ក្រោយបាក់ទំនប់ ពេលនេះក្រុមហ៊ុនសង់ទំនប់​វារី​អគ្គិសនីនៅឡាវ កំពុងធ្លាក់ចុះភាគហ៊ុនជាគំហុកហើយ

ក្រុមហ៊ុន SK Engineering & Construction Co. ដែល​បានចូលរួមវិនិយោគគម្រោង​ទំនប់​វារី​អគ្គិសនី​ Xepian-Xe Nam Noy នៅ​ខេត្ត​អាត់តាពើ ប្រទេស​ឡាវ បាន​ជួប​វិបត្តិ​ការ​ធ្លាក់ចុះ​ភាគហ៊ុន​ ​ជិត ៣០% ហើយ នៅ​ទីផ្សារ​កូរ៉េខាងត្បូង។ នេះ​ជា​ការ​ធ្លាក់​ចុះ​យ៉ាងគំហុកលើកដំបូង​ តាំង​ពី​ការ​ចាប់ផ្ដើម​ជំនួញ​ភាគហ៊ុន​របស់ក្រុមហ៊ុននេះ ​តាំង​ពី​ខែ​សីហា ឆ្នាំ​២០១៤​មក។ នេះ​បើ​តាម​ទិន្នន័យ​របស់​វេបសាយ Bloomberg នៅ​ថ្ងៃ​ទី២៥​ ខែ​កក្កដា ឆ្នាំ​២០១៨។

Bloomberg បន្ត​ថា ភាគហ៊ុន របស់​ក្រុមហ៊ុន​ខាងលើ​បាន​ធ្លាក់​ចុះ ២៦% គិត​ត្រឹម​ម៉ោង​១១:៥៧​នាទី ព្រឹក​ថ្ងៃ​ទី២៥កក្កដា ឆ្នាំ​២០១៨ នៅ​ក្រុង​សេអ៊ូល។ ទន្ទឹម​នេះ ភាគហ៊ុន​ក្រុមហ៊ុន SK Holdings Co. ដែល​ជា​ក្រុមហ៊ុន​មេ​របស់ SK Engineering & Construction Co. បាន​ធ្លាក់​ចុះ​ជាង ៦% ផង​ដែរ នៅ​កូរ៉េ។

ទំនប់​វារីអគ្គិសនី Xepian-Xe Nam Noy បានបាក់​កាលពី​យប់​ថ្ងៃទី​ចន្ទ ទី​២៣ ខែកក្កដា​ ឆ្នាំ​២០១៨​។

គួរ​ជម្រាប​ថា ទំនប់​វារីអគ្គិសនី​​ដែល​ផ្ទុក​ទឹក​៥​ពាន់​លាន​​គូប​នេះ កំពុង​ត្រូវ​បាន​សាងសង់​ដោយ​ក្រុមហ៊ុន Xe-Pian Xe-Namnoy ហៅ​កាត់​ថា PNPC ។ គម្រោង​នេះ​ ត្រូវ​បង្កើត​ឡើង​នៅ​អំឡុង​ខែ​មីនា ឆ្នាំ​២០១២ ដោយ​ក្រុមហ៊ុន​៤​រួម​គ្នា​មក​ពី​ប្រទេស​ចំនួន​៣ ដូចជា ក្រុមហ៊ុន​កូរ៉េ SK Engineering and Construction (SK E&C) ក្រុមហ៊ុន​កូរ៉េ Korea Western Power (KOWEPO) ក្រុមហ៊ុន​ថៃ Ratchaburi Electricity និង​ក្រុមហ៊ុន​ឡាវ Lao Holding State Enterprise (LHSE)។ ក្រុមហ៊ុន SK E&C មាន​ភាគហ៊ុន​ចំនួន ២៤% ក្រុមហ៊ុន LHSE ភាគហ៊ុន ២៦% ឯ​ក្រុមហ៊ុន​កូរ៉េ​ចំនួន​២ មាន​ភាគហ៊ុន​ម្នាក់ ២៥%។

គម្រោង​វារីអគ្គិសនី Xepian-Xe Nam Noy មាន​តម្លៃ​ប្រមាណ ១,០២​ពាន់​លាន​ដុល្លារ ហើយ​វា​​ជា​គម្រោង​វិនិយោគ BOT លើក​ដំបូង​គេ​បង្អស់​ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​កូរ៉េ​ខាង​​ត្បូង​នៅ​ប្រទេស​ឡាវ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kleykley.sabay