ញាក់សាច់!​ សេដ្ឋីលេខ១នៅជប៉ុន ប្រើយុទ្ធសាស្រ្តសុំទិញ​ Apple ផ្តាច់មុខ ដោយមិនអស់លុយសូម្បីមួយសេន

ពេលដែលខ្ញុំកំពុងសសេរសៀវភៅ​”លក់អារម្មណ៍”​ខ្ញុំបានកំពុងប្រម៉ាញ់​រក​សហគ្រិន​ណាដែលពូកែចចារបំផុតនៅក្នុងជំនួញរបស់ពួកគេ។ ​ខ្ញុំបានរកឃើញសហគ្រិនម្នាក់គឺលោក​ Masayoshi Son ដែលលោកជាជនជាតិជប៉ុន​ដើមកំណើតកូរ៉េ។​​

កំពូលមហាសេដ្ឋីលេខ១នៅជប៉ុន Masayoshi Son

លោក Masa ​ជាមហាសេដ្ឋីមានជាងគេបំផុតនៅជប៉ុន ​ធ្លាប់មានប្រវត្តិពូកែណាស់នៅក្នុងការចចាររបស់គាត់​ដែលក្នុងនោះការ​ចចារ​សុំសិទ្ធិចែកចាយផ្តាច់មុខលក់ទូរស័ព្ទ​ I-phone ពីក្រុមហ៊ុន​​ Apple ជាការចចារដែលខ្ញុំគិតថា​អស្ចារ្យមែនទែន។

អ្វីដែលអស្ចារ្យនោះគឺ​លោក​មហាសេដ្ឋី​ដែលមានជាងគេបំផុត​នៅជប៉ុន​រូបនេះ​បាន​ទៅសុំសិទ្ធិលក់​ទូរស័ព្ទ​ I-phone តាំងពី​ក្រុមហ៊ុន Apple  មិនទាន់ផលិតទូរស័ព្ទមកម្លេះ​ហើយគាត់សុំបានសម្រេចដោយគាត់មិនបានចំណាយលុយអ្វីទ្បើយក្នុងការសុំសិទ្ធិផ្តាច់មុខនេះ​ពីស្ថាបនិក្រុមហ៊ុន​ Apple គឺលោក​ Steve Jobs។​

កំពូលមហាសេដ្ឋីលេខ១នៅជប៉ុន Masayoshi Son និងលោក Steve Jobs

លោក​បានរំលឹកថា​ កាលនោះ​លោកបានចាប់អារម្មណ៍នឹងក្រុមហ៊ុន Apple​​ដែលបានចេញលក់​ឧបករណ៍​ស្តាប់ចំរៀង I-pod ​ដែលកំពុងលក់ដាច់ខ្លាំង។​ គាត់បានគិត​ថា​ក្រុមហ៊ុន Apple ​នឹងចេញផលិត​ទូរស័ព្ទ​ជាមិនខានបន្ទាប់ពីឧបករណ៍ I-pod នេះ។ ​គាត់ក៏បានតេណាត់​ជួប​ជាមួយ Steve Jobs ​​ហើយ​គាត់បានជួប Steve Jobs ផ្ទាល់​ ដើម្បីចចារសំុសិទ្ធិនោះ។

ពេលទៅដល់ លោក Masayoshi Son​ដែលជាសហគ្រិនមើលពីអនាគតនៃបច្ចេកវិទ្យាបានធ្លុះ​បានបង្ហាញ​នូវរូបគំនូរព្រៀងមួយដែល​គាត់បានដាក់ឧបករណ៍​ I-pod ទៅក្នុងទូរស័ព្ទ​ដើម្បី Steve Jobs ឲ្យ​ឃើញ។​ពេលនោះ Steve Jobs ភ្លាម​បានឆ្លើយតបវិញថា​​ ខ្ញុំមានទូរស័ព្ទខ្លួនឯងដែល​ត្រូវផលិតហើយ​ Masa មិនបាច់បង្ហាញទូរស័ព្ទ​របស់ទេ Masa។ ភ្លាមនោះ​ Masa ក៏បានឆ្លើយតបទៅវិញ​ថា​បើមានហើយខ្ញុំសុំសិទ្ធិយកទូរស័ព្ទនោះ​មកលក់នៅជប៉ុនផ្តាច់មុខមក។

ទីស្នាក់កណ្តាលរបស់ក្រុមហ៊ុន Apple

ដោយប្រហែលជា​ដឹងថា​ក្រុមហ៊ុន SoftBank ​របស់ Masa ​ជាក្រុមហ៊ុនធំបំផុត​នៅជប៉ុន​ហើយ​ដោយដឹងថា​​Masa ជាសហគ្រិនដែលពូកែខាងវិនិយោគលើបច្ចេកវិទ្យា​​ផងនោះ Steve Jobs ក៏បានយល់ព្រម​ផ្តល់សិទ្ធិឲ្យទៅ​ដោយមិនទាមទារការបង់ថ្លៃយកសិទ្ធិផ្តាច់មុខអ្វីនោះទេ។​​ តែយ៉ាងណា​ក្រោយមកទៀត​ដូចការសន្យា​របស់ Masa ​​ក្រុមហ៊ុន​ SoftBank ក៏បានចំណាយលុយ​២០ពាន់លានដុល្លារ​នាំ Vodafone ​ដែលជាក្រុមហ៊ុន​សេវាកម្មទូរស័ព្ទធំបំផុតមួយរបស់ពិភពលោក​ចូលក្នុងទីផ្សាររបស់ជប៉ុនផងដែរ។

ក្រុមហ៊ុន SoftBank ​របស់ Masa

​ជាចុងក្រោយទៅ​​ ការចចារយកទូរស័ព្ទ​ I-phone បូកជាមួយ​បណ្តាញទូរស័ព្ទ​របស់ក្រុមហ៊ុន Vodafone ​បានធ្វើឲ្យក្រុមហ៊ុន SoftBank ​របស់លោកមហាសេដ្ឋី​ Masayoshi Son ក្លាយជាអ្នកដឹកនាំទីផ្សារទូរស័ព្ទចល័តធំជាងគេបំផុត​មួយ​នៅជប៉ុន។

តើអ្វីដែលយើងអាចរៀនចេញពីការចចារដ៏មានទេពកោសល្យមួយនេះ?

  • បង្កើតទំនុកចិត្ត​ដល់ដៃគូមុនអ្នកចាប់ផ្តើមចចារ
  • ហ៊ានសន្យាដើម្បីបង្កើតប្រយោជន៍ដល់ដៃគូចចារ

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia