Mark បង្កើត Facebook បាន ដោយសារមានស្ត្រីតែម្នាក់គត់​ ដែលតស៊ូ និងផ្តល់កំលាំងចិត្តចំពោះរូបលោក

លោកស្រីវេជ្ជបណ្ឌិត Priscilla Chan ភរិយារបស់មហាសេដ្ឋីវ័យក្មេង Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Facebook ដែលជាប្រព័ន្ធ​ផ្សព្វផ្សាយដ៏ពេញនិយម និងធំជាងគេនៅលើពិភពលោក។ លោកស្រីគឺជាមនុស្សស្រីតែម្នាក់គត់ដែលជឿជាក់លើក្តីស្រមៃ និងឆន្ទៈរបស់លោក Mark Zuckerberg និងបានជួយជ្រំជ្រែងលោកតាំងពី Facebook មិនទាន់មានរូបរាងច្បាស់លាស់នៅឡើយ។

Priscilla Chan គឺជាជនជាតិចិនកាត់វៀតណាម និងជាអតីតសិស្សដែលរៀនពូកែម្នាក់ រហូតមានសមត្ថភាពអាចបន្តការសិក្សារបស់ខ្លួននៅឯសាលា Harvard ដែលជាសាលាដ៏ល្បីល្បាញលំដាប់ពិភពលោក ហើយខណៈពេលដែលលោកស្រីនៅជានិស្សិតកំពុងបន្តការសិក្សាក្នុងសាលានេះ លោកស្រី​បានជួបជាមួយនឹងលោក Mark Zuckerberg នៅក្នុងពេលដើរស្របគ្នាទៅកាន់បន្ទប់ទឹកក្នុងកម្មវិធីមួយ ក្នុងឆ្នាំ ២០០៣។

ក្រោយការជួបគ្នាជាលើកដំបូងនេះ អ្នកទាំងពីរក៏ចាប់ផ្តើមទាក់ទងគ្នា ហើយការជួបគ្នាជាលើកទីពីរ Mark Zuckerberg បានប្រាប់ទៅ Priscilla Chan ថា៖ រូបគេអាចនឹងត្រូវគេបណ្តេញចេញពីសាលា។ ក្នុងពេលជាមួយគ្នានោះ Priscilla Chan បានគិតថា Mark ប្រហែលជាមនុស្សដែលខ្ចិលច្រអូស​ក្នុងការងារសាលាហើយមើលទៅ ប៉ុន្តែក្រោយពីស្តាប់ការពន្យល់ពីមូលហេតុរបស់ Mark រូបនាងក៏ចាប់ផ្តើមផ្លាស់ប្តូរការគិតរបស់ខ្លួនចំពោះ Mark។

រហូតដល់ពេលមួយដែល Mark ប្រាប់នាងថា រូបគេសម្រេចចិត្តឈប់រៀន ដើម្បីដើរតាមក្តីស្រមៃដែលខ្លួនចង់ធ្វើ នាងបានលើកទឹកចិត្តដល់ Mark និងចូលរួមជួយ Mark គ្រប់កិច្ចការងារណាដែលនាងអាចធ្វើបាន ខណៈពេលដែលមិត្តភក្តិផ្សេងទៀតរបស់ Mark មិនបានផ្តល់ការជឿជាក់ដល់រូបគេឡើយ ពិសេសគឺនៅឆ្នាំ ២០០៥ ក្រោយពេលដែលក្រុមហ៊ុនចាប់ផ្តើមចេញជារូបរាងហើយ ប៉ុន្តែមនុស្សគ្រប់គ្នាចាប់ផ្តើមអស់ជំនឿលើ Mark និងបានចាក់ចេញពី Mark លើកលែងតែ​ Priscilla Chan។

ដោយសារតែ Priscilla Chan ជាមនុស្សស្រីតែម្នាក់ដែលតែងតែលើកទឹកចិត្ត ជឿជាក់ និងតែងជួយជ្រំជ្រែង Mark Zuckerberg គ្រប់ពេលវេលា ទើបធ្វើឲ្យលោក Mark ទន់ចិត្តសម្រេចចិត្តជ្រើសរើសយកនាងជាដៃគូរជីវិត ដោយអ្នកទាំងពីរបានរៀបការជាមួយគ្នានៅក្នុងឆ្នាំ ២០១២ ខណៈដែលភ្ញៀវដែល​បានអញ្ជើញឲ្យចូលរួមមានមិនដល់ ១០០នាក់ផង បើទោះបីជាពេលនោះស្ថាបនិកវ័យក្មេងរូបនេះមានទ្រព្យជាង ១៩ពាន់លានដុល្លារអាមេរិកក៏ដោយ។

ក្នុងពិធីរៀបការនេះ ពួកគេបានប្រារព្វធ្វើយ៉ាងសាមញ្ញបំផុត ដោយរៀបចំឡើងនៅក្នុងភោជនីយដ្ឋានអាហារជប៉ុន និងម៉ិចស៊ិក ដែលពួកគេទាំងពីរចូលចិត្តទៅ​ញ៉ាំខ្លាំងបំផុត។ អាហារចំណាយត្រឹមតែ ៧.៥០ដុល្លារប៉ុណ្ណោះក្នុងមួយនាក់ និងមានបង្អែមដែលមានតម្លៃត្រឹមតែ ៣ដុល្លារអាមេរិកប៉ុណ្ណោះសម្រាប់ម្នាក់ៗ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia

error: Content is protected !!