទំនៀម​ទម្លាប់​ក្នុង​ប្រទេស​មួយ ​ដែល​ប្រជាជន​ភាគច្រើន​កាន់​ព្រះពុទ្ធ​សាសនា​។

អភិបាលខេត្ត​ឈៀង​រ៉ៃ លោក Prachon Pratsakul កាលពី​ថ្ងៃ​ទី​២២​ កក្កដា បាន​ថ្លែង​ទៅ​កាន់​អ្នក​សារ​ព័ត៌មាន​ថា កុមារ​១១​នាក់​សាង​ផ្នួស​រយៈពេល​៩​ថ្ងៃ ចំណែក​គ្រូបង្វឹក​បាល់ទាត់​ពួក​គេ​នឹង​ក្លាយជា​សង្ឃ រីឯ​កុមារ​ទី​១២​ឈ្មោះ Adul Sam On ពុំ​បាន​បួស​ឡើយ​ ព្រោះ​គេ​ជា​គ្រឹ​ស្ត​សាសនិក ។ តាម​ពិត​ទៅ គ្រូ​បង្វឹក​បាល់ទាត់​លោក Ekkapol Chantawong បាន​តាំងចិត្ត​បួស​ជា​សង្ឃ​រួច​ទៅ​ហើយ ទើប​អាច​ជួយ​កុមារ​ឲ្យ​ចេះ​តាំងចិត្ត​ស្ងប់​ ពេល​ស្ថិត​នៅ​ក្នុង​រូងភ្នំ ។ កុមារ​ទាំងនេះ​ មាន​អាយុ​ពី​១១​ឆ្នាំទៅ​១៦​ឆ្នាំ​គឺជា​ក្រុម​បាល់​ទាត់​​ជ្រូកព្រៃ។

ព្រះ​តេជគុណ Praphun Khomjoi ជា​មន្ត្រី​សង្ឃ​ខេត្ត​ឈៀង​រ៉ៃ​បញ្ជាក់​ថា កុមារ​ទាំងនេះ ​ត្រូវ​កោរសក់​នៅ​ថ្ងៃ​ទី​២៥ ​កក្កដា មុន​ពេល​បំបួស​គ្រង​ស្បង់​ចីវរ​នៅ​ថ្ងៃ​បន្ទាប់ ។ ពួក​គេ​នឹង​ស្ថិត​នៅ​ក្នុង​វត្ត​ រហូត​ដល់​ថ្ងៃ​ទី​៤ ខែសីហា ទើប​សឹក​វិញ ។ នៅ​ក្នុង​សន្និសីទកាសែត ​រួម​គ្នា​មួយ​កាលពី​ថ្ងៃ​ទី​១៨ ខែកក្កដា​កន្លង​ទៅ ពួក​គេ​បាន​រៀបរាប់​ពី​ជីវិត​ ជាប់​នៅ​ក្នុង​រូងភ្នំ ស្ថិត​ក្នុង​ខេត្ត​ឈៀង​រ៉ៃ កាលពី​ថ្ងៃ​ទី​២៣ ខែមិថុនា និង​បាន​ជាប់​ចេញ​មិន​រួច​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ ដោយសារ​ទឹក​ឡើង​ខ្លាំង​ក្នុង​រូងភ្នំ និង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្នុង​ប្រតិ​បត្តិការ​ចុង​ក្រោយ​ត្រឹម​ថ្ងៃ​ទី​១០ ខែកក្កដា។

«​អព្ភូតហេតុ​» «​អស្ចារ្យ​» នេះ​ជា​ពាក្យ​ដែលកុមារ​ទាំង​១២​នាក់ និង​គ្រូបង្វឹក​ពួក​គេ​បាន​និយាយច្រើន​ដង​នៅ​ក្នុង​សន្និសីទកាសែត​រួម​គ្នា​ជា​សា​ធារណៈ ។ អ្វី​ដែល​ពួក​គេ​បាន​រៀបរាប់​និង​ពិពណ៌នា គឺ​ជីវិត​ជាប់​ក្នុង​រូងភ្នំ​រយៈពេល​៩​ថ្ងៃ​ក្នុង​ស្ថានភាព​ងងឹតសូន្យ​សុង គ្មាន​អាហារ​ទទួលទាន ផឹក​តែ​ទឹក​ជ្រាប​តាម​ថ្មភ្នំ និង​មាន​តែ​ការ​បន់ស្រន់ ។គ្រូបង្វឹក​បាល់ទាត់​អាយុ​២៥​ឆ្នាំ ដែល​ជា​មនុស្ស​ធំ​តែ​ម្នាក់​គត់​ក្នុង​ក្រុម​បាន​បញ្ជាក់​ថា ពួក​គេ​បាន​ព្យាយាម​រក​មធ្យោបាយ​ចាកចេញ​ដោយ​ខ្លួនឯង​ដោយ​គិត​ថា មិន​អាច​អង្គុយ​ទន្ទឹងរង់ចាំ​ជំនួយ​ពី​ខាងក្រៅ​ទេ តែ​នៅ​តែ​មិន​អាច​ចេញ​រួច។

ក្រៅពី​រៀបរាប់​ពី​ជីវិត​ឯកោ​ក្នុង​រូងភ្នំ​រយៈពេល​៩​ថ្ងៃ កុមារ​ទាំង​១២​នាក់​និង​គ្រូបង្វឹក​បាល់ទាត់​របស់​ពួក​គេ​បាន​ប្រាប់​ថា ក្នុង​ពេល​សម្រាក​ក្នុង​មន្ទីរពេទ្យ ពួក​គេ​ក៏​បាន​មើល​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​រវាង​ក្រុម​ជ្រើស​ជាតិ​បារាំង និង​ក្រូ​អាស៊ី នា​យប់​ថ្ងៃអាទិត្យ ទី​១៥ ខែកក្កដា​ដែរ ។ បន្ទាប់​មក មាន​អ្នក​ខ្លះ​បាន​ប្រាប់​ឱ្យ​ដឹង​ពី​ការ​ចង់​ក្លាយ​ខ្លួន​ជា​កីឡាករ​បាល់ទាត់​ជំនាញ​ទៀត​ផង។

គួរ​រំឭក​ថា កុមារ​ទាំង​១២​នាក់​ដែល​មាន​អាយុ​ពី​១១​ឆ្នាំទៅ​១៦​ឆ្នាំ និង​គ្រូបង្វឹក​បាល់ទាត់​របស់​គេ​ម្នាក់​អាយុ​២៥​ឆ្នាំ បាន​នាំ​គ្នា​ចូល​ក្នុង​រូងភ្នំ​ថាំ​ហ្លួង ស្ថិត​ក្នុង​ខេត្ត​ឈៀង​រ៉ៃ កាលពី​ថ្ងៃ​ទី​២៣ ខែមិថុនា ហើយ​ក៏​បាន​ជាប់​ចេញ​មិន​រួច​ដោយសារ​ទឹក​ឡើង​ខ្លាំង​ក្នុង​រូងភ្នំ ។ពួក​គេ​ត្រូវ​រង់ចាំ​រហូត​ដល់​៩​ថ្ងៃ ទើប​ក្រុម​អ្នកជំនាញ​មុជទឹក​ជនជាតិ​អង់គ្លេស​បាន​រក​ឃើញ​ទីកន្លែង​របស់​ពួក​គេ​ដែល​មាន​ចម្ងាយ​ប្រមាណ​៤​គីឡូម៉ែត្រ​ពី​ច្រក​ផ្លូវ​ចូល។

តាំងពី​ពេល​នោះ​មក រដ្ឋាភិបាល​ថៃ​ដោយ​មាន​ជំនួយ​ពី​អន្តរជាតិ​បាន​ព្យាយាម​រិះរក​គ្រប់​មធ្យោបាយ ដើម្បី​រំដោះពួក​គេ​ចេញ ។ ទីបំផុត ប្រតិបត្តិការ​រំដោះ​ពួកគេ​បាន​ចាប់ផ្តើម​ជា​ផ្លូវការ​នៅ​ថ្ងៃអាទិត្យ​ទី​៨ ខែកក្កដា និង​បញ្ចប់​នៅ​ថ្ងៃ​អង្គារ​ទី​១០ ខែកក្កដា ដោយ​រំដោះ​បាន​កុមារ​ទាំង​១២​នាក់ រួម​ទាំង​គ្រូបង្វឹក​បាល់ទាត់​របស់​ពួក​គេ​ដោយ​សុវត្ថិភាព។

ក្នុង​ឱកាស​សន្និសីទកាសែត​រួម​គ្នា​នោះ​ដែរ កុមារទាំង​១២​នាក់ និង​គ្រូបង្វឹក​បាល់ទាត់ ក៏​បាន​ចូលរួមគោរព​វិញ្ញាណក្ខន្ធ​អ្នកជំនាញ​មុជទឹក​ជនជាតិ​ថៃម្នាក់ ដែល​បាន​ស្លាប់​នៅ​ក្នុង​ប្រតិបត្តិការ​សង្គ្រោះ​ពួក​គេ ព្រមទាំង​លុតជង្គង់​ក្រាប​ក្បាល​ចុះ​នៅ​ចំពោះ​មុខ​រូបថត​ព្រះមហាក្សត្រ​ថៃ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kohsantepheapdaily