តោះមកស្គាល់ប្រវត្តិខ្លះៗនៃទំនប់​វារីអគ្គិសនីនៅឡាវ ដែលធ្វើឱ្យមនុស្សបាត់ខ្លួន និងស្លាប់រាប់រយនាក់

ទំនប់​វារីអគ្គិសនី Xepian-Xe Nam Noy ក្នុង​ខេត្ត​អាត់តាពើ ប្រទេស​ឡាវ បាន​បាក់​កាល​ពី​យប់​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០១៨ បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​ហោច​ណាស់​២០​នាក់ និង​​កំពុង​បាត់​ខ្លួន​រាប់​រយ​នាក់​ឯណោះ។

បើ​យោង​តាម​វិបសាយ www.powertechnology.com បាន​ឲ្យ​ដឹង​ថា ទំនប់​វារីអគ្គិសនី​​ដែល​ផ្ទុក​ទឹក​៥​ពាន់​លាន​​គូប​នេះ កំពុង​ត្រូវ​បាន​សាងសង់​ដោយ​ក្រុមហ៊ុន Xe-Pian Xe-Namnoy ហៅ​កាត់​ថា PNPC។ វា​មាន​ទីតាំង​ស្ថិត​នៅ​តំបន់​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ឡាវ ដែល​មាន​កម្លាំង​ថាមពល​ទំហំ ៤១០​មេហ្គាវ៉ាត់។ សមត្ថភាព​ផលិត​អគ្គិសនី​របស់​ទំនប់ Xepian-Xe Nam Noy មាន​ចំនួន​ប្រមាណ ១៨៦០​ជីហ្គាវ៉ាត់​ម៉ោង។

ប្រភព​ដដែល បញ្ជាក់​ទៀត​ថា គម្រោង​ទំនប់​វារីអគ្គិសនី ដែល​ទើប​បាក់​នេះ ត្រូវ​បង្កើត​ឡើង​នៅ​អំឡុង​ខែ​មីនា ឆ្នាំ​២០១២ ដោយ​ក្រុមហ៊ុន​៤​រួម​គ្នា​មក​ពី​ប្រទេស​ចំនួន​៣ ដូចជា ក្រុមហ៊ុន​កូរ៉េ SK Engineering and Construction (SK E&C) ក្រុមហ៊ុន​កូរ៉េ Korea Western Power (KOWEPO) ក្រុមហ៊ុន​ថៃ Ratchaburi Electricity និង​ក្រុមហ៊ុន​ឡាវ Lao Holding State Enterprise (LHSE)។ ក្រុមហ៊ុន SK E&C មាន​ភាគហ៊ុន​ចំនួន ២៤% ក្រុមហ៊ុន LHSE ភាគហ៊ុន ២៦% ឯ​ក្រុមហ៊ុន​កូរ៉េ​ចំនួន​២ មាន​ភាគហ៊ុន​ម្នាក់ ២៥%។

គម្រោង​វារីអគ្គិសនី Xepian-Xe Nam Noy មាន​តម្លៃ​ប្រមាណ ១,០២​ពាន់​លាន​ដុល្លារ ហើយ​វា​​ជា​គម្រោង​វិនិយោគ BOT លើក​ដំបូង​គេ​បង្អស់​ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​កូរ៉េ​ខាង​​ត្បូង​នៅ​ប្រទេស​ឡាវ។ ការ​សិក្សា​លទ្ធភាព​នៃ​គម្រោង​ដដែល​នេះ បាន​បញ្ចប់​រួចរាល់​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០០៨។ ចំណែក​ការ​សាងសង់​បាន​ចាប់​ផ្ដើម​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១៣ ហើយ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​រំពឹង​នឹង​ចាប់​ផ្ដើម​នៅ​ឆ្នាំ​២០១៨ នេះ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kleykley.sabay