​ញាក់សាច់!​​ ត្រឹមតែ២ម៉ោង ធ្វើឱ្យ Mark Zuckerberg ខាតលុយអស់ជាង ១៦ពាន់លានដុល្លារឯណោះ​

​តម្លៃ​ហ៊ុន​របស់​ Facebook បាន​ធ្លាក់​ចុះ​​អស់​ប្រមាណ​ ២០% ក្នុង​រយៈពេល​ត្រឹម​តែ​ ២ ម៉ោង ក្រោយ​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​​ត្រីមាស​ទី​ ២ ​របស់​ខ្លួន​បាន​ចេញ​ផ្សាយ។ ការ​ធ្លាក់​ចុះ​នេះ​ធ្វើ​ឲ្យ​តម្លៃ​លើ​​ទីផ្សារ​របស់​ Facebook ធ្លាក់​ចុះ​ប្រមាណ​ ១៥០ ពាន់​លាន​ដុល្លារ។​

ទន្ទឹម​នឹង​នេះ វា​ក៏​ធ្វើ​ឲ្យ​ទ្រព្យ​សម្បត្តិ​របស់​លោក​ Mark Zuckerberg ដែល​ជា​នាយក​ប្រតិបត្តិ​ធ្លាក់​ចុះ​អស់​ ១៦,៨ ពាន់​លាន​ដុល្លារ​​ផង​ដែរ។ ប្រសិន​បើ​តម្លៃ​ហ៊ុន​បន្ត​ធ្លាក់​ចុះ​បែប​នេះ​ លោក Mark នឹង​​បាត់​បង់​តំណែង​ជា​មហាសេដ្ឋី​មាន​ជាង​គេ​លំដាប់​ទី ៣ ធ្លាក់​មក​នៅ​លេខ​ ៦ វិញ ដោយមានទ្រព្យសម្បត្តិសរុប ៧០.៦ ពាន់លានដុល្លារអាមេរិក។

របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​​ត្រីមាស​ទី​ ២ របស់​ Facebook មាន​លទ្ធផល​មិន​សូវ​ជា​ល្អ​ដូច​អ្នក​ជំនាញ​បាន​រំពឹង​ទុក ទើប​បណ្ដាល​ឲ្យ​តម្លៃ​ហ៊ុន​មាន​ការ​ធ្លាក់​ចុះ​ភ្លាមៗ។ បន្ថែម​ពី​នេះ​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​របស់​ Facebook លោក​ David Wehner បាន​បង្ហាញ​ក្ដី​រំពឹង​ថា​ចំណូល​​​របស់​ Facebook អាច​នឹង​កើន​តិច​តូច​បំផុត​នៅ​ឆ្នាំ​បន្ទាប់។

កត្តា​ដែល​ធ្វើ​ឲ្យ​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​​ត្រីមាស​ទី​ ២ របស់​ Facebook មាន​លទ្ធផល​មិន​ល្អ ​រួម​មាន​​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​លុយ​ដុល្លារ, ការ​ផ្ដោត​លើ​មុខងារ​ Stories ដែល​ក្រុមហ៊ុន​នៅ​មិន​ទាន់​អាច​រក​ចំណូល​ពី​វា​បាន​នៅ​ឡើយ និង​ការ​​ផ្ដល់​សិទ្ធ​​ឲ្យ​អ្នក​ប្រើ​ប្រាស់​អាច​គ្រប់​គ្រង​ទិន្នន័យ​ផ្ទាល់​ខ្លួន​បាន​ធំ​ទូលាយ​ជាង​មុន។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក David Wehner៕​​​​​​

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay

error: Content is protected !!