Hassanal Bolkiah ជាកំពូលស្តេចប្រេងកាតដែលចាយខ្ជះខ្ជាយលុយច្រើនជាងគេបំផុតក្នុងលោក

ស្តេចប្រេងកាតប្រទេសប៊ុ្រយណេ Hassanal Bolkiah ត្រូវបានគេស្គាល់ថាជាស្តេចក្រាញ់ជំនាន់ទី២៩នៅប៊្រុយណេដែលក្តោបក្តាប់អំណាចជាង៤ទស្សវត្សរិ៍មកហើយ ដោយកាន់កាប់តួនាទីជាព្រះប្រមុខរដ្ឋ ជានាយករដ្ឋមន្ត្រី ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ និងជារដ្ឋមន្ត្រីការពារជាតិថែមទៀតផង។

ស្តេចដែលមានអាយុជាង៧០ឆ្នាំរូបនេះ មានសំណាងកើតនៅលើដីដ៏តូចដែលប្រជាជនប្រមាណតែជាង៤០ម៉ឺនប៉ុណ្ណោះ ប៉ុន្តែទឹកដីដ៏តូចនេះពោរពេញទៅដោយប្រេងកាត និងឧស្ម័នធម្មជាតិដែលជួយរុញច្រានឲ្យសេដ្ឋកិច្ចប្រទេសប៊ុ្រយណេរីកចម្រើនដោយមិនបាច់ខំប្រឹង ប្រជាជនរស់នៅយ៉ាងសុខស្រួល ខណៈចំណូលជាតិជាង៩០ភាគរយ បានពីធនធានធម្មជាតិដ៏អស្ចារ្យទាំងនេះ។

ប្រជាជនប៊្រុយណេរាប់ចាប់តាំងពីទទួលបានឯករាជ្យនៅអំឡុងឆ្នាំ១៩៨៤ ពីអង់គ្លេសមក មិនដែលស្គាល់អ្វីដែលហៅថាការបោះឆ្នោតប្រជាធិបតេយ្យនោះទេ ដោយសារតែប្រជាជនប្រទេសនេះរស់នៅយ៉ាងសុខស្រួល ប្រជាជនរកស៊ីមិនបាច់បង់ពន្ធ ប្រើប្រាស់ឥណទានមិនចាំបាច់មានការប្រាក់សម្រាប់ទិញឡានជិះ ចាក់សាំងដែលមានតម្លៃថោកបំផុត ទទួលការព្យាបាល រៀនសូត្រ និងសេវារដ្ឋបាលផ្សេងទៀតដោយមិនគិតថ្លៃ។ ពិសេសប្រាក់ចំណូលប្រចាំឆ្នាំរបស់ប្រជាជនប៊្រុយណេក្នុងមួយឆ្នាំគិតជាមធ្យមប្រមាណជាង៣ម៉ឺនដុល្លារអាមេរិកក្នុងមួយនាក់។

រាជ្យវាំងស្តេចដែលមានប្រពន្ធដល់ទៅ៣ និងមានកូនរហូតដល់ទៅ១២នាក់រូបនេះ គឺជាវាំងដែលធំជាងគេបំផុតក្នុងលោក មានជិត២ពាន់បន្ទប់ និងមានរថយន្តផ្ទាល់ខ្លួនរហូតដល់ទៅជាង៧,០០០គ្រឿង គិតជាទឹកប្រាក់ប្រមាណ៥ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះរថយន្ត Ferraris មានជាង៣០០គ្រឿង រថយន្តRolls Royce ៦០គ្រឿង រថយន្តMcLaren F1s មាន១១គ្រឿង រថយន្តDauer Porsche មាន៦ គ្រឿង និងរថយន្តដែលមានតម្លៃថ្លៃជាច្រើនប្រភេទទៀត ពិសេសរថយន្តសម្រាប់ការធ្វើដំណើរផ្លូវការរបស់ទ្រង់ជារថយន្ត Rolls Royce រចនាដោយមាសសុទ្ធមានតម្លៃជាង១៤លានដុល្លារអាមេរិក។

Rolls Royce ស្រោប​មាស​ដែល​មាន​តម្លៃ ១៤ លាន​ដុល្លារ របស់ព្រះអង្គ Sultan Hassanal Bolkiah

ក្រៅពីមានទម្លាប់ជះលុយចោលលើរថយន្ត ស្តេចប្រេងកាតរូបនេះ ក៏មានទម្លាប់ជះលុយចោលលើយន្តហោះផ្ទាល់ខ្លួនដែលតម្លៃថ្លៃជាងគេលើលោកជាច្រើនគ្រឿង។ បន្ថែមនេះ ការចំណាយខ្ជះខ្ជាយផ្សេងទៀតរួមមាន ការធ្វើខួបកំណើតនៅអាយុ៥០ឆ្នាំ អញ្ជើញស្តេចចម្រៀង Michael Jackson មកសម្តែង៣បទ មានតម្លៃរហូតដល់ទៅ១៧លានដុល្លារអាមេរិក និងស្តេចចម្រៀងបរទេសផ្សេងៗទៀតក្នុងកម្មវិធីផ្សេងៗ។ កាត់សក់មួយខែម្តង ម្តងតម្លៃជាង២ម៉ឺនដុល្លារអាមេរិក រឿងដែលរឹតតែហួសចិត្ត គឺសូម្បីតែបន្ទប់ទឹក ចានបង្គន់ក៏ធ្វើពីមាស២៤គីឡូដែរ។

ប្អូនប្រុសរបស់ព្រះអង្គក៏ចាយលុយឥតប្រយោជន៍មិនធម្មតាដែល ដោយមួយថ្ងៃចំណាយយ៉ាងតិចជាង៧០ម៉ឺនដុល្លារអាមេរិក ចំណាយបែបនេះជារៀងរាល់ថ្ងៃរយៈពេល១០ឆ្នាំ និងកូនប្រុសច្បងរបស់ទ្រង់ដែលគេជឿជាក់ថាមានលុយជាងទ្រង់ទៅទៀត ស្ថិតក្នុងតារាងសេដ្ឋីទ្រីលាន។

ស្តេចប្រេងកាតប៊ុ្រយណេ Hassanal Bolkiah ត្រូវបានគេជឿជាក់ថា មានចំណូលប្រមាណ១០០ដុល្លារមួយវិនាទីពីការវិនិយោគ និងក្តោបក្តាប់មុខជំនួញសំខាន់ៗផ្សេងៗ ហើយទ្រង់ក៏ធ្លាប់ត្រូវបានគេចុះផ្សាយថាមានទ្រព្យច្រើនជាង Bill Gates ទៅទៀតកាលពីឆ្នាំ៩០ជាង។

បច្ចុប្បន្ន ស្តេចប៊ុ្រយណេ រូបនេះមានទ្រព្យសរុបប្រមាណជាង២០ពាន់លានដុល្លារអាមេរិក៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia

error: Content is protected !!