រន្ធត់ចិត្ត! មនុស្សរាប់រយនាក់កំពុងបាត់ខ្លួន និងស្លាប់ ដោយសារបាក់ទំបន់វារីអគ្គិសនី នៅប្រទេសឡាវ

បណ្ដា​សារព័ត៌មាន​ឡាវ​ជាច្រើនបានរាយការណ៍​ថា មនុស្ស​រាប់​រយ​នាក់កំពុង​បាត់​ខ្លួន និងមនុស្សជាច្រើននាក់ទៀតប្រហែលជាស្លាប់ ក្រោយ​ពី​មាន​ការ​បាក់​ទំបន់វារីអគ្គិសនី Xepian-Xe Nam Noy ដែលកំពុង​កសាង​នៅ​ភាគ​ខាងត្បូង​នៃប្រទេស​។

ទាក់ទិននឹងករណីដ៏ធំនេះ ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានទាន់ហេតុការណ៍មួយ ដើម្បីឱ្យប្រជាជនកម្ពុជា ជាពិសេសបងប្អូនដែលរស់នៅតាមដងទន្លេសេកុង ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត ព្រោះការបាក់ទំបន់សេពាន សេណាំណយ ស្ថិតនៅខេត្តអាត់តាពើ ប្រទេសឡាវនេះ នឹងត្រូវហូរចូលមកទន្លេសេកុង ពោលគឺវាមានចម្ងាយតែ៧០គីឡូម៉ែត្រប៉ុណ្ណោះ ពីព្រំដែនប្រទេសកម្ពុជា។

នៅក្នុងសេចក្តីប្រកាស នាល្ងាចថ្ងៃទី២៤ ខែកក្កដានេះ បានបញ្ជាក់ដែរថា ទំបន់វារីអគ្គិសនីមួយនេះ មានសមត្ថភាពស្ដុកទឹកប្រមាណ៥,០០០លានម៉ែត្រគូប និងអាចផលិតថាមពលអគ្គិសនីបាន៤១០ម៉េកាវ៉ាត់។

បន្ថែមពីលើនេះ ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា បានឱ្យអាជ្ញាធរខេត្តស្ទឹងត្រែង ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវត្រៀមលក្ខណៈឲ្យរួចជាស្រេច ដើម្បីជម្លៀសប្រជាជនទៅកាន់ទីទួលណាមានសុវត្ថិភាព៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia